ការតាំងសមាធិមិនត្រឹមជួយដល់សុខភាពរាងកាយ ថែមទាំងជាគន្លឹះនៃសុខាមាលភាពផ្លូវចិត្ត។ នៅពេលថ្មីៗនេះការសិក្សាថ្មីមួយបានបង្ហាញឲ្យដឹងថា ការតាំងសមាធិ បានជំរុញដល់សមត្ថភាពនៃការរៀនទៀតផង។

ការស្រាវជ្រាវពីសាកលវិទ្យាល័យ Surrey នៅចក្រភពអង់គ្លេសបានចាប់យកការតាំងសមាធិមួយប្រភេទមកសិក្សា ដែលទាមទារឲ្យផ្តោតអារម្មណ៍បច្ចុប្បន្ន និងមើលលទ្ធផលថាមានឥទ្ធិពលអ្វីចំពោះការរៀននៃអ្នកតាំងសមាធិឬទេ។

ការតាំងសមាធិប្រភេទនេះ ទាមទារឲ្យអ្នកអនុវត្តបំភ្លេចកិច្ចការ ឬបញ្ហាក្នុងចិត្តឲ្យអស់ ហើយផ្តោតអារម្មណ៍លើការដកដង្ហើមចេញនិងចូលយឺតៗមួយៗ និងផ្តោតលើវត្ថុដែលខ្លួនគេកំពុងប៉ះ ដូចជា ជើងប៉ះជាមួយនឹងឥដ្ឋ ឬ ក៏សីតុណ្ហភាពក្នុងទីកន្លែងដែលសមាធិជាដើម។

សាស្ត្រាចារ Bertram Opitz ដែលទទួលបាន Ph.D ពីសាកលវិទ្យាល័យ Surrey  បានឲ្យដឹងថា "ការអនុវត្តបែបនេះជាប្រចាំជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ  ជួយដល់សុខភាពផ្លូវចិត្ត  និងកាត់បន្ថយបញ្ហាស្ត្រេសយ៉ាងមានប្រសិទ្ធភាព"។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺការអនុវត្តតាំងសមាធិបែបនេះបានជួយជំរុញសមត្ថភាពខួរក្បាលក្នុងការរៀនតាមរយៈតំណត្រឡប់វិជ្ជមាន ដែលបានន័យថា ខួរក្បាល យើងអាចចាប់បានលឿនជាងមុន តាមរយៈការឆ្លងកាត់បទពិសោធន៍ពីមុនៗមក។

ការតាំងសមាធិផ្តើតទៅលើដង្ហើម

គេបានសិក្សាលើសំណាកចំនួន ៣៥នាក់ ក្នុងនោះ ២៣នាក់ជាអ្នកអនុវត្តការតាំងសមាធិជាប្រចាំ និង ១២នាក់ទៀតពុំដែលសោះ ឬ ម្តងម្កាល។

គេបានតេស្តសមត្ថភាពដោយជ្រើសរើសរូបភាពដែលរៀបចំទុករួចជាស្រេច ដែលក្នុងចំណោមរូបភាពទាំងនោះមានមួយត្រឹមត្រូវ។ លទ្ធផលបង្ហាញថា ក្រុមសំណាកដែលធ្វើសមាធិជាប្រចាំមានភាគរយខ្ពស់ជ្រើសរើសរូបភាពដែលត្រឹមត្រូវជាងក្រុមដែលពុំបានអនុវត្តការតាំងសមាធិ។

សាស្ត្រាចារ្យ Bertram Opitz បានឲ្យដឹងទៀតថា "មូលហេតុមួយនៃលទ្ធផលនេះ អាចបណ្តាលមកពីអង់ភ្លុចប្រសាទនៃប្រព័ន្ធប្រសាទ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំព័ត៌មានពីកោសិកាណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត។ ជាក់ស្តែងអ្នកតាំងសមាធិមានបរិមាណសារធាតុDopamineខ្ពស់ ដែលជាអាំងភ្លុចប្រសាទដ៏សំខាន់ ក្នុងការគ្រប់គ្រងអារម្មណ៍ ការចងចាំរយៈពេលខ្លី ការរៀនសូត្រ និងចលនានៃរាងកាយទៀតផង"។

ដូច្នេះការតាំងសមាធិយ៉ាងហោចណាស់ ៣ ទៅ៤ដងក្នុងមួយសប្តាហ៍ មិនត្រឹមដើម្បីសុខភាពនៃរាងកាយទេ  តែដើម្បីថែទាំនិងពង្រឹងសុខភាពផ្លូវចិត្តផងដែរ៕

ការតាំងសមាធិផ្តើតទៅលើដង្ហើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]