ផ្លែម្ទេស អាច​ចាត់ទុកបានជារុក្ខជាតិដ៏មានប្រយោជន៍ខ្លាំង មិនត្រឹមសម្រាប់ការហូប តែក៏សម្រាប់សុខភាពផងដែរ។ គេនិយមប្រើប្រាស់ម្ទេសធ្វើជាអំបិលម្ទេសសម្រាប់ គ្រឿងម្ជូរយ៉ាងឆ្ងាញ់។  ក្រៅពីនេះគេក៏អាចប្រើប្រាស់ម្ទេសសម្រាប់ធ្វើម្ហូបជាមួយលម្ល ឬ ឆា ផ្សេងៗ ដែលអាចបង្កើនរសជាតិម្ហូបមួយកម្រិតទៀត។  

យ៉ាងណាមិញផ្លែម្ទេសក៏ជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមយ៉ាងច្រើនប្រភេទ រាប់តាំងពី វីតាមីន សារធាតុសរសៃ សារធាតុរ៉ែ និងសារធាតុប្រឆាំងជាតិពុលទៀតផង។

ខាងក្រោមជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីការបរិភោគម្ទេស៖

១.  ប្រភពនៃវីតាមីនC

វីតាមីនC មានភាពសកម្មយ៉ាងខ្លាំងជួយបំពេញតួនាទីនៃកោសិកាឈាមសក្នុងការប្រឆាំងនឹងមេរោគទាំងឡាយ។ ជាក់ស្តែងវាជាសារធាតុចិញ្ចឹមដែលមានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងជំងឺផ្តាសាយ។

រូបតំណាង

២.  ប្រភពនៃវីតាមីនA

វីតាមីនA ត្រូវបានគេរកឃើញថា ជួយរក្សាសុខភាពប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបង្ហូរនោម និងជាពិសេសសរីរាង្គភ្នែក។ វីតាមីនA  ជាវីតាមីនដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រឆាំងនឹងការបង្កនៃជំងឺភ្នែកជាពិសេស។

រូបតំណាង

៣.  ប្រភពនៃសារធាតុប្រឆាំងរ៉ាឌីកាល់សេរី

សារធាតុពិសេសមួយចំនួនទទួលបានពីផ្លែម្ទេស ត្រូវបានគេសិក្សាឃើញថា វាអាចកំចាត់ និងបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកបាន នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់សហព័ន្ធស្រាវជ្រាវជំងឺមហារីកនៃសហរដ្ឋអាមេរិក។ ជាពិសេស អំពើប្រឆាំងទៅលើកោសិកាមហារីកនៃសុដន់ ដែលគេរកឃើញថាកោសិកាមហារីកឈប់លូតលាស់និងរួមតូច។

រូបតំណាង

៤ . សំបូរសារធាតុប៉ូតាស្យូម

អ្នកដឹងទេ ផ្លែម្ទេសសំបូរសារធាតុប៉ូតាស្យូមដែលជាសារធាតុរ៉ែដ៏សំខាន់បំផុត សម្រាប់ទម្លាក់សម្ពាធឈាមឲ្យមកនៅកម្រិតមួយធម្មតា។ ហេតុនេះហើយ សារធាតុប៉ូតាស្យូមអាចជួយសម្រួលដល់ចលនានៃសរសៃឈាម និងបង្កើនលំហូរនៃចរន្តឈាម ដែលសុទ្ធសឹងជាកត្តាយ៉ាងសំខាន់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាច្រើនមុខ។

រូបតំណាង

៥.  ប្រភពនៃសារធាតុដែក

ដំណើរការចាប់យកអុកស៊ីសែននៃកោសិកាគ្រាប់ឈាមក្រហមក្នុងចរន្តឈាមយើង អាចប្រព្រឹត្តទៅធម្មតាបានលុះត្រាមានវត្តមាននៃសារធាតុដែកនៅជាប់នឹងកោសិកាគ្រាប់ឈាម។

កង្វះនៃសារធាតុដែកអាចបណ្តាលឲ្យយើងមាននៅអាការស្លេកស្លាំង ចេះតែហត់អស់កម្លាំង និងងាយឈឺក្បាលវិលមុខ។ នេះក៏ដោយសារកោសិកាយើងត្រូវការអុកស៊ីសែនរាល់វិនាទីដើម្បីទទួលបានដំណើរការដ៏ប្រសើរ។

ដូច្នេះការរួមបញ្ចូលផ្លែម្ទេសក្នុងរបបអាហារប្រចាំថ្ងៃដូចជា សម្ល  និងឆា  ឬ ញ៊ាំជាមួយអំបិលជ្រលក់គ្រឿងម្ជូរជាដើម នឹងជួយផ្តល់បន្ថែមសារធាតុដែកដ៏សំខាន់មួយនេះសម្រាប់កោសិកាឈាមក្រហម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]