រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មន្ត្រី​រាជរដ្ឋាភិបាល​បាន​អះអាង​កន្លង​មក​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ចុងឆ្នាំ​នេះ​ក្តី ប៉ុន្តែ​គិត​មក​ដល់​ជិត​ពាក់កណ្ដាល​ខែធ្នូ​ទៅ​ហើយ ពុំ​ទាន់​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​លម្អិត​ថា​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ណា និង​ពី​ចំណុច​ណា​ឲ្យ​ប្រាកដ​នៅឡើយ ខណៈ​គម្រោង​ដ៏​ធំ និង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជាមួយ​នេះ​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​សាធារណជន ។

ទោះបី​យ៉ាងណា មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​សា​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ម្សិលមិញ​ថា គម្រោង​នេះ​មិន​ប្រែប្រួល​ទេ នឹង​បើក​ការដ្ឋាន​សាងសង់​ឆាប់​ៗ ដោយពេល​នេះ​ក្រុមហ៊ុន​សាងសង់​បាន​ចំណាយ​ប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ​ហើយ​ក្នុង​ការ​ទិញ​សម្ភារ គ្រឿងចក្រ​សម្រាប់​បម្រើ​ឲ្យ​ការ​ស្ថាបនា។

ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ថែរក្សា​ផ្លូវ «Road Care Mobile App» នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃ​ទី ១៣ ធ្នូ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា ការ​បើក​ការដ្ឋាន​សាង​សាង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ។

លោក​ថ្លែង​ថា ៖« គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ក្រុមហ៊ុន​ចិន បាន​ចំណាយ​ប្រាក់​ទិញ​សម្ភារ គ្រឿងចក្រ​គ្រប់​ប្រភេទ​អស់​ប្រហែល​១០០​លាន​ដុល្លារ​សម្រាប់​យក​មក​សាងសង់ ហើយ​ក្រុមហ៊ុន​រង់ចាំ​ការ​ឯកភាព​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ ថា​មួយ​ណា​ត្រូវ​លើកលែង​ពន្ធ និង​មួយ​ណា​ត្រូវ​យកពន្ធ » ។

បន្ថែម​លើ​នេះ លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ៖« យើង​រង់ចាំ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ តែ​សង្ឃឹមថានឹង​បើក​ការដ្ឋាន​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ ព្រោះ​យើង​រក​ទីតាំង​បើក​ការដ្ឋាន​សាងសង់​បណ្ដោះអាសន្ន​បាន​ហើយ »​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ គ្រោង​សាងសង់​មាន​៤​គន្លង​, ទទឹង​ផ្លូវ​ប្រវែង​២៤​ម៉ែត្រ ក្រាល​ដោយ​កៅស៊ូ​AC, មាន​សូន​ច្បារ​ខណ្ឌ​កណ្តាល និង​មាន​របង​សងខាង ។ តាម​បណ្ដោយ​ផ្លូវ មាន​ស្ពាន​វែង​និង​មធ្យម​ចំនួន​៥៦​កន្លែង​, ស្ពាន​ខ្លី​៣៣​កន្លែង​, ស្ពាន​រំលង​ឬ​ផ្លោះ​ផ្លូវ​៣២១​កន្លែង និង​មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ ដោយ​ប្រើ​ពេល​សាងសង់​រយៈពេល​ប្រមាណ​៤​ឆ្នាំ ។

តាម​គម្រោង ផ្លូវ​នេះ ចេញពី​រាជធានី​ភ្នំពេញ​ទៅ គឺ​ស្ថិត​នៅ​ផ្នែក​ខាងស្តាំ​ផ្លូវជាតិ​លេខ​៤​ប្រមាណ​៣០​គីឡូម៉ែត្រ ទើប​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​រហូត​ដល់​ស្រុក​ព្រៃ​នប់ ទើប​ងាក​មក​ខាងស្តាំ​ដៃ​រហូត​ដល់​ក្រុងព្រះសីហនុ​តែ​ម្ដង ។

លោក វ៉ា​ស៊ឹ​ម សុ​រិ​យ៉ា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា ៖« គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ បើ​ចង់​លម្អិត​ទាល់តែ​អ្នកបច្ចេកទេស ប៉ុន្តែ​បើ​តាម​ព័ត៌មាន​បឋម​ដែល​ខ្ញុំ​ទទួល​បាន គឺ​យើង​អាច​ចាប់ផ្តើម​ពី​ចំណុច​ទំនប់​កប់​ស្រូវ​ទៅ ម្តុំ​តំបន់​ចោម​ចៅ ។ និយាយ​រួម គឺ​ចាប់ផ្តើម​ពី​ផ្លូវ​ទំនប់​កប់​ស្រូវ​ទៅ (​ផ្លូវ​បេតុង​របស់​សាលា​រាជធានី​ភ្នំពេញ​) »​។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ បាន​ថ្លែង​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយ​ហើយ ។ ទោះ​យ៉ាងនេះ​ក្ដី លោក​ស្នើ​សុំ​ឱ្យ​មានការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​នៃ​ការ​ដឹក​ជញ្ជូន ។

លោក​ថ្លែង​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]