បរទេស៖ នារីដ៏ស្រស់ស្អាតម្នាក់មិនត្រឹមតែរកមិត្តប្រុសតាម Tinder (App-កម្មវិធីរកដៃគូស្នេហា) ប៉ុណ្ណោះទេ ថែមទាំងរកបានមនុស្សជួយសង្រ្គោះជីវិតនាងផងដែរ។

កាលពី២ឆ្នាំមុន កញ្ញា Cheyenne Han Lee អាយុ ២២ ឆ្នាំ បានលេងបណ្តាញសង្គម Tinder រកឃើញវីរបុរសជិះសេះសឈ្មោះ Gavin Geragawa រហូតធ្លាក់ក្នុងអន្លង់ស្នេហ៍ និងមានការណាត់ជួបគ្នាជាហូរហែ។

ប៉ុន្មានខែក្រោយមក កញ្ញា Cheyenne ក៏ធ្លាក់ខ្លួនឈឺជាទម្ងន់។ ថ្ងៃមួយ ខណៈពេលពួកគេកំពុងតែញុំាអាហារពេលល្ងាចជាមួយគ្នា ស្រាប់តែកញ្ញាក៏ដួលសន្លប់។ ភ្លាមៗនោះកញ្ញាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។ ក្រោយពេលពិនិត្យរួច គ្រូពេទ្យបានរកឃើញថា កញ្ញាមានបញ្ហាក្រលៀន ហើយតម្រូវឱ្យកញ្ញាផ្លាស់ប្តូរក្រលៀនជាបន្ទាន់ បើពុំដូច្នេះទេ កញ្ញាប្រាកដជាស្លាប់ជាក់ជាមិនខាន។

លោក Gavin និងកញ្ញា Cheyenne

កញ្ញាបាននិយាយថា៖ «នៅពេលខ្ញុំលេង Tinder ខ្ញុំមិនដឹងថាខ្ញុំមានជំងឺទេ។ ក្រោយមកខ្ញុំក៏ដួលសន្លប់ គ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំត្រូវតែផ្លាស់ប្តូរក្រលៀនទើបខ្ញុំអាចបន្តជីវិតបានទៀត។»

រំពេចនោះ មិត្តប្រុសរបស់កញ្ញាមិនមានការស្ទាក់ស្ទើរអ្វីនោះទេ លោកក៏ពិនិត្យក្រលៀនរបស់លោក ក្រោយមកគ្រូពេទ្យបានបញ្ជាក់ថា ក្រលៀនរបស់ពួកគេទាំងពីរត្រូវគ្នា ដូច្នេះលោកក៏សម្រេចចិត្តបរិច្ចាគក្រលៀនមួយចំហៀងដើម្បីជួយសង្រ្គោះមិត្តស្រីលោកតែម្តង។

កញ្ញា Cheyenne បានរៀបរាប់ថា៖ «ខ្ញុំពិតជាឈឺខ្លាំងណាស់ ពួកយើងមិនបាននិយាយរឿងផ្លាស់ប្តូរក្រលៀនទេ។ ខ្ញុំគិតថា ខ្ញុំប្រាកដជាស្លាប់ហើយ ខ្ញុំមិនដែលគិតថា មិត្តប្រុសខ្ញុំ Gavin គាត់ហ៊ានបរិច្ចាគក្រលៀនគាត់ដើម្បីជួយសង្រ្គោះជីវិតខ្ញុំនោះទេ។ ខ្ញុំពិតជាមិនជឿពិតមែន។»

យ៉ាងណាមិញ ការផ្លាស់ប្តូរក្រលៀនរបស់ពួកគេទទួលបានជោគជ័យ ហើយឥឡូវនេះពួកគេបានជាសះស្បើយ និងមានសុខភាពល្អ។ 

លោក Gavin និងកញ្ញា Cheyenne

បន្ថែមពីនេះទៀត លោក Gavin បាននិយាយថា៖ «នៅពេលគេសួរខ្ញុំ ហេតុអ្វីខ្ញុំធ្វើបែបនេះ ខ្ញុំប្រាប់ពួកគេថាហេតុអ្វីក៏មិនជួយ? ខ្ញុំគិតថាខ្ញុំគ្មានអ្វីពិសេសទេ បើអ្នកផ្សេងជាខ្ញុំ ពួកគេក៏ធ្វើបែបនេះដែរ។ ខ្ញុំគ្មានការសោកស្តាយនូវការសម្រេចចិត្តនេះទេ បើទោះបីជាថ្ងៃក្រោយពួកយើងអាចបែកគ្នាក៏ដោយ។ វាមិនមែនជារឿងស្នេហាទាំងស្រុងទេ តែវាគឺជាការផ្តល់ឱ្យនាងនូវជីវិតដ៏ល្អ រស់នៅដោយសប្បាយចិត្ត និងមានសុខភាពល្អ៕»

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]