រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់ បើករថយន្ត​មួយ​គ្រឿង​ទាំង​ស្រវឹងស្រា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​វៀច​អស់​មួយ​កង់ កាលពី​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​និង​ផ្លូវ​លេខ​២៥៣ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​នារី​រូប​ស្រស់​សោភា​ម្នាក់​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AC-2376 បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។

លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​នេះ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​វៀច​អស់​មួយ​កង់ ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ទៅ​មុខ​លែង​រួច ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​។

ប្រភព​ដដែល​បន្ត​ថា មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ម៉ែរ​សឺរ​ដេ​ស ពណ៌​ស គ្មាន​ស្លាក​លេខ បាន​បើក​មក​ដឹក​នារី​ជា​អ្នក​បើករថយន្ត​បង្ក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​បង្ក​ដែល​រង​ការ​ខូចខាត​នៅ​នឹង​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]