រាជធានីភ្នំពេញ ៖ ព័ត៌មានចុងក្រោយទទួលបាននៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៣ ធ្នូ (ជាថ្ងៃដដែល) លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃ.ស ។ ចំពោះបទចោទបែបណានោះ ក្រុមមន្ត្រីមិនទាន់ឲ្យដឹងនៅឡើយទេ ខណៈមានការនាំខ្លួនចេញពីសាលាដំបូងឆ្ពោះទៅកាន់ពន្ធនាគារ ។
គួរបញ្ជាក់ថា រឿងរ៉ាវដែលធ្វើឱ្យមានការតាមដានជាង១សប្តាហ៍មកហើយ ជុំវិញអាជ្ញាធរថៃចាប់ខ្លួនលោក រ៉ាត់ រត្នមុនី នៅក្រុងបាងកក តាមសំណើរបស់កម្ពុជានោះ ពេលនេះ បាននាំខ្លួនមកដល់កម្ពុជាហើយនារសៀលថ្ងៃទី១៣ ខែធ្នូ ដោយបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញតែម្តង ដែលជាការអនុវត្តតាមដីកានាំខ្លួន ដោយកងកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ។
ជាមួយនឹងសំណុំរឿងចាប់ខ្លួននេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃដដែលនោះ ក៏មានការបង្ហោះខ្សែវីដេអូមួយ ដែលជាហេតុឈានដល់ការចាប់ខ្លួនលោក រ៉ាត់ រត្នមុនីដែរ។ វីដេអូឯកសារនោះ មានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» ជាការចាក់ផ្សាយរបស់ស្ថានីយទូរទស្សន៍រុស្ស៊ី RT ដែលវីដេអូឯកសារនេះត្រូវបានមន្ត្រីរាជរដ្ឋាភិបាលចាត់ទុកថា បានប្រឌិតរឿងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា ។
តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បាននាំខ្លួនលោក រ៉ាត់ រត្នមុនី ប្រធានសហជីពកម្មករសំណង់ដែលមានមូលដ្ឋាននៅប្រទេសថៃ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងសំណុំរឿងផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក រ៉ាត់ រត្នមុនី អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំវត្តអង្គតាមិុញខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិឆាយរំពាត់ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ។
លោក រ៉ាត់ រត្នមុនី ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការចាប់ខ្លួននៅប្រទេសថៃ និងនាំមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី១២ ខែធ្នូ និងបន្តនាំមកកាន់រាជធានីភ្នំពេញនាវេលាម៉ោង១២យប់ ។
លុះព្រឹកថ្ងៃទី១៣ ខែធ្នូ កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានប្រគល់ជនសង្ស័យឲ្យទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដែលជាម្ចាស់ករណីដើម្បីបន្តនីតិវិធី ហើយនៅរសៀលថ្ងៃដដែល កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បាននាំខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ពោលគឺជនជាប់ចោទត្រូវបានដឹកតាមរថយន្ត១គ្រឿង បើកចូលដល់ក្នុងបរិវេណសាលាដំបូង តែម្តង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតថតរូប ឡើយ ។ នៅពេលចូលដល់សាលាដំបូងហើយ លោក រ៉ាត់ រត្នមុនី ត្រូវបានសមត្ថកិច្ចនាំខ្លួនយ៉ាងលឿនទៅកាន់បន្ទប់លោក ខៀវ ផល្លា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញដែលកាន់សំណុំរឿងនេះ ។
មុននេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) បានអំពាវនាវដល់អាជ្ញាធរថៃកុំឱ្យបញ្ជូនសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ដែលត្រូវបានចាប់ខ្លួនក្នុងករណីផលិតវីដេអូឯកសារពីការជួញដូរផ្លូវភេទទៅប្រទេសកម្ពុជា តែការអំពាវនាវនេះមិនមានប្រសិទ្ធភាពទេ ។ ភរិយាលោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គីមហ៊ាង និយាយថា គាត់មិនទាន់បានទទួលដំណឹងពីសុខទុក្ខរបស់ស្វាមីដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងនៅទីក្រុងបាងកកនោះទេ ។
លោក រ៉ាត់ រត្នមុនី ដែលជាប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា បានត្រូវប៉ូលិសថៃឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ នៅទីក្រុងបាងកក ខណៈរូបលោកនិងគ្រួសារ កំពុងព្យាយាមរត់ភៀសខ្លួនបន្តទៅប្រទេសហូឡង់ ។ ប៉ូលិសថៃបានប្រាប់ភរិយារបស់លោកថា ពួកគេទទួលបានសំណើពីសមត្ថកិច្ចកម្ពុជាឱ្យឃាត់ខ្លួននិងបញ្ជូនលោកត្រឡប់ទៅកម្ពុជាវិញ ។
សមត្ថកិច្ចកម្ពុជាបានចោទលោក រ៉ាត់ រត្នមុនី ថាបានឱ្យលុយទៅតួអង្គម្តាយកូន២នាក់ចំនួន២០០ដុល្លារ ជាថ្នូរនឹងការនិយាយកុហកក្នុងវីដេអូឯកសារ ។ មន្ត្រីរាជរដ្ឋាភិបាលថា ករណីនេះមិនអាចលើកលែងឱ្យបានឡើយ ព្រោះជាការប្រឌិតរឿងប៉ះពាល់ដល់កិត្តិយសនិងផលប្រយោជន៍របស់ប្រទេសជាតិ ត្រូវតែនាំខ្លួនមកទទួលទោសតាមផ្លូវច្បាប់នៅកម្ពុជា ។ វីដេអូឯកសារ«ម្តាយខ្ញុំ លក់ព្រហ្មចារីខ្ញុំ»មានរយៈពេលជាង២៧នាទី បង្ហាញពីនារីវ័យក្មេងមិនទាន់គ្រប់អាយុ៣នាក់ ត្រូវបានលក់ឱ្យបម្រើផ្លូវភេទដើម្បីដោះស្រាយជីវភាពគ្រួសារក្រីក្រលំបាក ។
វីដេអូនេះមានចំនួនអ្នកចូលទស្សនាជាង១លាន៤សែនដងលើបណ្តាញយូធូប(You Tube) និងជាង៥សែនដងនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ វីដេអូសង្ខេបនេះ ក៏បានផ្តោតលើគ្រួសារអតីតពលរដ្ឋបឹងកក់ផងដែរ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]