ការធ្វើរោគវិនិច្ឆ័យរកជំងឺវង្វេងវង្វាន់បច្ចុប្បន្ន នៅមានភាពលំបាក ហើយមានតម្លៃថ្លៃថែមទៀត។ ទោះបីយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របាននិងកំពុងរកឃើញ តម្រុយដ៏សំខាន់តាមរយៈការធ្វើតេស្តឈាម សម្រាប់វិនិច្ឆ័យរកវត្តមាននៃជំងឺ Alzheimer’s (ជំងឺវង្វេងវង្វាន់)

នេះបើយោងតាមរបាយការណ៍នៃអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ចំនួននៃអ្នកកើតជំងឺ Alzheimer’s នឹងកើនដល់ប្រហែល ១៣៥លាននាក់ត្រឹមឆ្នាំ ២០៥០។  

បច្ចុប្បន្ន ជំងឺAlzheimer’s ជាប្រភេទជំងឺប្រព័ន្ធប្រសាទមួយ ដែលពិបាកធ្វើរោគវិនិច្ឆ័យ នេះមិនបាច់ទាន់និយាយដល់ការព្យាបាលផង។ ការធ្វើរោគវិនិច្ឆ័យដឹងភាគច្រើនលុះត្រាដល់ពេលវាឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺ ហើយបង្ហាញឲ្យឃើញរោគសញ្ញាជាច្រើន។

ភាគច្រើននៃការធ្វើរោគវិនិច្ឆ័យ គឺការស្កេនជារូបភាព3Dនៃខួរក្បាល ដោយប្រើប្រាស់នូវម៉ាស៊ីនCT Scan ឬក៏MRI ដែលសុទ្ធសឹងជាប្រភេទម៉ាស៊ីនទំនើប គេប្រើប្រាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យនៃជំងឺទូទៅទាំងឡាយ។ បើទោះបីជាយ៉ាងណាក៏ដោយ ភាគរយនៃការវិនិច្ឆ័យឲ្យបានច្បាស់លាស់នៅតែមានកម្រិតទាប ហើយត្រូវចំណាយថវិកាច្រើន។

ប៉ុន្តែគេអាចប្រើប្រាស់ទឹកខួរឆ្អឹងខ្នង ដែលស្ថិតនៅតាមបណ្តោយនៃខួរឆ្អឹងខ្នង ដើម្បីយកមកធ្វើរោគវិនិច្ឆ័យបាន ដោយផ្តោតមើលទៅលើវត្តមានម៉ូលេគុលមួយចំនួន ដើម្បីបញ្ជាក់ពីស្ថានភាពនៃជំងឺ។ បើទោះបីជាវិធីសាស្ត្រនេះមានប្រសិទ្ធភាពជាងវិធីសាស្ត្រមុនក៏ដោយនិងមានភាគរយខ្ពស់ជាងក៏ដោយ ការធ្វើតេស្តនេះមានតម្លៃថ្លៃខ្លាំង និងមានផលលំបាកទៀតផង។

ដូច្នេះហើយទើបអ្នកស្រាវជ្រាវចំនួន២ក្រុមនៃមន្ទីរពេទ្យ Brigham និង Woman’s នៅទីក្រុងBoston សហរដ្ឋអាមេរិក បានអភិវឌ្ឍនូវបច្ចេកទេសនៃការប្រើប្រាស់ឈាម សម្រាប់ការធ្វើរោគវិនិច្ឆ័យរកជំងឺAlzheimer’s ដែលលឿន ងាយស្រួល ចំណាយតិច និងមិនលំបាក  ជាពិសេសអាចវិនិច្ឆ័យដឹងមុនពេលអាការនៃជំងឺពុំទាន់ធ្ងន់ធ្ងរ។

គេបានផ្តោតទៅលើវត្តមាននៃម៉ូលេគុលប្រូតេអ៊ីនពិសេសម៉្យាងនៅក្នុងឈាម ដែលគេអាចរកឃើញនៅក្នុងទឹកខួរឆ្អឹងខ្នងអំឡុងពេលមានជំងឺAlzheimer’sនេះ។ កាលដែលអាចកំណត់វត្តមាននៃម៉ូលេគុលប្រូតេអ៊ីនបាន  នឹងអាចអនុញ្ញាតឲ្យគេធ្វើរោគវិនិច្ឆ័យជំងឺAlzheimer’s បានទាន់ពេលវេលា។ ថ្មីៗនេះគេបានធ្វើតេស្តសាកល្បងបានជោគជ័យទៅលើសំណាកចំនួន ១៥១នាក់ហើយ។

ដូច្នេះបើការធ្វើតេស្តសាកល្បងនៅតែនាំមកលទ្ធផលវិជ្ជមានដូចគ្នាទៀត វានឹងក្លាយជារបកគំហើញមួយដ៏សំខាន់ខ្លាំងក្នុងការការពារនិងទប់ស្កាត់ជំងឺវង្វេងវង្វាន់ Alzheimer’s ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]