ប្រេស៊ីល៖ រឿងហេតុនេះកើតឡើងក្នុងប្រទេសប្រេស៊ីល ដែលគេឃើញមានឆ្កែបួនក្បាលបាននាំគ្នារត់ទៅឈរចាំពេញមាត់ច្រកចូលមន្ទីរពេទ្យ ដើម្បីទន្ទឹងរង់ចាំផ្លូវម្ចាស់ដែលកំពុងឈឺធ្ងន់នៅទីនោះ។ នេះយោងតាមសារព័ត៌មាន Insider ដែលបានចេញផ្សាយក្នុងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ នេះ។

ឆ្កែស្មោះទាំង៤ក្បាល

យោងតាមប្រសាសន៍របស់អ្នកស្រី Cris Mamprim ដែលជាគ្រូពេទ្យម្នាក់ធ្វើការវេនយប់នៅមន្ទីរពេទ្យ Alto Vale ក្នុងទីក្រុង Rio Do Sul បាននិយាយថា "កាលពីថ្ងៃអាទិត្យកន្លងទៅ ខ្ញុំបានព្យាបាលអ្នកជំងឺម្នាក់ឈ្មោះ Cesar។ គាត់ជាមនុស្សអនាថាម្នាក់គ្មានផ្ទះសម្បែងជ្រកកោនទេ"

អំឡុងពេលព្យបាលអ្នកគ្រូពេទ្យ Mamprim បានគ្រលៀសភ្នែកមើលទៅមាត់ទ្វារ។ ស្រាប់តែឃើញសត្វឆ្កែ៤ក្បាល កំពុងឈរពេញច្រកផ្លូវចូល។ គ្រានោះនាងពិតជាឆ្ងល់ខ្លាំងណាស់ថាឆ្កែទាំងអស់នោះមកពីណា។ រហូតដល់ពេលមួយ នាងក៏ដាច់ចិត្តហាមាត់សួរទៅលោក Cesar ដែលជាអ្នកជំងឺនាងថា “តើពួកវាជាឆ្កែរបស់លោក”?

ភ្លាមនោះលោក Cesar បាននិយាយតបវិញថា “បាទ,ពួកវាជាឆ្កែអនាថាទាំង៤របស់ខ្ញុំ”។ លោក Cesar បន្តថា “ពេលខ្លះខ្ញុំសុខចិត្តបង្អត់អាហារខ្លួនឯង មិនហ៊ានហូបទេ សុខចិត្តទុកឲ្យពួកវាស៊ីវិញ ព្រោះពួកវាជាមិត្តល្អរបស់ខ្ញុំ”

បន្ទាប់ពីហេតុការណ៍នេះកើតឡើង អ្នកគ្រូពេទ្យ Mamprim ពិតជាមានអារម្មណ៍ ក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ នាងបានសរសេរហេតុការណ៍ដែលនាងបានជួបខាងលើនេះបង្ហោះចូលទៅក្នុងគណនីហេ្វសប៊ុករបស់នាងថា “គ្រាន់តែជាបុរសធម្មតាម្នាក់, មិនមានរបស់ប្រើប្រាស់ល្អទំនើប, តែងតែហាលខ្យល់ហាលភ្លៀងដោយខ្លួនឯង។ ប៉ុន្តែគេមានមិត្តភក្តិល្អបួននាក់នេះ(សត្វឆ្កែខាងលើ) ដែលនៅចាំជួយគ្នាទៅវិញទៅមក”។ នាងបន្តថា “ពេលខ្ញុំឃើញពួកវាឈរចាំនៅឯច្រកទ្វារដូចនេះ ខ្ញុំពិតជាសប្បាយរីករាយណាស់។ ពួកវាបានបង្ហាញខ្ញុំពីការយកចិត្តទុកដាក់និងសេចក្តីស្រលាញ់របស់សត្វឆ្កែទៅម្ចាស់វាយ៉ាងពិតប្រាកដ"។

បន្ទាប់ពីលោក Cesar ព្យាបាលជំងឺនិងទិញថ្នាំដែលលោកត្រូវការរួច ខាងមន្ទីរពេទ្យបានអនុញ្ញាតិឲ្យលោកហៅឆ្កែទាំងបួនក្បាលនោះចូលក្នុងមន្ទីរពេទ្យ។

ក្នុងពេលជាមួយគ្នានោះ ខាងមន្ទីរពេទ្យក៏បានទិញចំណីអាហារផ្តល់ដល់បុរសគ្មានផ្ទះសម្បែងម្នាក់នេះនិងឆ្កែស្មោះត្រង់ទាំង៤ក្បាលផងដែរ៕

អ្នកគ្រូពេទ្យMamprim
ឆ្កែស្មោះទាំង៤ក្បាល
លោក Cesar ដែលជាបុរសគ្មានផ្ទះសម្បែង
មន្ទីរពេទ្យAlto Vale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ