រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​បង្រៀន​នៅ​សាលា​ឯកជន​មួយបាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​មួយ​គ្រឿង ប្រញាប់​ចូល​ទៅ​បង្រៀន​សិស្ស ប៉ុន្តែ​ជា​អកុសល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា​ធូ​ដេ​១​គ្រឿង​ទៀត ដែល​ជិះ​ដោយ​ក្មេង​ស្រី​២​នាក់ ដែល​ជា​សិស្សសាលា​ជម្ពូ​វ័ន បណ្តាល​ឲ្យ​ម៉ូតូ​អ្នកគ្រូ​រូប​នោះ​ដួល​បោក​ទៅ​លើ​ថ្នល់​រង​របួស​សន្លប់​ស្តូកស្ដឹង​ខ្លួន ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​កែង​ផ្លូវ​ចូល​ភូមិ​ព្រៃ​ល្វា ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នកគ្រូ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញា​នោះ​ទេ គាត់​បង្រៀន​នៅ​សាលា​ឯកជន​មួយ សាខា​ជ្រៃ​កោង ក្បែរ​កន្លែង​កើតហេតុ​នោះ និង​បាន​សន្លប់​ស្ដូក​តែ​ម្ដង ។ ចំណែក​សិស្ស​ស្រី​រៀន​នៅ​សាលា​ជម្ពូ​វ័ន​ទាំង​២​នាក់​ដែល​រង​របួសស្រាល​នោះ​ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដែរ ។

នៅ​មុន​ពេល​កើតហេតុ​អ្នកគ្រូ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT -5270 ។ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ចំណែក​ក្មេង​ស្រី​ទាំង​២​នាក់​ជិះ​មូ​តូ​ម៉ាក​ហុងដា​ធូ​ដេ ពណ៌​ស្លែរ គ្មាន​ស្លាក​លេខ ក្នុង​ទិស​ដៅ​ស្របគ្នា ។ ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​អ្នកគ្រូ​បាន​បត់​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ធូ​ដេ បណ្ដាល​ឲ្យ​ដួល​ទាំងអស់​គ្នា ហើយ​អ្នកគ្រូ​រង​របួសធ្ងន់ ចំណែក​សិស្ស​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​អ្នកគ្រូ​ម្នាក់​នោះ​ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​រួម​សាលា​ដឹក​ទៅ​កាន់​មន្ទី​ពហុ​ព្យាបាល​ឡាំ​ប៊ុ​ន​ថន ដើម្បី​សង្គ្រោះ ចំណែក​ក្មេង​ស្រី​សិស្សសាលា​ទាំង​២​នាក់​របួសស្រាល និង​បន្តដំណើរ​ចូល​សាលារៀន​បាត់​ស្រមោល ។ បន្ទាប់​មក​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​វាស់វែង និង​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]