ខេត្តសៀមរាប ៖ ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ពេញ​បណ្តាញសង្គម​ នៅ​ថ្ងៃ​ទី​១២ ធ្នូ ដែល​វី​ដេ​អូ​ឃ្លី​ប​មួយ បាន​បង្ហោះ​ពី​ការ​ហែសព​មួយ​ ដោយ​មាន​ក្រុម​ម៉ូតូ​រាប់រយ​គ្រឿងដែល​ជិះក្រោយ​ក្បួន បាន​រោ​ទិ៍​ម៉ាស៊ីន​ទ្រហឹង​កង​​រំពង​ដែល​គេ​ហៅ​ថា​ ម៉ូតូ​អា​ប្រែ​ន​ប្រជែង​ និង​សម្លេង​ខ្ល​ង​ខែ​ក កាលពី​ថ្ងៃ​ទី​១០ ធ្នូ វេលា​ម៉ោង​២​រសៀល ស្ថិត​ក្នុង​វត្ត​ស្វាយ​ដង្គំ ខេត្តសៀមរាប ។

សម្រាប់​ស្រុក​ខ្មែរ​យើង ​ប្រហែលជា​លើក​ទី​មួយ​ហើយ ដែល​ពិធី​ដង្ហែ​សព​ចម្លែក​បែប​នេះ ។ ជា​ប្រពៃណី​ពី​បុរាណ ធ្លាប់តែ​ពេល​ដង្ហែ​សព​អម​ដោយ​ភ្លេង​ខ្ល​ង​ខែ​ក ដើម្បី​ជូន​ដំណើរ​សព​ទៅ​កាន់​សុគតិភព ។ តែ​ពិធី​ហែសព​មួយ​នេះ បាន​ធ្វើ​ឲ្យ​កក្រើក​ដោយសារ​តែ​មាន​ម៉ូតូ​ប្រហែលជា​២០០​គ្រឿង ដែល​ជិះ​បន្តកន្ទុយ​គ្នា ពីក្រោយ​រថយន្ត​ដឹក​សព​បាន​រោ​ទិ៍​បំពង​សម្លេង​ប្រែ​ន​ដ៏​ទ្រហឹង ។

មូលហេតុ​ដែល​ក្រុម​អ្នក​ជិះ​ម៉ូតូ​នាំ​គ្នា​រោ​ទិ៍​ម៉ាស៊ីន​បែប​នេះ ដោយសារ​តែ​ជា​ការ​ធ្វើ​តាម​បណ្តាំ​អ្នក​ស្លាប់ ។ យោង​សំដី​មិត្តភក្តិ​អ្នក​ស្លាប់​ម្នាក់​បាន​និយាយ​ថា មិត្តភក្តិ​ដែល​ស្លាប់​នេះ​ធ្លាប់​បាន​និយាយ​ថា បើ​គាត់​ស្លាប់ គាត់​សុំ​ឲ្យ​ពួក​គេ​ជា​មិត្តភក្តិ​ប្រមូល​ម៉ូតូ​ឲ្យ​បាន​ច្រើន​យ៉ាងតិច​២០០​ម៉ូតូ ពេល​ដង្ហែ​សព​របស់​គេ គឺ​សុំ​ឲ្យ​រោ​ទិ៍​ម៉ាស៊ីន​ឲ្យ​បាន​គ្រប់​ៗ​គ្នា។

ដូច្នេះ​ ហើយ​ទើប​ពួក​គេ​ធ្វើ​បែប​នេះ ទៅ​តាម​បំណងប្រាថ្នា​របស់​មិត្តភក្តិ​ដែល​ស្លាប់​នេះ ។ ចំពោះ​ការ​ស្លាប់​នេះ​ គឺ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​១០ ធ្នូ វេលា​ព្រឹក​លើ​ផ្លូវជាតិ​លេខ​៦ ចំណុច​មុខ​សាលា​បឋម​សិក្សា​សសរស្តម្ភ ក្នុងភូមិ​សសរស្តម្ភ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​«​កោះសន្តិភាព​»​ពី​គ្រោះថ្នាក់​នោះ នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​ថ្ងៃ​ទី​១២ ធ្នូ ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX ៣០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២L-៩៦៧៥ (​តាក់ស៊ី​)​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ទៅ ។

លោក​បាន​បញ្ជាក់​ថា រថយន្ត​ឡិច​ស៊ី​ស​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ខណៈ​ពេល​នោះ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ម៉ាក​អុ​ិ​ច​ស៊ិ​ច​ទ័​រ ពណ៌​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ (​តែ​បាន​សរសេរ​ថា​ក្រុម​យុវជន​មនុស្សធម៌​) បើកបរ​ដោយ​ឈ្មោះ គិ​ម ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​រស់នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។

អ្នក​​ស្លាប់​បាន​ធ្វើ​ឲ្យ​មិត្តភក្តិ​សោកស្តាយ​ក្រៃ​លែង ព្រមទាំង​គោរព​តាម​បណ្តាំ​កាល​នៅ​រស់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]