ចិន៖ ដោយសារតែទំហំនៃការស្រលាញ់ដ៏ធំធេង រហូតបានជំរុញចិត្តឲ្យបុរសជនជាតិចិនម្នាក់ សុខចិត្តលះបង់គ្រប់បែបយ៉ាង ដល់ថ្នាក់លាឈប់ពីការងារ ទៅឈររង់ចាំនារីក្នុងសុបិន ដែលធ្លាប់បានជួបម្តងនៅឯហាងលក់សៀវភៅមួយកន្លែង និងដោយសង្ឃឹមថា នៅថ្ងៃណាមួយលោកនឹងអាចបានជួបនាងជាថ្មី។

លោក Sun

បុរសដ៏ឈ្លក់វង្វេងនឹងស្នេហារូបនេះ ត្រូវបានគេស្គាល់ឈ្មោះត្រឹមថា Sun មានអាយុ ២៦ឆ្នាំ។ លោក Sun ធ្លាប់បានដើរប៉ះជួបនឹងនារីម្នាក់ តាមរយៈការសម្លឹងមើលក្រសែភ្នែកគ្នាចំ បានប្រមាណជា ១០វិនាទី កាលពីកំឡុងខែ កញ្ញា កន្លងទៅ នៅឯហាងលក់សៀវភៅល្បីឈ្មោះមួយកន្លែង ក្នុងទីក្រុងប៉េកាំង ប្រទេសចិន រហូតត្រូវបានលោកគិតថា នាងគឺជានារីដ៏ស្រស់ស្អាត និងតែម្នាក់គត់នៅក្នុងសុបិន និងនៅក្នុងដួងចិត្តរបស់លោក។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនៅពេលនោះ លោក Sun ពុំបាននិយាយអ្វីជាមួយនឹងនាង បានត្រឹមសម្លឹងមើលមុខ មើលក្រសែភ្នែកគ្នា ដែលហាក់ពោរពេញដោយមនោសញ្ចេតនា និងអារម្មណ៍ពិសេសមួយតែប៉ុណ្ណោះ ហើយក្រោយមកអ្នកទាំងពីរក៏បានដើរចេញរៀងៗខ្លួន។

លោក Sun

ចាប់តាំងពីពេលនោះមក លោក Sun ក៏ចាប់ផ្តើមមានកូនចិត្តមួយ លួចស្រលាញ់លើនាង បាយក៏មិននឹកទឹកក៏មិនស្រេក ព្រោះតែចង់ជួបមុខនារីក្នុងសុបិននោះជាថ្មី នឹងអាលបានបង្ហើបប្រាប់ពាក្យពិតក្នុងចិត្ត ថាលោកពិតជាស្រលាញ់នាងខ្លាំង ទាំងដែលពេលនេះលោកពុំស្គាល់ឈ្មោះ ឬអាសយដ្ឋានទាក់ទងណាមួយរបស់នាងសោះឡើយ។

នៅទីបំផុត លោក Sun ក៏ស្រាប់តែសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារ ហើយក៏ចំណាយពេលនៅឯហាងលក់សៀវភៅនោះ តាំងពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ៧យប់ ដោយសង្ឃឹមថានឹងបានជួបនាងម្តងទៀត ប៉ុន្តែបើគិតមកទល់ពេលនេះ រយៈពេលជាង ២ខែមកហើយ ចំពោះការទន្ទឹងរង់ចាំ ដំណឹងដ៏សួន្យឈឹងនេះ។ 

លោក Sun

ថ្លែងប្រាប់កាសែតក្នុងស្រុក លោក Sun បាននិយាយថា លោកពិតជាមិនអាចឈប់គិតពីនាងបាននោះទេ ទើបលោកសម្រេចចិត្តធ្វើបែបនេះ សុខចិត្តបោះបង់ចោលការងារ ម្យ៉ាងលោកក៏ពុំអាចធ្វើរឿងម្តង ២ ក្នុងពេលតែមួយបានឡើយ។ ពោលគឺ លោកមិនអាចធ្វើការផង និងមកឈរចាំនាងផង បាននោះទេ។

លោកថា រយៈពេលលាឈប់ពីការងារនេះ លោកបានខ្ចីលុយពីមិត្តភក្តិ និងគ្រួសារ ដើម្បីយកផ្តត់ផ្គង់លើខ្លួនឯងសិន ហើយលោកក៏មិនស្តាយក្រោយនូវអ្វីដែលលោកបាននឹងសម្រេចចិត្តធ្វើនេះឡើយ។

បុរសស្រវឹងស្នេហ៍រូបនេះ បន្តថា លោកថែមទាំងបានគូររូបនារីនោះ លើសន្លឹកក្រដាស តាមការស្រមើលស្រមៃរបស់លោក និងបានយកទៅចម្លងចេញ (Copy) ជាច្រើនសន្លឹក ដើរចែកចាយ ដោយសង្ឃឹមផងដែរថា វិធីនេះនឹងអាចកាន់តែរហ័សឆាប់រកនាងឃើញ ប៉ុន្តែជាលទ្ធផលនៅតែសូន្យឈឹងដដែល។

លោកថា វាមិនមែនជាបញ្ហានោះទេ ប្រសិនបើនាងមិនចាប់អារម្មណ៍មកលើលោក ប៉ុន្តែអ្វីដែលលោកចង់បាននោះគឺ ត្រូវធ្វើវាឲ្យដល់ទីបំផុត និងស្វែងរកឱកាសដែលលោកនឹងអាចទទួលបានមកវិញ នៅថ្ងៃណាមួយ។

លោក Sun
រូបគំនូរនារីដែលលោក Sun បានគូរ

គួរឲ្យដឹងផងដែរថា រឿងរ៉ាវរបស់លោក Sun ត្រូវបានចែកចាយសុះសាយលើបណ្តាញសង្គមចិន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប៉ុន្តែនៅក្នុងក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិរិះគន់ចំពោះសកម្មភាពរបស់លោក និងខ្លះទៀតបានសរសើរពីទឹកចិត្តតស៊ូ និងលះបង់របស់លោកផងដែរ។

ក្រុមអ្នករិះគន់មួយចំនួនបាននិយាយថា លោក Sun កំពុងតែកើតជំងឺឆ្កួតស្នេហ៍ ឬរោគចិត្តហើយមើលទៅ។ បន្ថែមលើនេះ ក្រុមអ្នករិះគន់ក៏បានបញ្ចេញមតិ ជំរុញឲ្យនារីដែលលោក Sun កំពុងតែតាមរកនោះ បើដឹងខ្លួនហើយ នាងគួរតែនៅឲ្យឆ្ងាយ កុំបង្ហាញខ្លួនឲ្យឃើញទើបជាការប្រសើរ ចៀសវាងកើតមានបញ្ហាមិនល្អដាក់ខ្លួននៅពេលក្រោយ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

លោក Sun
លោក Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]