ផ្លែត្រប់ជាប្រភេទបន្លែមួយប្រភេទដែលជាចំណូលចិត្តរបស់បងប្អូនខ្មែរយើងភាគច្រើន។ ការប្រើប្រាស់ត្រប់សម្រាប់ឆាជាមុខម្ហូបមួយដ៏ឆ្ងាញ់ ងាយហូប និងងាយធ្វើ។ អ្នកដឹងទេ ផ្លែត្រប់ជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងសំបូរបែប រាប់តាំងពីសារធាតុសរសៃ សារធាតុរ៉ែ និងវីតាមីនសំខាន់ៗ។ សារធាតុចិញ្ចឹមទាំងនេះសុទ្ធសឹងជាតម្រូវការជាចាំបាច់នៃរាងកាយយើងជារៀងរាល់ថ្ងៃ ដើម្បីការលូតលាស់ ការសាងសង់ និងការពាររាងកាយ។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់ៗទទួលបានពីការបរិភោគផ្លែត្រប់៖

 ១. ផ្លែត្រប់ជាប្រភពនៃវីតាមីនB

ផ្លែត្រប់ជាប្រភពនៃវីតាមីនB6  ដែលជំនួយដល់សុខភាពខួរក្បាល និងបេះដូង ជាពិសេសវាជាសារធាតុដ៏សំខាន់សម្រាប់បំលែងសារធាតុខ្លាញ់ ឬស្ករដែលយើងទទួលបានពីចំណីអាហារ ឱ្យក្លាយទៅជាថាមពលសម្រាប់ប្រើប្រាស់។

វីតាមីនពិសេសនេះយើងត្រូវការជាចាំបាច់ដើម្បីផលិតអាស៊ីតអាមីនេ ដែលជាធាតុបង្កចំបងនៃប្រូតេរអ៊ីនសម្រាប់ការលូតលាស់និងសាងសង់នៃរាងកាយ។ កង្វះនៃអាស៊ីតអាមីនេនឹងបង្កបញ្ហាសុខភាពជាច្រើនដូចជា ឆាប់ហត់អស់កម្លាំង កង្វះគ្រាប់ឈាមក្រហម ជំងឺសើស្បែកមួយចំនួន និងជំងឺប្រព័ន្ធប្រសាទទៀតផង។

២. ផ្លែត្រប់ជាប្រភពនៃសារធាតុសរសៃ

សារធាតុសរសៃ និងជាតិទឹកដ៏សំបូរបែបនៃផ្លែត្រប់ ជាតម្រូវការមួយដ៏ចំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារ។ សារធាតុទាំងពីរនេះជួយដល់ការសម្អាតសារធាតុពុល និង កាកសំណល់ទាំងឡាយពីប្រព័ន្ធរំលាយអាហារ ដើម្បីយកទៅចាក់ចោលតាមផ្លូវបន្ទោរបង់។

ក្រៅពីនេះសារធាតុសរសៃ ជួយសម្រួលដល់ដំណើរការរំលាយអាហារ និងបំបាត់អាការទល់លាមកទៀតផង។

៣. ផ្លែត្រប់ជាប្រភពនៃសារធាតុប្រឆាំងជាតិពុល

សារធាតុពិសេសៗមួយចំនួនទទួលបានពីផ្លែត្រប់ត្រូវបានគេសិក្សាឃើញថា ជាសារធាតុយ៉ាងសកម្មប្រឆាំងជាមួយនឹងរ៉ាឌីកាល់សេរី ដែលជាម៉ូលេគុលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់រចនាសម្ព័ន្ធកោសិកា ជាពិសេសDNAរបស់កោសិកា។ ជាហេតុ បណ្តាលឲ្យកោសិការងការខូចខាតហើយវិវឌ្ឍទៅរកកោសិកាមហារីកនេះឯង។

សារធាតុទាំងនេះ ក៏មានឥទ្ធិពលប្រឆាំងជាមួយនឹងមេរោគ (បាក់តេរី និង វីរុស) ពីការបង្កជំងឺផ្សេងៗផងដែរ។

ដូច្នេះការរួមបញ្ចូលផ្លែត្រប់ក្នុងរបបអាហារ នឹងកាត់បន្ថយហានិភ័យពីជំងឺមហារីក និងការពារពីជំងឺទូទៅផ្សេងៗទៀតដែលបង្កដោយពពួកអតិសុខុមប្រាណ។ 

៤. ផ្លែត្រប់ជាប្រភពនៃវីតាមីនE

វីតាមីនE បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ។ ការសិក្សាមួយចំនួនបានបង្ហាញថា ផ្លែត្រប់ជាបន្លែជំរុញសុខភាពបេះដូងយ៉ាងមានប្រសិទ្ធភាព។ នេះក៏ដោយសារឥទ្ធិពលវិជ្ជមានរបស់វីតាមីនE ក្នុងការកាត់បន្ថយការប្រមូលផ្តុំនូវពពួកខ្លាញ់មិនល្អដូចជាកូលេស្តេរ៉ុលជាដើម ដែលមាននៅតាមបណ្តោយសរសៃឈាម។

ជាពិសេស វាជួយជំរុញលំហូរចរន្តឈាម ងាយស្រួលដឹកនាំសារធាតុចិញ្ចឹមសំខាន់ៗ និងអុកស៊ីសែន ទៅឲ្យកោសិកាទាំងឡាយ។ ការកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ និង ការជំរុញចរន្តឈាម ជាកត្តាយ៉ាងសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃជំងឺបេះដូងទាំងឡាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]