ឥណ្ឌា៖ ថ្មីៗនេះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារដ៏ល្បីនៅឥណ្ឌា ត្រូវបានថៅកែបណ្តេញចេញពីការងារ បន្ទាប់ពីរូបគេថ្លើមធំហ៊ានលួចបើកម្ហូបរបស់ភ្ញៀវហូបតាមដងផ្លូវយ៉ាងរំភើយ។ នេះយោងតាមសារព័ត៌មាន BBC ដែលបានចេញផ្សាយក្នុងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ

បុគ្គលិកកំពុងហូបអាហារភ្ញៀវ

រឿងហេតុនេះបានល្បីសុសសាយពេញផ្ទៃប្រទេសឥណ្ឌា ដោយសារយុវជនម្នាក់ដែលជាភ្ញៀវបានថតយកសកម្មភាពរបស់បុគ្គលិកខាងលើផុសចូលទៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃទី១០ ខែធ្នូ កន្លងទៅថ្មីៗនេះ។

យោងតាមសារព័ត៌មានដដែលបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅក្នុងតំបន់ម៉ាឌូរ៉ាយ ស្ថិតនៅភូមិភាគខាងត្បូងនៃប្រទេសឥណ្ឌា។

តាមរយៈខ្សែវីដេអូក្នុងបណ្តាញសង្គមTwitter បានបង្ហាញពីសកម្មភាពរបស់បុគ្គលិកប្រុសម្នាក់ពាក់អាវ Zomato ពណ៌ទឹកក្រូច កំពុងអង្គុយលើម៉ូតូ ដោយមានកាន់ម្ហូបអាហាររបស់ភ្ញៀវមកភ្លក់ម្តងមួយមុខៗ ហើយវិចខ្ជប់ចូលទៅក្នុងកាតាបវិញ។

មិនតែប៉ុណ្ណោះ វីដេអូនេះបានទទួលការចាប់អារម្មណ៍ពីសំណាក់មនុស្សម្នាជុំវិញពិភពលោកយ៉ាងខ្លាំង ពេលដែលពួកគេឃើញទង្វើរបស់បុគ្គលិកដឹកជញ្ជូនចំណីអាហារម្នាក់នេះ។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះកើតឡើង ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារ Zomato ក៏បានធ្វើការសរសេរសារសុំទោសអតិថិជនរបស់ខ្លួនជុំវិញរឿងរ៉ាវខាងលើនេះ។ ពួកគេបន្តថា "ពួកយើងបានធ្វើការចរចាជាមួយបុគ្គលិកយើងហើយ។ វាជាកំហុសរបស់ពួកយើងលើការវិនិច្ឆ័យមនុស្សយកមកធ្វើការ។ ហើយពួកយើងក៏បានបណ្ដេញបុគ្គលិកម្នាក់នេះចេញពីក្រុមហ៊ុនដែរ"៕

មានវីដេអូនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]