ម៉ាឡេស៊ី៖ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះបានប្រកាសពីការបើកទ្វារមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីរបស់ខ្លួនក្នុងទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ជាកន្លែងដែលក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នេះ គឺជាមជ្ឈមណ្ឌលទីប្រាំពីររបស់ក្រុមហ៊ុន Grab ហើយជាការពង្រីកវិសាលភាពខ្លួនផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ទូទាំងសកលលោក ដែលក្នុងនោះក្រុមហ៊ុនមានក្រុមការងារបែបនេះរួចហើយនៅទីក្រុងបាំងហ្កាឡ ប៉េកាំង ហូជីមិញ ហ្សាកាតា សៀអាថល និងសិង្ហបុរី។

មជ្ឈមណ្ឌលប្រចាំទីក្រុងកូឡាឡាំពួរ ឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ Grab ក្នុងការថែទាំអ្នកមានទេពកោសល្យជ្រៅជ្រះផ្នែកបច្ចេកវិទ្យានៅក្នុងទីកំណើតរបស់ខ្លួន។ Grab មានផែនការជ្រើសរើសបុគ្គលិកផ្នែក បច្ចេកវិទ្យាចំនួន ១០០ នាក់សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងទីក្រុងកូឡាឡាំពួរ សម្រាប់ប្រតិបត្តិការនៅឆ្នាំដំបូងដែលក្នុងនោះរួមមាន វិស្វករផ្នែក Software អ្នកវិទ្យាសាស្ត្រទិន្នន័យ និងអ្នកវិភាគទិន្នន័យ។ ក្រុមការងារទាំងនេះនឹងផ្ដោតលើការអភិវឌ្ឍ និងពង្រឹងមុខងារប្រាស្រ័យទាក់ទងក្នុងពេលតែមួយដូចជា ការហៅ VOIP តាមរយៈ GrabChat ការកសាងផលិតផលលើគេហទំព័របែបថ្មី និងគួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមហ៊ុន Grab និងការកែលម្អ និងអភិវឌ្ឍមុខងារសុវត្ថិភាពថ្មីៗតាមរយៈការសិក្សាលើដំណើរការម៉ាស៊ីន។ 

ឧទាហរណ៍មួយ ដែលបង្ហាញពីរបៀបដែល Grab ប្រើប្រាស់ម៉ាស៊ីន និងប្រាជ្ញានិម្មិត ដើម្បីពង្រឹងសុវត្ថិភាព គឺមុខងារ “ភាពនឿយហត់របស់អ្នកបើកបរ” ដែលមុខងារនេះ គណនា “ពិន្ទុនឿយហត់” ដោយផ្អែកលើកត្តានានាដូចជា រយៈពេលដែលអ្នកបើកបរ ធ្វើការបើកបរនៅតាមដងផ្លូវ ម៉ោងពេលវេលាក្នុង១ថ្ងៃ ការសម្រាកតាមវេន និងអាយុ ក៏ដូចជាប្រវត្តិរបស់អ្នកបើកបរជាដើម។ នៅពេលដែលអ្នកបើកបរទទួលបានកម្រិតពិន្ទុនឿយហត់ខ្ពស់ គេនឹងទទួលបានការជូនដំណឹងឲ្យសម្រាក។

លោក Ditesh Gathani ប្រធានវិស្វកម្មរបស់ Grab បានឲ្យដឹងថា៖

“ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាជាច្រើនសម្រេចចិត្តថា តើត្រូវកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅត្រង់កន្លែងណាមួយ ដោយផ្អែកលើភាពសម្បូរបែបនៃអ្នកមានទេពកោសល្យនៅទីនោះ។ សម្រាប់ Grab យើងក្រឡេកមើលទីណាដែលយើងយល់ឃើញថា មានសក្ដានុពលក្នុងការបណ្ដុះក្រុមអ្នកមានទេពកោសល្យ។ តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងប្រទេសម៉ាឡេស៊ី យើងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាស៊ីជម្រៅក្នុង ប្រទេសនេះ ជាពិសេសសម្រាប់ផ្នែកនានាដូចជា ការសិក្សាលើដំណើរការម៉ាស៊ីនជាដើម។ យើងក៏សង្ឃឹមផងដែរថា អ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាក្នុងប្រទេសម៉ាឡេស៊ី នឹងមានឱកាសក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួនក្នុង ការដោះស្រាយបញ្ហាស្មុគស្មាញ ជាក់ស្ដែងដែលកើតមានក្នុងប្រទេសកំណើតរបស់ខ្លួន។ ទន្ទឹមនឹងនេះក៏មានឱកាស បានធ្វើការ និងរៀនសូត្រពីមនុស្សមួយចំនួនដែលពូកែៗបំផុតផ្នែកបច្ចេកវិទ្យាក្នុងពិភពលោកផងដែរ”។

ចាប់តាំងពីចុងឆ្នាំ ២០១៧ Grab បានបង្កើនបុគ្គលិកផ្នែកបច្ចេកវិទ្យាចំនួនទ្វេរដងនៅតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ទាំងប្រាំមួយកន្លែងរបស់ខ្លួន ហើយមានផែនការជ្រើសរើសបុគ្គលិកក្នុងតួនាទីផ្នែកបច្ចេកវិទ្យាប្រមាណ ១០០០ នាក់ផ្សេងទៀតនៅឆ្នាំ ២០១៩។ ការពង្រីកបណ្ដាញស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Grab នេះ នឹងជួយដល់កំណើន និងការវិវត្តន៍ឥតឈប់ឈររបស់ក្រុមហ៊ុន ខណៈដែល Grab កំពុងបោះជំហានទៅរកការក្លាយជាកំពូលកម្មវិធីបម្រើ ដល់ការរស់នៅប្រចាំថ្ងៃដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំនេះ Grab បានពន្លឿនការពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងសេវាទូទាត់ប្រាក់ ក៏ដូចជាសេវាកម្មថ្មីៗជាច្រើនដូចជា ការដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងកញ្ចប់ទំនិញផ្សេងៗ។ ទន្ទឹមនឹងនេះ Grab ក៏បានពង្រីកវត្តមានរបស់ខ្លួន ដោយមានវត្តមាននៅក្នុងទីក្រុងចំនួន ៣០ នៅដើមឆ្នាំ ២០១៧ រហូតដល់មានវត្តមាននៅក្នុងទីក្រុងចំនួន ២៣៥ នាពេលសព្វថ្ងៃនេះ។

ថ្វីត្បិតតែមួយភាគធំនៃក្រុមការងារនឹងបន្តធ្វើការលើគម្រោងស្នូលផ្នែកដឹកជញ្ជូនក្ដី ប៉ុន្តែ ការលូតលាស់នៃបច្ចេកវិទ្យារបស់ Grab នឹងជួយជម្រុញដល់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់សម្រាប់មូលដ្ឋានកម្មវិធី Grab Platform ដែលជាសំណុំកម្មវិធី APIs សម្រាប់ឲ្យដៃគូធ្វើសមាហរណកម្មសេវារបស់ខ្លួនជាមួយនឹង Grab ស្របពេលដែលក្រុមហ៊ុន Grab ត្រៀមលក្ខណៈក្នុងការមើលឃើញពីការកើនឡើងនូវភាពជាដៃគូ និងសេវាកម្មនានាក្នុងរយៈពេល ១២ ខែក្រោយទៀត។ ក្រៅពីនេះ Grab ក៏កំពុងបង្កើនសមត្ថភាពផ្នែក AI ខណៈដែលក្រុមហ៊ុនមានបំណងប្រើប្រាស់ទិន្នន័យរបស់ខ្លួន ដែលជាសំណុំទិន្នន័យធំបំផុតមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកែលម្អ និងអភិវឌ្ឍសេវាកម្មថ្មីៗ និងដោះស្រាយបញ្ហាប្រឈមស្មុគស្មាញបំផុតមួយចំនួននៅក្នុងតំបន់ដូចជា ការកកស្ទះចរាចរណ៍ និងបរិយាប័ន្នហិរញ្ញវត្ថុជាដើម។

លោក Theo Vassilakis នាយកផ្នែកបច្ចេកវិទ្យា របស់ក្រុមហ៊ុន Grab បាននិយាយថា៖ 

“នៅក្នុងក្រុមហ៊ុន Grab យើងមិនមែនកសាងបច្ចេកវិទ្យាដើម្បីជាប្រយោជន៍ដល់បច្ចេកវិទ្យានោះទេ។ យើងកសាងបច្ចេកវិទ្យាដើម្បីដោះ ស្រាយបញ្ហា ដើម្បីបង្កើតកាលានុវត្តន៍ភាព ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ច។ ដូច្នេះហើយ បានជាយើងបន្តពង្រឹងក្រុមការងាររបស់យើង និងវិនិយោគលើអ្នកមានទេពកោសល្យ ដើម្បីបំពេញតាមកម្រិត មហិច្ឆិតារបស់យើង និងបញ្ហាប្រឈមដែលយើងចង់ដោះស្រាយ។ ការសម្រេចចិត្តរបស់យើងក្នុងការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងប្រទេសម៉ាឡេស៊ី គឺជាការពង្រីកទស្សនវិជ្ជារបស់យើងក្នុងការ អភិវឌ្ឍដំណោះស្រាយក្នុងស្រុកនៅក្នុងប្រទេសដែលអតិថិជនរបស់យើងរស់នៅ ហើយក៏ទាញយកអ្នកមានទេព កោសល្យផ្នែកបច្ចេកវិទ្យាឯកទេសបំផុតជុំវិញពិភពលោក”។

គំរូនៃការរៀបចំក្រុមវិស្វករជារបាយ ដូច្នេះអនុញ្ញាតឲ្យ Grab អាចចូលទៅប្រើប្រាស់ជំនាញជាក់លាក់ណាមួយ នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ របស់ខ្លួននីមួយៗជុំវិញពិភពលោក ដូចជាផ្នែកសិក្សាដំណើរការម៉ាស៊ីន (machine Learning) ផ្នែកព្យាករណ៍វិភាគទិន្នន័យ (Predictive data analytics) បច្ចេកវិទ្យាផ្ដោតលើឧបករណ៍ចល័ត (Mobile-first technology) និងសេវាដែលផ្ដោតការយកចិត្តទុកដាក់លើអ្នកប្រើប្រាស់។

● Grab បានបង្កើនចំនួនបុគ្គលិកផ្នែកបច្ចេកវិទ្យាទ្វេដងចាប់តាំងពីចុងឆ្នាំ 2017 ហើយមានផែនការជ្រើសរើស បុគ្គលិកក្នុងតួនាទីផ្នែកបច្ចេកវិទ្យាប្រមាណ 1000 នាក់បន្ថែមទៀតនៅឆ្នាំក្រោយ

● មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលស្ថិតក្នុងទីក្រុងកូឡាឡាំពួរនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្ត របស់ Grab ក្នុងការថែរក្សាអ្នកមានទេពកោសល្យជ្រាលជ្រៅផ្នែកបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]