កាលីហ្វញ៉ា៖ ម្ចាស់ហាងលក់នំដូណាត់ម្នាក់ ត្រូវបានស្ត្រីអនាថាគ្មានផ្ទះសម្បែងមួយរូបជះកាហ្វេក្តៅលើផ្ទៃមុខ បង្កឱ្យមានការឆោឡោពេញហាង។

ហេតុការណ៍នៅពេលនោះ

ជនរងគ្រោះនេះមានឈ្មោះ Cindy Seam-Kao គឺជាម្ចាស់ហាងលក់នំដូណាត់នៅតំបន់ Canoga Park រដ្ឋកាលីហ្វញ៉ា។

យោងតាមសម្តីជនរងគ្រោះបាននិយាយថា ជាទូទៅស្ត្រីអនាថានេះតែងតែមកហាងរបស់គាត់ ហើយមិនដែលបង្កបញ្ហាអ្វីឡើយ តែនៅចុងសប្តាហ៍នេះស្រាប់តែស្រ្តីរូបនេះបានស្រែកឆោឡោធ្វើឱ្យភ្ញៀវនៅជិតហ្នឹងមានការភ័យខ្លាច និងរំខានជាខ្លាំង ទើបគាត់សម្រេចចិត្តស្នើសុំ ស្រ្តីអនាថានេះចេញពីហាង រំពេចនោះស្រ្តីអនាថាក៏កំរោលចូល រួចក៏ជះកាហ្វេក្តៅដាក់លើផ្ទៃមុខគាត់តែម្តង។  គាត់បានប្រតាយប្រតប់ជាមួយនាងដែរ តែត្រូវនាងធាក់មួយជើងទៀត។ ក្រោយមកបុគ្គលិកហាងម្នាក់ទៀតបានមកដល់បណ្តេញស្ត្រីនោះចេញ ទើបព្រមចាកចេញ។

ថៅកែស្រីនេះបានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិននឹកស្មានថា គេជះកាហ្វេក្តៅដាក់ខ្ញុំនោះទេ។»

ក្រោយមកគាត់ក៏បានរាយការណ៍ករណីនេះទៅប៉ូលិស តែគាត់មានអារម្មណ៍ថា គ្មានបានការអ្វីនោះទេ ព្រោះនៅរដ្ឋកាលីហ្វញ៉ានេះសំបូរជនអនាថាបង្ករឿងណាស់ ហើយប៉ូលិសដូចជាគ្មានវិធាការដោះស្រាយបញ្ហានេះសោះ។

ម្ចាស់ហាងរូបនេះបានបន្តរៀបរាប់ថា៖ «ខ្ញុំគិតថាមានមនុស្សជាច្រើនបាននិយាយអំពីបញ្ហានេះ ហើយពួកគេបានព្យាយាមដោះស្រាយបញ្ហានេះ ប៉ុន្តែដូចជាគ្មានប្រសិទ្ធភាពសោះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានសិទ្ធិតិចជាងជនអនាថាទាំងនោះផង។»

បន្ថែមពីនេះទៀត ម្ចាស់ហាងរូបនេះបាននិយាយថា ពីមុនគាត់ធ្លាប់យកចិត្តទុកដាក់បារម្ភអំពីជនអនាថាទាំងនេះ តែក្រោយពីជួបឧប្បត្តិហេតុនេះហើយ គាត់ត្រូវពិចារណា ថ្ងៃក្រោយឱ្យជនអនាថាទាំងនេះចូលហាងគាត់ ឬក៏អត់៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]