វៀតណាម៖ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់ និងធ្លាប់បានទស្សនានូវវីដេអូឃ្លីប របស់បុរសអ្នកមានជនជាតិវៀតណាមម្នាក់ ដែលថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមជាច្រើន ជុំវិញនឹងរឿងពាក់គ្រឿងអលង្ការ ឬនិយាយឲ្យចំពាក់មាសធំៗសឹងរលំខ្លួន ខណៈដែលលោកបានអួតប្រាប់ថា មានទម្ងន់ដល់ទៅ ១៣គីឡូក្រាម ហើយរីឯតម្លៃខ្ទង់កន្លះលានដុល្លារឯណោះ។

លោក Tran Ngoc Phuc

បើយោងតាមប្រភពសារព័ត៌មាន បុរសអ្នកមានខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Tran Ngoc Phuc មានអាយុ ៣៦ឆ្នាំ គឺជាអ្នកជំនួញជនជាតិវៀតណាមម្នាក់ ដែលកំពុងតែជោគជ័យ និងល្បីល្បាញខ្លាំងលើបណ្តាញសង្គម នារយៈពេលប៉ុន្មានសប្តាហ៍មុននេះ បន្ទាប់ពីវីដេអូឃ្លីបសម្ញែងពាក់មាសធំៗ ត្រូវបានបង្ហោះចែកចាយទាំងនៅលើហ្វេសប៊ុក និងយូធូប ដោយទទួលបានអ្នកចុចចូលទស្សនារាប់លានដង រហូតត្រូវបានសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកជាច្រើនយកទៅចុះផ្សាយ ដែលរឹតតែបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលោក។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ លោក Tran Ngoc Phuc បាននិយាយរៀបរាប់ឲ្យដឹងថា គ្រឿងមាសដែលលោកពាក់នីមួយៗ សុទ្ធសឹងតែមានទម្ងន់ ៥គីឡូក្រាម ដូចជា ខ្សែក និងបន្តោងជាដើម។ សម្រាប់ខ្សៃដៃ ឬ កងដៃចំនួន២ ដែលលោកពាក់ ក្នុងមួយកង/ខ្សែៗក៏មានទម្ងន់ ៥គីឡូក្រាមដូចគ្នា។ ចំណែកឯ ចិញ្ចៀនមាសចំនួន៤វង់ ដែលលោកពាក់ មានទម្ងន់ ៥០០ក្រាម បូករួមនឹងខ្សែចង្កេះមាសមួយខ្សែទៀតផងដែរ។

បើបូកសរុបចូលគ្នាទាំងអស់ លោក Tran Ngoc Phuc បានអះអាងប្រាប់ថា វាមានទម្ងន់ប្រមាណ ១៣គីឡូក្រាម និងមានតម្លៃប្រហែល ១៣ពាន់លានដុងវៀតណាម (ឬប្រហែល ៥៥០,០០០ដុល្លារអាមេរិក) ។

លោក Tran Ngoc Phuc
លោក Tran Ngoc Phuc

អ្នកលេងបណ្តាញសង្គមជាច្រើន ក៏មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះលោក Tran ដោយអ្នកខ្លះបានលើកជាសំណួរថា តើលោក Tran ឈរ ដើរ យ៉ាងម៉េចទៅ បើគាត់លេងសុទ្ធតែពាក់មាសធំៗទម្ងន់រាប់គីឡូបែបនេះនោះ? ។

បើទោះបីជាយ៉ាងណាក្តី បុរសជាអ្នកជំនួញ និងមានទ្រព្យរូបនេះ បានអះអាងប្រាប់ថា មាសគឺជារបស់ដ៏មានតម្លៃបំផុតក្នុងជីវិតលោក ហើយវាក៏ថែមទាំងបានជួយបង្កើនលាភសំណាង និងភាពរុងរឿងមកដល់លោកជានិច្ច នៅពេលដែលលោកពាក់វាបែបនេះ។ ប៉ុន្តែអ្វីដែលលោកតែងតែត្អូញត្អែរ និងរាងពិបាកចិត្តបន្តិចនោះ គឺលោកព្រួយបារម្ភខ្លាចក្រែងតែអង្គរក្ស (៥នាក់) របស់លោក ចិត្តមិនបាន និងលួចយកវាពីលោកតែប៉ុណ្ណោះ។

អ្នកជំនួញលោក Tran Ngoc Phuc បានចាប់ផ្តើមកុម្ម៉ង់ធ្វើគ្រឿងអលង្ការ មាសធំៗពាក់បែបនេះ អស់រយៈពេល៥ឆ្នាំមកហើយ បន្ទាប់ពីរូបលោកត្រូវបានគ្រូហោរគន់គូរតាមខ្សែចិន (ឬហៅថា Feng Shui) ប្រាប់ឲ្យលោកពាក់មាស ព្រោះវានឹងនាំមកនូវសំណាងល្អ និងលាភហូរចូល។

បច្ចុប្បន្នលោក Tran Ngoc Phuc ក៏នឹងមានគម្រោងកុម្ម៉ង់ មួក និងអាវ (បែបប្រពៃណី) ច្នៃធ្វើពីមាស ដើម្បីយកមកពាក់ឲ្យស៊ីគ្នា ជាមួយនឹងគ្រឿងអលង្ការមាសដែលលោកកំពុងតែពាក់សព្វថ្ងៃនេះ និងជួយលើករាសីបន្ថែមទៀតដល់លោកផងដែរ។

លោក Tran Ngoc Phuc

គួរឲ្យដឹងផងដែរថា លោក Tran Ngoc Phuc ធ្លាប់មានប្រវត្តិក្នុងគ្រួសារក្រីក្រមួយតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកទទួលបានជោគជ័យ និងមានបានមកទល់សព្វថ្ងៃនេះ ក៏ដោយសារតែនៅអាយុខ្ទង់ ២០ឆ្នាំ លោកបានរកស៊ីជួញប្រេង។

លោកថា កាលនោះជួញដូរប្រេងយកមកលក់តែមួយធុងបារ៉ែលតែប៉ុណ្ណោះ ដោយខ្ចីលុយពីមិត្តភក្តិនិងគ្រួសារ ទិញប្រេងក្នុងតម្លៃថោកៗយកមកលក់បន្ត។ លោកថា ការលក់នោះបានជួយឲ្យលោកចំណេញបានបន្តិចម្តងៗ រហូតមានលុយក្រាស់ក្រែល បង្កើតជំនួញធំមកទល់សព្វថ្ងៃ ទាំងនឹកស្មានមិនដល់នេះតែម្តង។ បន្ថែមលើនេះ លោកក៏ជាថៅកែខារ៉ាអូខេប្រណីតមួយ ក្នុងទីក្រុងហូជីមិញផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]