ជប៉ុន៖ កាលពីពេលថ្មីៗនេះហេតុការណ៍ឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ ដែលគេមិនច្បាស់ថាមកពីប្រទេសណានៅឡើយ បានកើតឡើងក្នុងហាងកាហ្វេ Starbucks មួយកន្លែង នៅសង្កាត់ម៉ិហ៊្គូរ៉ូ ក្រុងតូក្យូ នៃប្រទេសជប៉ុន។

ការចាប់ខ្លួនបុរសម្នាក់ មើលពីក្រៅហាង

បើតាមសាក្សីម្នាក់បានឱ្យដឹងថា ការឃាត់ខ្លួនបុរសម្នាក់នេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីរូបគេបានជាប់ពាក់ព័ន្ធក្នុងរឿងជម្លោះមួយជាមួយស្ត្រីម្នាក់ រួចបង្កឱ្យមានការរំខានដល់មហាជននៅទីសាធារណៈតែម្តង។

ទោះយ៉ាងណា បុរសដែលមិនមែនជាជនជាតិអាស៊ីនេះ មិនបានប្រគល់ខ្លួនតាមសម្រួលនោះទេ បែរជាបញ្ចេញសកម្មភាពហិង្សា ដោយប្រើដៃផង ជើងផង និងមាត់ខាំផង ទល់នឹងសមត្ថកិច្ចទៅវិញ។ ប៉ុន្តែអ្វីដែលគួរឱ្យសរសើរខ្លាំងនោះគឺ ប៉ូលិសជប៉ុនមួយក្រុមនេះបានអន្តរាគមន៍ដោយវិធីត្រជាក់ និងអត់ធ្មត់ក្នុងកម្រិតអតិប្បរមា រហូតទាល់តែឃាត់ខ្លួនបានសម្រេច។

ការចាប់ខ្លួនបុរសម្នាក់ មើលពីក្រៅហាង

កាយវិការទន់ភ្លន់ពីសំណាក់មន្ត្រីអាជ្ញាធរបែបនេះហើយ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនលាន់មាត់ថា មិនធ្លាប់ឃើញប៉ូលិសស្រុកណាធ្វើការឃាត់ខ្លួនដោយអហិង្សាដល់ថ្នាក់នេះទេ។ យ៉ាងណាក៏ដោយ បុរសដែលស្រែករកម៉ែ ពេលប៉ូលិសព័ទ្ធគ្នាចាប់យ៉ាងត្រដាបត្រដួសនេះ អាចប្រឈមនឹងបទចោទច្រើនករណី ដូចជាការរឹងទទឹងចំពោះការចាប់ខ្លួន និងតដៃជាមួយមន្ត្រីមានសមត្ថកិច្ចជាដើម។ 

ឡានប៉ូលិសចតនៅក្រៅហាង

ចំពោះការរារាំងមន្ត្រីប៉ូលិសបំពេញភារកិច្ច ជនបរទេសដែលមិនត្រូវបានបញ្ចេញឈ្មោះជាសាធារណៈ អាចនឹងត្រូវផ្តន្ទាទោសឱ្យជាប់គុកអតិប្បរមា ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៥ សែនយ៉េន ដែលស្មើនឹង ៤,៤០០ ដុល្លារអាមេរិក។ បន្ថែមពីនេះ គេអាចនឹងជាប់ទោសពីបទបង្កការខូចខាត ដែលត្រូវជាប់ពន្ធនាគារអតិបរមា ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣ សែនយ៉េន (២,៦០០ ដុល្លារ) ឬក៏សកម្មភាពរំលោភបំពាន ដែលត្រូវជាប់គុក ១៥ ឆ្នាំ ឬពិន័យជាប្រាក់ ៥ សែនយ៉េន (៤,៤០០ ដុល្លារ) ទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]