ខេត្តសៀមរាប ៖ នា​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០៩​នាក់​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ ទៅ​សាលាដំបូង​ខេត្តសៀមរាប​ហើយ​ត្រូវ​បាន​លោកស្រី គឹ​ម សុ​គ​ន្ធា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នេះ​ដោយ​ចោទប្រកាន់​ពី​បទ​«​ចែកចាយ​រូបភាព និង​សម្ភារ​អាសអាភាស​នៃ​កុមារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​» ។

លោក​ឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរ​បាល​ខេត្ត​បាន​ប្រាប់​ថា ដោយ​មានការ​ចូលរួម​សហការ​ល្អ​ពី​កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការ​នគរ​បាល​ខេត្តសៀមរាប​ក៏​ដូច​កម្លាំង​តាម​មូលដ្ឋាន​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ធ្វើការ​ចុះ​បង្ក្រាប​នៅ​ទីតាំង​ចែក​ចាយ​រូបភាព និង​សម្ភារ​អាសអាភាស​នៃ​កុមារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​ចំនួន​៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​ក្រុង​សៀមរាប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ចំនួន​៩​នាក់​រួច​នាំ​យក​មក​សួរ​នៅ​ការិ​យា​ល័យ​ជំនាញ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ។

លោក​បាន​បញ្ជាក់​ថា ក្រុម​នេះ​រកស៊ី​ចែកចាយ​វី​ដេ​អូ​អាសអាភាស​ទៅ​ឱ្យ​ភ្ញៀវ​ជា​ជនជាតិ​ចិន​នៅ​ប្រទេស​ចិនតា​មរយៈ​ប្រព័ន្ធ​វី​ឆាត ហើយ​វី​ដេ​អូរ​ខ្លះ​សម្តែង​ដោយ​មនុស្ស​ពេញវ័យ និង​វី​ដេ​អូរ​ខ្លះ​សម្តែង​ដោយ​កុមារ ជនជាតិ​ចិន ទាំងអស់​ដែល​ផលិត​នៅ​ប្រទេស​ចិន​មិនមែន​សម្តែង​ដោយ​កុមារ​កម្ពុជា ឬ​ផលិត​នៅ​ប្រទេស​កម្ពុជា​យើង​ទេ ប៉ុន្តែ​ក្រុម​នេះ​គ្រាន់​ជា​អ្នក​ចែកចាយ​បន្ត​តែ​ប៉ុណ្ណោះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]