ភ្នំពេញ៖ បុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់ធនាគារឯកទេស ខេប៊ី ដេហាន បានរួមគ្នាដាំកូនដើមកោងកាងតាមមាត់សមុទ្រ ក្នុងសហគមន៍ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមបង្កើនទិន្នផលនេសាទជីវិតសត្វស្លាប និងជម្រុញអេកូទេសចរណ៍។

បុគ្គលិកធនាគារចូលរួមដាំកូនដើមកោងកាង

ដើមកោងកាងជាប្រភេទរុក្ខជាតិដ៏មានប្រយោជន៍ច្រើនយ៉ាងដូចជា របាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រមិនឲ្យបោកបក់បំផ្លាញដំណាំ និងផ្ទះប្រជាពលរដ្ឋដែលរស់នៅតំបន់ឆ្នេរសមុទ្រ ជាពិសេសព្រៃកោងកាងអាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឲ្យមាននិរន្តរ៍ភាព និងទាក់ទាញភ្នែកទេសចរ បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដោយអាចរកប្រាក់ចំណូលបានតាមរយៈភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តនៅតំបន់ព្រៃកោងកាងនេះ។

ដោយផ្អែកលើអត្ថប្រយោជន៍ទាំងនេះ ធនាគារឯកទេសខេប៊ីដេហាន បានរៀបចំឲ្យមានការដាំកូនដើមកោងកាងក្នុងកម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក ដើម្បីរួមចំណែកបំផុសគំនិតដល់មហាជន និងបុគ្គលិករបស់ខ្លួនឲ្យស្រលាញ់ចូលរួមថែរក្សាការពារបរិស្ថាន។ លើសពីនេះទៀត កម្មវិធីនេះបង្ហាញយ៉ាងជាក់ច្បាស់អំពីការចូលរួមចំណែកនូវសកម្មភាពសង្គម ការស្រលាញ់សហការគ្នារវាងបុគ្គលិក និងបុគ្គលិកទាំងក្នុងការងារ និងសកម្មភាពសង្គម ដែលសបញ្ជាក់ឲ្យឃើញថា ធនាគារឯកទេសខេប៊ីដេហានបាននឹងកំពុងផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួនទៅនឹងសង្គមជាតិ។

សូមបញ្ជាក់ថា ធនាគារឯកទេស ខេប៊ី ដេហាន មានភាគទុនិករ៉ឹងមាំមកពីប្រទេសកូរ៉េខាងត្បូង និងបានសម្ពោធដំណើការជាផ្លូវការនៅប្រទេសកម្ពុជានាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការិយាល័យកណ្តាលស្ថិតនៅអាគារលេខ១ វិមានការិយាល័យអូវល ជាន់ទី២១ និង ២២ តាមបណ្តោយផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គោលដៅចម្បងរបស់ធនាគារ គឺដើម្បីលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង ពង្រឹងសមត្ថភាពបុគ្គលិក និងផ្តល់សេវាកម្មល្អបំផុត ស្របតាមតម្រូវការរបស់អតិថិជន៕

បុគ្គលិកធនាគារចូលរួមដាំកូនដើមកោងកាង
បុគ្គលិកធនាគារចូលរួមដាំកូនដើមកោងកាង
បុគ្គលិកធនាគារចូលរួមដាំកូនដើមកោងកាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]