ខេត្តកំពង់ឆ្នាំង ៖ ប្រភពពីសមត្ថកិច្ចឱ្យដឹងថា មាន​ករណី​​ផ្ទុះអាវុធ​ប្លន់​​ដ៏​​​​ចម្លែក​មួយ​​​កើតឡើង​ នៅ​​ក្នុង​ស្រុក​បរិ​បូរ​ណ៌ ដោយសារ​តែ​ក្រុមចោរ​ប្រដាប់អាវុធ​ទាំងនោះមក​​សួរ​ម្ចាស់ផ្ទះឱ្យ​រក​​​គោ​​បា តែ​ក៏​មិនមែនជា​​គោបា​​​​ធម្មតាទៀត គឺ​គោបា​​វេទមន្ត​ (ក្នុង​អំពើ​មន្តអាគម​) ​កាលពី​វេលា​​វេលា​ម៉ោង០៩ និង២០​នាទី​យប់​​ថ្ងៃ​ទី១០ ធ្នូ ​​​ភូមិ​ដំរី​កូន ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ។ ក្នុង​ករណីប្លន់​នេះ បណ្ដាលឱ្យ​​យុវជន​ម្នាក់រងរបួស​ដោយ​​​គ្រាប់​ត្រូវចំ​​ភ្លៅ​ខាងឆ្វេង​១​គ្រាប់ ខណៈចូលទៅជួយ ។ ​​

​បើតាម​ជន​រង​គ្រោះ​​​កំពុង​​សម្រាក​ព្យាបាល​របួស ​នៅ​​មន្ទីរពេទ្យ​បាន​ប្រាប់​សមត្ថ​កិច្ច​​​ថា ​​ខ្លួន​​ឈ្មោះ វ៉ា​ត់ សុខសាន្ត អាយុ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-ឃុំ​ខាងលើ​ ។ គាត់បន្តថា នៅ​មុន​ពេល​កើត​ហេតុ​ រូបគេនិងជាមួយ​​ប្រជា​ការពារ​ម្នាក់​ទៀត កំពុង​តែ​អង្គុយ​ជុំ​គ្នា​នៅ​ចម្ងាយ​ប្រមាណ២០០ម៉ែត្រ ពី​កន្លែង​​កើតហេតុ ។ ​ពេល​នោះ​ ក៏​បាន​ឮ​តាម​វិទ្យុទាក់ទង​ថា​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​នៅផ្ទះ​ឯឈ្មោះ​ស៊ុ​យ គឹ​ម ។ ​ភ្លាម​នោះ ​រូប​គេនិង​ប្រជា​ការពារ​បាន​ស្ទុះ​ទៅ​កន្លែង​កើតហេតុ​ ក្នុង​គោលបំណង​ទៅ​ជួយ​ជន​រង​គ្រោះ ។ ពេល​ទៅ​​មិន​ទាន់​ដល់​ផង ​ក៏​ត្រូវ​ជនល្មើស​បាញ់​ជា​ច្រើន​គ្រាប់​​ស្រោច​មក ​ក៏​​​ត្រូវ​ចំភ្លៅ​ខាងឆ្វេង​ ។​

ជាមួយ​គ្នា​នេះដែរ ​​​ម្ដាយ​ជន​រង​គ្រោះ​ក៏​បាន​​ឱ្យ​ដឹង​ដែរថា រូប​គាត់​អត់​បាន​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​នៅ​ក្នុង​វត្ត​ដំរី​កូន ហៅ​វត្ត​ថ្មី ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ​គាត់​បាន​មក​ដល់បានដឹង​ថា​​​មានចោរ​​​ច្រើន​នាក់ ​បាន​ទៅ​ប្លន់​ផ្ទះ​​ឈ្មោះ​ស៊ុ​យ គឹ​ម ប៉ុន្តែ​មិន​យក​បាន​យក​ទ្រព្យសម្បត្តិ​អ្វី​​​នោះ​ទេ ដោយ​សារ​តែ​​ផ្អើល​​ដល់​ប្រជាពលរដ្ឋ​ និង​ប្រជា​ការពារ​ទៅ​ចូល​ជួយ ។ ទោះបីជា​យ៉ាងនេះ​ក្តី ម្ចាស់​ផ្ទះ​ឈ្មោះស៊ុ​យ គឹ​ម ត្រូវ​បានចោរ​​វាយ ​បណ្ដាល​ឱ្យ​ហើម​មុខ​ហើម​មាត់ ។ ចំណែក​ស្ត្រី​ជា​អនុប្រធាន​ភូមិ​ដំរី​កូន ឈ្មោះ​ហែម វួ​ន ក៏​ត្រូវចោរ​ចាប់ចង​ជាប់​ផង​ដែរ ។​

​លោក ជាង សុ​វ​ណ្ណា​រិ​ទ្ធ​ អធិការ​នគរបាលស្រុក​បរិបូរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ធ្នូ នេះ​ បាន​ប្រាប់​​ថា ពិតជា​មាន​​ករណីប្លន់ កាលពី​​​យប់​​មែន ដោយ​មាន​ជនល្មើស​​ប្រមាណ​៥​នាក់​ដើរ​ចូល​ទៅ​ក្នុងភូមិ​ សំដៅ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ ដោយ​ចាប់ចង​និង​វាយដំ​បុរស​ឈ្មោះ ស៊ុ​យ គឹ​ម ជា​ម្ចាស់ផ្ទះ ដោយ​សួរ​រកគោ​បា (​វត្ថុ​សាក​សិ​ទ្ឋ​)​។

ចំណែកឯ​ស្ត្រី​ជា​ប្រ​ព​ន្ធ ឈ្មោះ​ចាន់ ផល ជា​ជន​ពិការ​ដេក​តែ​លើ​​គ្រែ ជនល្មើស​មិន​ធ្វើ​អី្វ​នោះ​ទេ តែ​បាន​ចាប់​កូន​ស្រី​ម្ចាស់ផ្ទះ​រង​គ្រោះ​រុញ​ឡើង​លើ​ផ្ទះ បង្ខំ​​ឱ្យ​​នាង​រក​គោបា​ដែល​ឪពុក​នាង​លាក់​ទុក តែ​នាង​ប្រកែក​ថា ​«គ្មាន» ហើយ​ប្រហែលជា​មានការ​ប្រតាយប្រតប់ ឬ​ស្រែក​ឮ​ដល់​អ្នក​ជិតខាង ទើប​ប្រជា​ពល​ រូ​ម​ទាំង​ស្រី្ត ឈ្មោះ​ហែម វួ​ន ជា​អនុប្រធាន​ភូមិ​ដំរី​កូន​ចូល​ទៅ​ជួយ ប៉ុន្តែគ្រាន់តែ​ដើរ​ចូល​ដល់​ក្នុងភូមិ ក៏​ត្រូវ​ចោរ​ចាប់​ស្រី្ត​ជា អនុប្រធាន​ភូមិ​ចង​ជាប់ និង​បាន​ដោះ​យក​ចិញ្ចៀន​ផ្លា​ក​ទី​ន​២​វង់ ។

​ប្រភពបន្តថា ដោយ​​​នៅ​លើ​ផ្ទះ​រក​គោបា​មិនឃើញ ​​ក្រុមចោរ​​ចុះ​មក​ដី​វិញ ហើយ​នាំ​គ្នា​គេចខ្លួន តែ​ពេល​ប្រជា​ពលរដ្ឋបំរុង​ដេញ​តាម ត្រូវ​ក្រុម​ជន​​ទាំងនោះ​​​ស្រែក​ប្រាប់ថា «កុំ​តាម បើ​នៅ​តែ​តាម​គេ​នឹង​បាញ់» បន្ទាប់​មក​ត្រូវ​ជនល្មើស​​​​បាញ់​មក​លើ​ប្រជាពលរដ្ឋ ទើប​បណ្តាល​ឱ្យ​​ត្រូវ​រ​បួស​​យុវជន​​ម្នាក់ខាងលើនេះ ។​

បើតាម​ការពិនិត្យ​បឋម ​​​ទ្រព្យ​សម្បត្តិដែល​ត្រូវ​បាត់បង់មានចិញ្ចៀន​ ​ប្លា​ទី​ន​២​វង់ ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ប្រាក់​ខ្មែរ​៥​ម៉ឺន​រៀល ​។ ចំណែក​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​រក​មិនឃើញសំបក​គ្រាប់កាំភ្លើង​នោះ​ទេ តែ​សង្ស័យថា ក្រុម​ជនល្មើស​ប្រើ​កាំភ្លើង​ខ្លីម៉ាក​រ៉ូ​ឡូ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងស៊ើប​អង្កេត​រឿងនេះ ដើម្បី​ស្រាវជ្រាវ​រក​​ជន​សង្ស័យ​ទាំងនោះ ។

ប្រភព៖ កោះសន្តុិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]