ត្រកួនជាបន្លែរុក្ខជាតិ ដែលមានតម្លៃថោក ងាយរក និងពេញនិយមហូបនៅបណ្តាប្រទេសដទៃទៀត។ គេច្រើននិយមឆាជាមួយម្ទេស ធ្វើជាម្ហូបបន្លែសម្រាប់បរិភោគ ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ ជាពិសេសត្រកួនសំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងសំបូរបែបដូចជា វីតាមីន និងសារធាតុរ៉ែ ដែលខ្លួនប្រាណយើងត្រូវការជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការនៃការលូតលាស់ និងភាពរឹងមាំនៃរាងកាយ។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់ៗទទួលបានពីត្រកួន៖

១. ត្រកួនជាប្រភពនៃសារធាតុដែក

ត្រកួនជាអាហារលេខមួយសំបូរទៅដោយសារធាតុដែកដ៏សំខាន់ ក្នុងការផលិតកោសិកាឈាមក្រហមដែលរាងកាយប្រើប្រាស់សម្រាប់ដឹកនាំសារធាតុចិញ្ចឹមទៅឲ្យរាល់កោសិកាទាំងអស់ និងបំលាស់ប្តូរនៃឧស្ម័នអុកស៊ីសែននិងកាបូនឌីអុកស៊ីត។

កង្វះនៃសារធាតុដែកធ្វើឱ្យបរិមាណនៃគ្រាប់ឈាមក្រហមធ្លាក់ចុះ ហើយបណ្តាលឲ្យមានភាពស្លេកស្លាំង និងមានបញ្ហាទាក់ទងជាច្រើនទៀតដូចជាអស់កម្លាំង ប្រព័ន្ធភាពស៊ាំចុះខ្សោយ  ឈឺក្បាល  និងសមត្ថភាពខួរក្បាលធ្លាក់ចុះ ជាដើម។

សារធាតុដែកទទួលបានពីត្រកួនមានសារៈសំខាន់យ៉ាងខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ ដែលទាមទារឲ្យទទួលទានជាតិដែកជាប្រចាំតាមវេជ្ជបញ្ជា។

២. ត្រកួនជាប្រភពនៃសារធាតុសរសៃ

ត្រកួនផ្តល់ឲ្យសារធាតុសរសៃយ៉ាងសំខាន់ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងការស្រូបយកសារធាតុចិញ្ចឹម និងការបញ្ចេញចោលកាកសំណល់អាហារ។ ជាពិសេសវាជាថ្នាំធម្មជាតិប្រឆាំងនឹងបញ្ហាទល់លាមកផងដែរ។

៣. ត្រកួនជាប្រភពនៃវីតាមីនA

វីតាមីនA ជាសារធាតុដ៏សំខាន់មិនអាចខ្វះបានសម្រាប់រក្សាគុណភាពភ្នែក។

វាមិនត្រឹមជាសារធាតុប្រឆាំងសារធាតុពុលដែលដើរបំផ្លាញទ្រង់ទ្រាយកោសិកាភ្នែក ថែមទាំងជាសារធាតុចូលរួមចំណែកដល់ការផលិតម៉ូលេគុលមួយប្រភេទ ដែលអនុញ្ញាតឲ្យយើងមើលឃើញពណ៌និងពន្លឺបាន។

កង្វះនៃវីតាមីនA ងាយប្រឈមមុខនឹងជំងឺភ្នែកជាច្រើនដូចជា ជំងឺឡើងទឹកបាយក្នុងប្រស្រីភ្នែក និងជំងឺងងឹតភ្នែក។

ដូច្នេះការរួមបញ្ចូលត្រកួនក្នុងរបបអាហារនឹងជួយកាត់បន្ថយហានិភ័យនៃបញ្ហាជំងឺទាក់ទងនឹងភ្នែកបានយ៉ាងច្រើន។

៤. ត្រកួនក៏ផ្តល់នូវវីតាមីនC

យើងតែងតែឮនិងដឹងហើយ ផ្លែឈើដែលមានរសជាតិជូរសុទ្ធសឹងជាប្រភពនៃវីតាមីនC។ តែអ្នកដឹងទេថា ត្រកួនដែលជាបន្លែគ្មានជាតិជូរសោះក៏សំបូរទៅដោយវីតាមីនCដែរ។

វីតាមីនC ជាពពួកវីតាមីនដែលមានតួនាទីយ៉ាងសកម្មប្រឆាំងនឹងសារធាតុពុលទាំងឡាយ ជាពិសេសទប់ទល់នឹងការបង្កជំងឺដោយមេរោគ។

គេរកឃើញថា វីតាមីនC ជាសារធាតុប្រឆាំងនឹងជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះលោកអ្នកគួររួមបញ្ចូលត្រកួន ជារបបអាហារឲ្យបានញឹកញាប់ ដើម្បីបំពេញតម្រូវការសំខាន់ៗដែលរាងកាយយើងត្រូវការជារៀងរាល់ថ្ងៃ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]