ខេត្តបន្ទាយមានជ័យ ៖ ក្មេង​តូច​ដ៏​គួរ​ឱ្យ​អាណិត គ្រាន់តែ​ដើរ​សុំទាន​គេ​មិន​បាន​លុយ ស្រាប់តែ​ត្រូវ​ឪពុក​វ៉ៃ​ធ្វើបាប​រហូត​ដល់​មាន​របួស ថែម​ទាំង​បង្អត់បាយ​ទៀត សំណាង​ត្រូវ​អ្នក​ជិតខាង​ឃើញ​ក៏​ថតរូប​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ក្រោយមក​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បុរស​ជា​ឪពុក និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយ​មានជ័យ កាលពី​ថ្ងៃ​ទី​១០​ខែធ្នូ ឆ្នាំ​២០១៨​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា​ក្រោយ​ពេល​ឃើញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្សាយ​មាន​ក្មេង​ប្រុស​ម្នាក់​មាន​របួស មានឈ្មោះ ធី នុ​ល ហៅ​ប៉ូ​យ អាយុ​៤​ឆ្នាំ (​មុខរបរ​ដើរ​សុំទាន​) រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃើញ​ក្មេង​ប្រុស​ត្រូវ​បាន​វ៉ៃ​ធ្វើបាប​កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ ហើយ​សាកសួរ​នាំ​បាន​ប្រាប់​ថា របួស​នេះ​បណ្តាល​មក​ពី​ឱ​ពុក​វ៉ៃ​ធ្វើបាប​ស្ទើរ​រាល់​ថ្ងៃ នៅ​ពេល​ដែល​ទៅ​ដើរ​សុំទាន​មិន​បាន​លុយ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវ​ឱ​ពុក​វ៉ៃ​ធ្វើបាប និង​បង្អត់បាយ​ក៏​មាន​ដែរ ទើប​អ្នក​ជិតខាង​ឃើញ​សភាព​របួស​បែប​នេះ រួច​ក៏​ថត​បង្ហោះ​រូបភាព​របួស​នោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​មក​ផ្ទាល់​ឃាត់ខ្លួន​បុរស​ឱ​ពុក​បង្កើត​ដែល​វ៉ៃ​ធ្វើ​កូន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ធ្នូ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឱ​ពុក​ឈ្មោះ ហ៊ុ រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ខាងលើ បាន​នាំ​មក​សាកសួរ និង​សារ​ភាព​ថា ខ្លួន​ពិត​បាន​វ៉ៃ​ធ្វើបាប​កូនបង្កើត​របស់​ខ្លួន ដោយ​បង្ខំ​ឱ្យទៅ​ដើរ​សុំទាន ពេល​មិន​បាន​លុយ​ឱ្យ​ខ្លួន​ទិញ​ស្រា​ផឹង និង​ជក់​គ្រឿងញៀន ក៏​វ៉ៃ​ធ្វើបាប​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ជា​ឪពុក​ខាងលើ​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​យក​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​រស់នៅ​ជាមួយ​ជីដូន​បង្កើត​ឈ្មោះ សោម សា​រ៉េ​ត អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​លោក​បាន​​ណែនាំ​កម្លាំង​នាំ​យក​អំណោយ​ប្រគល់​ជូន​មាន​អង្ករ​៥០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១០​កំប៉ុង អំពិល​អ៊ីយ៉ូត​១​គីឡូក្រាម ស្ករសរ​១​គី​ឡី​ក្រាម​ថវិកា​១០០.០០០​រៀល​ផង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]