រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋសង្ស័យជាចោរលួចចង់ឃាត់ខ្លួនសួរនាំ តែបានរត់ក៏នាំគ្នាស្រែកថា «ចោរៗ» និងដេញចាប់បានព្រួតវាយស្ទើរស្លាប់ ខណៈទាំងមិនទាន់ដឹងពីបទអ្វីនៅឡើយ បណ្តាលបុរសនោះបែកក្បាលហូរឈាមដួលសន្លប់នឹងថ្នល់ បង្កជាការភ្ញាក់ផ្អើលពេញផ្លូវ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ធ្នូ ស្ថិតនៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។
ប្រភពឱ្យដឹងថា បុរសខាងលើឈ្មោះ ឃុន ហេង អាយុ៣៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ជាជនអនាថាដោយត្រូវចោទថា ដោយសារនៅមុននៅពេលកើតហេតុ គឺគាត់បានដើរទៅដើរមក អើតឡើមៗនៅក្បែរផ្ទះពលរដ្ឋមួយកន្លែង ទើបគេសង្ស័យដូច្នេះ ។ ពេលនោះ គេបម្រុងឃាត់សួរនាំ ស្រាប់តែគាត់រត់ទើបដេញចាប់ ហើយស្រែកថាចោរៗ មកដល់លើផ្លូវ271 មុខធនាគារABA ក៏មានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ចាប់បាន និងព្រួតវាយម្នាក់មួយដៃ ម្នាក់មួយជើង បណ្តាលឱ្យបែកក្បាល ហូរឈាមដួលសន្លប់នៅលើផ្លូវតែម្តង ។
ពលរដ្ឋម្នាក់អះអាងថា បុរសដែលគេសង្ស័យខាងលើនេះ គឺបម្រុងធ្វើសកម្មភាពគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិគាត់ តែពេលនិយាយចប់ ក៏គេចខ្លួនបាត់ទៅ ។ ប្រភពពីពលរដ្ឋផ្សេេងទៀតនិយាយថា គេឃើញជននេះ មានបក្សពួកម្នាក់ទៀត តែបានជិះម៉ូតូគេចបាត់ហើយ ។
ទោះបីជាយ៉ាងណា ក្រោយហេតុការណ៍នេះ គឺគ្មានអ្នកណាម្នាក់ចេញមុខនិងចេញមកដាក់ពាក្យបណ្តឹងប្តឹងបុរសសង្ស័យខាងលើនេះទេ ហើយសមត្ថកិច្ច ក៏មិនបានឃាត់ខ្លួនដែរ ។ បុរសដែលគេព្រួតវាយនេះ បានក្រោកពីសន្លប់ ដើរចេញពីកន្លែងកើតហេតុទៅមុខបន្តទៀត ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]