ឥណ្ឌា៖ សព្វថ្ងៃរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើង កំពុងពង្រីកខ្លួនកាន់តែធំទៅៗ ប៉ុន្តែបញ្ហាជាច្រើនក៏កើតឡើងទន្ទឹមគ្នានោះដែរ ជាពិសេសគឺបញ្ហាផ្លូវថ្នល់ និងកង្វក់បរិស្ថានដោយសារសំរាមប្លាស្ទិក ឬកាកសំណល់ផ្សេងៗទៀត។

ផ្លូវថ្នល់មួយកន្លែងនៅក្រុងភ្នំពេញ

ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកយកបច្ចេកទេសធ្វើផ្លូវថ្នល់ពីសំណល់ប្លាស្ទិកមកបង្ហាញ ដែលយកគំរូតាមប្រទេសឥណ្ឌា ហើយយើងអាចចាត់ទុកថាជាយុទ្ធសាស្ត្រ “ព្រួញមួយបាញ់បានសត្វបី” ពោលគឺគុណភាពផ្លូវថ្នល់កាន់តែល្អ បរិស្ថានកាន់តែស្អាត ព្រមទាំងចំណាយកាន់តែតិចទៀតផង។

ដើម្បីដោះស្រាយបញ្ហាប្រឈមដូចដែលទីក្រុង និងបណ្តាខេត្តក្នុងប្រទេសយើងកំពុងជួបប្រទះដែរ ឥណ្ឌាបានចាប់ផ្តើមធ្វើផ្លូវថ្នល់ពីសំណល់ប្លាស្ទិកនៅតាមវិថីជាច្រើន ដោយក្នុងនោះវិថី Jambulingam នៃក្រុង Chennai គឺជាផ្លូវធ្វើពីប្លាស្ទិកដំបូងបំផុតមួយក្នុងចំណោមផ្លូវជាច្រើនទៀត។

កាកសំណល់នៅឥណ្ឌា និងផ្លូវធ្វើពីសំណល់ទាំងនោះ

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រថយន្តតូចធំ និងរ៉ឺម៉កកង់បី តែងបើកកាត់ផ្លូវនេះជាប្រចាំ។ មិនត្រឹមប៉ុណ្ណោះនៅមានទឹកជំនន់ ព្យុះមូសុង និងរលកកម្តៅជារៀងរាល់ឆ្នាំផងដែរ ប៉ុន្តែច្រើនឆ្នាំក្រោយមក វានៅតែគ្មានក្រហូង ជង្ហុក ឬស្នាមប្រេះទាល់តែសោះ។

ដើម្បីធ្វើផ្លូវដ៏មានប្រយោជន៍មួយនេះគេបានប្រើកម្ទេចល្អិតៗនៃសំណល់ប្លាស្ទិក ខណៈជាតិកាវត្រូវបានបញ្ចូលបន្ថែមទៅលើកៅស៊ូចាក់ថ្នល់ ឱ្យវាខាំស្អិតជាប់គ្នាបានយូរ។ រីឯផ្ទៃខាងលើមានតម្លៃថោក ធន់នឹងសំណឹក ថែមទាំងមានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទៀតផង។

គួរឱ្យដឹងថា ឥណ្ឌាមានផ្លូវធ្វើពីប្លាស្ទិកជាង ៣៣,៧០០ គីឡូម៉ែត្រ ដែលផ្លូវ ១ គីឡូម៉ែត្រប្រើប្លាស្ទិកស្មើនឹង ១ លានថង់ ដោយជួយសន្សំសារធាតុសម្រាប់ក្រាលកៅស៊ូបានប្រមាណ ១ តោន និងចំណាយតិចជាងថ្នល់ធម្មតាខ្ទង់ ៨% ឯណោះ៕

ការធ្វើផ្លូវពីសំណល់ប្លាស្ទិក
ផ្លូវធ្វើពីសំណល់ប្លាស្ទិកនៅឥណ្ឌា
ផ្លូវធ្វើពីសំណល់ប្លាស្ទិកនៅឥណ្ឌា

សូមទស្សនាបច្ចេកទេសធ្វើថ្នល់ពីសំណល់ប្លាស្ទិក៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]