អូស្រ្តាលី៖ សត្វកង់ហ្គូរូមួយក្បាល ដែលមានកាយសម្បទាមាំមួន មាឌធំ មិនចាញ់ទៅនឹងបុរសសាច់ដុំ និងធ្លាប់ទទួលបានការចាប់អារម្មណ៍ ល្បីល្បាញខ្លាំងលើអ៊ីនធើណែត នៅពេលនេះជារឿងដ៏គួរឲ្យសោកស្តាយ ព្រោះតែវាបានងាប់ត្រឹមអាយុ ១២ឆ្នាំ។

កង់ហ្គូរូ Roger

Roger គឺជាកង់ហ្គូរូក្រហមមួយក្បាល ដែលមានកម្ពស់ ២០០សង់ទីម៉ែត្រ (ឬ២ម៉ែត្រ) ធ្លាប់ក្លាយជាតារាល្បីលើអ៊ីនធើណែត មិនចាញ់សត្វដទៃ កាលពីកំឡុងឆ្នាំ២០១៥ កន្លងទៅ បន្ទាប់ពីរូបភាពជាច្រើនសន្លឹក ដែលត្រូវបានថតឡើងដោយម្ចាស់របស់វា និងបង្ហោះចែកចាយ មានការចាប់អារម្មណ៍ខ្លាំង ចំពោះរូបរាងដ៏មាំមួនសង្ហារបស់វា ដោយសារតែ Roger មានសាច់ដុំធំៗ និងតែងតែឈរកាច់រាងពើងទ្រូងបង្អួត ធ្វើមុខមាំ និងគួរឲ្យខ្នាញ់ ។

Roger រស់នៅក្នុងដែនជម្រក The Kangaroo Sanctuary ក្នុងកូនក្រុង Alice Springs នៃតំបន់ត្រួតត្រា Northern Territory ប្រទេសអូស្រ្តាលី ដែលមានលោក Chris Barnes ជាម្ចាស់ និងជាអ្នកគ្រប់គ្រងដែនជម្រកទាំងមូល បានយកវាមកចិញ្ចឹម។

យ៉ាងណាមិញ ជារឿងដ៏គួរសោកស្តាយ ខណៈកាលពីពេលថ្មីៗកន្លងទៅនេះ Roger ត្រូវបានគេប្រកាសថាងាប់ ដែលដំណឹងនេះបានធ្វើឲ្យអ្នកដែលស្រលាញ់ និងចូលចិត្តវាជាច្រើនបានសម្ដែងអារម្មណ៍ក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់មួយនេះ។

កង់ហ្គូរូ Roger

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា Roger ត្រូវបានគេប្រកាសថាងាប់ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ដោយលោក Barnes ដែលជាម្ចាស់ដែនជម្រក។ ដោយនៅក្នុងនោះ លោក Barnes ក៏បាននិយាយរៀបរាប់ដែរថា វាគឺជាថ្ងៃដ៏ក្រៀមក្រំបំផុត ដែលពួកយើងគ្រប់គ្នានឹងត្រូវបាត់បង់ Roger ដ៏សែនឆ្លាត ស្អាត និងគួរឲ្យស្រលាញ់។

លោកថា រយៈពេលជាង ១០ឆ្នាំមកហើយ ដែលលោកបានបង្កើតដែនជម្រកនេះឡើង ប្រៀបបីដូចជាផ្ទះដ៏ស្រស់បំព្រងមួយសម្រាប់ឲ្យ Roger និងគ្រួសាររបស់វា (Ella ជាមេ និង Abigail ជាកូន) ។

Roger គឺកង់ហ្គូរូឈ្មោលដំបូងគេបង្អស់ ដែលបានមករស់នៅទីនេះជាមួយនឹងលោក អស់រយៈពេលជាច្រើនឆ្នាំ និងមានមនុស្សជាច្រើននៅជុំវិញពិភពលោក ស្រលាញ់ចូលចិត្តវាជាខ្លាំង រហូតមានអ្នកខ្លះហៅវាថា ជាស្ដេចកង់ហ្គូរូ (The King) ថែមទៀតផង។

កង់ហ្គូរូ Roger
កង់ហ្គូរូ Roger

គួរឲ្យដឹងផងដែរថា នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៦ Roger បានទទួលរងពីជំងឺរលាកសន្លាក់ ដែលធ្វើឲ្យដងខ្លួនរបស់វាហាក់កាន់តែកោង និងឆ្អឹងងាយពុកផុយ ហើយសូម្បីតែភ្នែករបស់វា ក៏ទទួលរងការធ្លាក់ចុះនៃលទ្ធភាពដែលអាចមើលឃើញផងដែរ។

លោក Barnes ក៏បានព្យាយាមយក Roger ទៅព្យាបាលផងដែរ ប៉ុន្តែស្ថានភាពនៅតែមិនអាចល្អប្រសើរ រហូតនៅទីបំផុតវាក៏ត្រូវងាប់នេះតែម្តង។

ប៉ុន្តែបើទោះបីជា Roger ឃ្លាតចាកឆ្ងាយពីលោក Barnes ក៏ពិតមែន ប៉ុន្តែលោកនៅតែមានអារម្មណ៍ថា Roger គឺតែងតែនៅទីនេះ និងនៅក្បែរលោកជានិច្ច។

ទន្ទឹមនឹងនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះការបាត់បង់ Roger និងលើកទឹកចិត្តលោក Barnes ចំពោះការខិតខំមើលថែ Roger យ៉ាងយកចិត្តទុកដាក់ផងដែរ ៕

កង់ហ្គូរូ Roger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]