(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យ០២នាក់ ជាចោរលួច(ម៉ូតូ) ទៅតុលការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

ករណីលួចនេះ កើតឡើងកាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ក្រុមទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ខណៈពេលដែលមានជនសង្ស័យ០២នាក់ កំពុងតែគាស់ស្លាកលេខចេញពីម៉ូតូ០១គ្រឿង ម៉ាកស៊ីរ៉ុស ពណ៍ខ្មៅ ពេលនោះកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ល្បាតឃើញមានការសង្ស័យក៏ឃាត់ខ្លួនពួកគេទាំង០២នាក់ មកសួរនាំ ឃើញរូបគេទាំង០២នាក់ ជាចោរលួច (ម៉ូតូ) ប្រាកដមែន។

មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹង ពួកគេទាំង០២នាក់នេះមាន ទី១៖ឈ្មោះ ជឿន ណារិទ្ធ ហៅខុង អាយុ១៨ឆ្នាំ និងទី២៖ឈ្មោះ វ៉ា សុខគា អាយុ២៩ឆ្នាំ។

ក្រោមវិធានការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ ជឿន ណារិទ្ធ ហៅខុង និងឈ្មោះ វ៉ា សុខគា បានសារភាពឲ្យដឹងថា ពួកគេទាំង០២នាក់ ទើបតែស្គាល់គ្នាបានប្រហែល០១ខែប៉ុណ្ណោះ ហើយថែមទាំងធ្លាប់ជក់គ្រឿងញៀនជាមួយគ្នាផងដែរ។

នៅថ្ងៃកើតហេតុឈ្មោះ ជឿន ណារិទ្ធ ហៅខុង បានខ្ចីម៉ូតូរបស់ឈ្មោះ ថា ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ម៉ាកស៊ីរ៉ុស ពណ៍ខ្មៅ ស្លាកលេខបាត់ដំបង1B-2896 ដោយកុហកថា ខ្ចីជិះ ទៅទិញចំណីហូប។ បន្ទាប់មករូបគេបានជិះម៉ូតូនោះ ទៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ហើយបានគាស់ស្លាកលេខម៉ូតូនោះចេញ រហូតដល់វេលាម៉ោង១០៖១៥នាទីថ្ងៃដដែល រូបគេបានឲ្យឈ្មោះ វ៉ា សុខគា ទៅទិញខ្ចៅយកមកចាប់ស្លាកលេខម៉ូតូនោះវិញ ហើយពេលដែលរូបគេទាំង០២នាក់ កំពុងចាប់ស្លាកលេខម៉ូតូនោះ ក៏មានសមត្ថកិច្ចអាវុធហត្ថចុះមកធ្វើការឃាត់ពួកខ្លួនតែម្តង។ ឈ្មោះ ជឿន ណារិទ្ធ ហៅខុង បានប្រាប់ឲ្យដឹងទៀតថា កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០១ឆ្នាំ ចេញមកវិញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ហើយពេលចេញមកវិញ រូបគេបានបន្តធ្វើសកម្មភាពលួចម៉ូតូ និងឆក់កាបូបជាញឹកញាប់ផងដែរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]