ខេត្តក្រចេះ ៖ ស្ត្រី​ជា​មេខ្យល់​ក្នុង​អំពើ​ជួញដូរ​មនុស្ស​ខុសច្បាប់​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រៅ ប្រទេស​ម្នាក់​ទៀត ត្រូវ​បាន​តុលាការ​ឃុំ​ខេត្តក្រចេះ សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ក្រោម​បទ ចោទ ប្រកាន់​ការ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លង ដែន​។

ស្ត្រី​ជា​ខ្យល់​ក្នុង​អំពើ​ជួញដូរ​មនុស្ស​អតីត​ធ្លាប់​ជា​បុគ្គលិក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ឈប់​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើ​អា​ជី​កម្ម​នោះ​ឈ្មោះ ផូ មឿ​ន អាយុ​៣១​ឆ្នាំ រស់នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក ញិ​ល ប៊ុ​ន​លី ចៅក្រម ស៊ើបសួរ​នៃ​សាលា​ដំ​បូ​ខេត្តក្រចេះ សម្រេច​ធ្វើការ​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ​។

ស្នងការ​រង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​ត​ជន​ខេត្ត លោកស្រី វរសេនីយ៍ឯក នៅ រតនា បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ជា​មេខ្យល់​រូប​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ ហើយ​​ការ​ចាប់ខ្លួន​ស្ត្រី​រូប​នេះ​ពី​កម្លាំង​សមត្ថកិច្ច គឺ​បាន​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ឱ​ពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​២៧​ឆ្នាំ​ម្នាក់​រស់នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ដែល​ស្ត្រី​រូប​នេះ​បាន​បោក​បញ្ឆោត​នាង​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​តាំងពី​ឆ្នាំ​២០១៤ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​ត្រូវ​បាន​បាត់​ដំណឹង​។

បើ​តាម​លោកស្រី​ស្នងការ​រ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​ចាប់ខ្លួន និង​សាកសួរ នគរ បាល​ជំនាញ​បាន​រក​ឃើញ​ថា ក្រោយ​បញ្ចប់​ការងារ​ពី​បុគ្គលិក​ក្រុមហ៊ុន​នាំ​ពលករ ដែល​រាជរដ្ឋាភិបាល​បាន​បិទ​មិន​ឲ្យ​មាន​អាជីវកម្ម ស្ត្រី​ជា​មេខ្យល់​រូប​នេះ និង​បក្សពួក​២​នាក់​ផ្សេង​ទៀត​នៅ​តែ​បន្ត​លួច​ធ្វើ​ជំនួញ ការ​នាំ​នារី​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​បន្ត​ទៀត​។

លោកស្រី​បញ្ជាក់​ថា មាន​នារី​ចំនួន​ជាង​៣០​នាក់​ដែល​ត្រូវ​បាន​ស្ត្រី​ជា​មេខ្យល់​រូប​នេះ និង បក្ស​ពូក​ពីរ​នាក់​ដែល​គេចខ្លួន​បាន​បោក​បញ្ឆោត​ពួក​គេ​នាំ​ចេញ​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដោយ​ខុសច្បាប់​។ នារី​ដែល​រង​គ្រោះ​ទាំង​ចំនួន​ជាង​៣០​នាក់​ដែល​ត្រូវ​បាន​ពួក​គេ​បាន​នាំ​យក​ចេញ​ក្រៅប្រទេស ក្នុង​នោះ​ភាគ​ច្រើន​មាន​រស់នៅ​ខេត្តក្រចេះ ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ​។

លោកស្រី​វរសេនីយ៍ឯក នៅ រតនា បាន​អះអាង​ថា ចំពោះ​ជន​២​នាក់​ប្តី​ប្រពន្ធ​២​នាក់​ផ្សេង ទៀត​ដែល​នៅ​ពី​ក្រោយ​ខ្នង​ស្ត្រី​សង្ស័យ​លើ​ជំនួញ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​នេះ ពេល​នេះ​ពួក​គេ កំពុង​តែ​គេចខ្លួន ហើយ​នគរ​បាល​កំពុង​តែ​ស្រាវជ្រាវ​ចាប់ខ្លួន​ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]