ខេត្តកំពត ៖ ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​សន្ធឹកសន្ធាប់​ស្ថិត​ក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកជ្រោះ​៩​ជាន់ ក្នុងភូមិ​តេ​ជោ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក បាន​ត្រូវ​ដុត​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​៥ ធ្នូ ដែល​ក្នុង​ហេតុការណ៍​ខាងលើ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​លើ​ករណី​ជម្លោះ​គ្រួសារ​ព្រោះតែ​រឿង​ប្តី​មាន​ស្រី​ខាងក្រៅ​ដែល​បាន អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ ទើបតែ​ផ្ទុះ​ឡើង ។

លោក​អនុសេនីយ៍ឯក ម៉ៅ ម៉ា​រ៉ា​ឌី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៥ ធ្នូ ក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកជ្រោះ​៩​ជាន់​មាន​ករណី​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន ដោយសារ​ជម្លោះផ្ទៃក្នុង​គ្រួសារ ។ ជម្លោះ​ប្តី​មាន​ស្រី​បង្ក​ឲ្យ​មាន​មហន្តរាយ​ខូចខាត​វិឡា​ភ្លោះ​មួយ​ដែល​គេ​សរសេរ​ឆ្លាក់​អក្សរ​ធំ​ៗ​ថា វីឡា​សំណង់​ម៉ឺន​ឆ្នាំ ខ្យូ​ស​ទទួលភ្ញៀវ​២៥​ខ្នង បឹង​ហ្កា​ឡូ​៨​ខ្នង ផ្ទះបាយ​២ និង​គ្រឿង​សិ​ង្ហា​រឹម​ដែល​មាន​តម្លៃ​មួយ​ចំនួន​ទៀត ។

លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ថា ពេល​កើតហេតុ​នោះ​មិន​មាន​អ្នក​ណា​ចូល​បាន​ទេ ដោយ​ទ្វាររបង​ត្រូវ​បាន​បិទ​ចាក់សោ​ជិត ហើយ​ក៏​មានការ​បាញ់​ដោយ​កាំភ្លើង​កា​៥៩ ចំនួន​បួន​គ្រាប់​ទៀត​ផង ។ ក្រោយ​ពី​កើតហេតុ​ស្ត្រី​ជា​ម្ចាស់​រមណីយដ្ឋាន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ ទើប​មានការ​ចុះ​ត្រួត​ព​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​នា​ថ្ងៃ​ទី​៦ ធ្នូ ។ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា​ករណី​នេះ​កើតឡើង​ដោយសារ​ប្តី​ជា​ម្ចាស់​រមណីយដ្ឋាន​ជា​អ្នក​ដុត ព្រោះតែ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ដែល​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ប្តី​លួច​ចិញ្ចឹម​ស្រី​ក្មេង ម្លោះ​ហើយ​ដុត​ចោល​តែ​ម្រ៉​ង​ទៅ ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹកជ្រោះ​៩​ជាន់​នេះ ជា​របស់​វរសេនីយ៍ឯក អាំ ផ​ល្លី​ន បម្រើ​ការ​ផ្នែក​រដ្ឋបាល​នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ​និង​អ្នកស្រី ហ៊ា​ង គ​ន្ធី ជា​ប្រពន្ធ​ដែល​បាន​ដំណើរការ​ជា​លក្ខណៈ​អេកូ​ទេសចរណ៍​ជា​យូរ​ឆ្នាំ​មក​ហើយ ថែម​ទាំង​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ជា​ច្រើន​រៀង​រាល់​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ផ្សេង​ៗ ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​សំណង់​នានា​ក្នុង​រមណីយដ្ឋាន​ហើយ ខណៈ​លោក អាំ ផ​ល្លី​ន ជា​ប្តី​ក៏​បាន​គេចខ្លួន​បាត់ ហើយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​អ្នកស្រី ហ៊ា​ង គ​ន្ធីជា​ភរិយា ។

អ្នកស្រី ហ៊ា​ង គ​ន្ធី បាន​ថ្លែង​ថា ញើស​ឈាម​មួយ​ជីវិត​ត្រូវ​រំលាយ​ត្រឹម​មួយ​យប់ ។ អ្នកស្រី​បាន​ប្រកាស​ជា​សាធារណៈ​ថា នាង​ខ្ញុំ​និង​លោក អាំ ផ​ល្លី​ន មិន​មាន​អ្វី​ពាក់ព័ន្ធ​គ្នា​ទេ ហេតុ​ដូច្នេះ​រាល់​បញ្ហា​របស់​លោក អាំ ផ​ល្លី​ន ដូច​ជា​គាត់​ដើរ​ខ្ចី​លុយ​គេ​ឬ​ក៏​បង្ក​បញ្ហា​អ្វី​អ្នកស្រី​មិន​ទទួលខុសត្រូវ​ឡើយ ។ ក្រោយ​បង្ក​មហន្តរាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ខ្ទេចខ្ទី មន្ត្រី​យោធា​ដែល​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍​ឯករូប​នេះ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]