ខេត្តសៀមរាប៖ នា​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ មានការ​ប្រទាញប្រទង់​គ្នា​រវាង​ម្ចាស់​ដី​តូប និង គណៈកម្មការ​ចម្រុះ​ក្រុង​សៀមរាប​ក្នុង​ការ​អនុវត្ត​សេចក្តីណែនាំ​របស់​ខេត្ត​ក្នុង​ការ​រុះរើ​សំណង់​តូប​លក់ដូរ​នៅ​លើ​ដី​ចំណី​ផ្លូវ​ចំនួន​២​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​វាង​ក្រុង ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀម រាប ក្រុង​ខេត្តសៀមរាប ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា​ដើម្បី​សុំ​រុះរើ​សំណង់​ទាំង​ពីរ​ចេញពី​ដី​ចំណី​ផ្លូវ​ដែល​នៅ​មុខ​ដី​របស់​ខ្លួន ។

ក្នុង​ការ​ចុះ​អនុវត្ត​រុះរើ​សំណង់​តូប​ទាំង​ពីរ​នេះ​ក្រោម​កិច្ច​ដឹកនាំ​របស់​លោក នួន ពុទ្ធា​រ៉ា អភិបាល នៃ​គណៈ​អភិបាលក្រុង​សៀមរាប​រួម​ទាំង​មេធាវី​ចុង​បណ្តឹង​ចូលរួម​ផង​ដែរ ។​

​យោង​តាម​ការ​សន្និដ្ឋាន​របស់​សាលាដំបូង​ខេត្តសៀមរាប​ក្នុង​ការ​ចេញ​សាលក្រម ដោយ​បាន​បញ្ជាក់ ទៅ​លើ​ការ​លើក​បណ្តឹង​រឿង​រដ្ឋប្បវេណី លេខ​៥៣៥ ចុះ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ ដោយ​សាលក្រម​ដោយ​មិន​ឆ្លងកាត់​ការ​ទាញហេតុផល​ផ្ទាល់មាត់​ដោយ​ខ្វះ​លក្ខខណ្ឌ​បណ្តឹង​ស្រប​តាម​មាត្រា​៣២ និង ស្រប​តាម​មាត្រា​៨១ នៃ​ក្រម នីតិវិធី​រដ្ឋប្បវេណី នៅ​ក្នុង​សេចក្តីសម្រេច​បញ្ចប់ ដោយ​លើកចោល​នូវ​បណ្តឹង​រឿង​រដ្ឋប្បវេណី​លេខ​៥៣៥ ចុះ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ នៃ​សាលក្រម​លេខ​១៣(​ណ​) ចុះ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៤ ។​

ក្នុង​សកម្មភាព​ប្រតិបត្តិការ​រុះរើ​នេះ​ដែរ ក៏​មាន​ប្រើ​ពាក្យ​សម្តី​អសុរោះ ពី​ម្ចាស់​ដី​តូប មក​កម្លាំង​ចុះ​ប្រតិបត្តិការក្នុង​ការ​រុះរើដោយ​មានការ​ប្រមាថ​នូវ​ពាក្យ​សំដី​ធ្ងន់​ៗ​នឹង​គ្នាតែ​ក្នុង​នោះ​ដែរ​មន្ត្រី​នៃ​គណៈកម្មការ​ចម្រុះ​ក្រុងក៏​មិន​មាន​ប្រើ​នូវ​ពាក្យ​សំដី​គំ​រុះ​គំរើយ និង ធ្វើការ​ប្រមាថ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី ដែល​នឹង​ធ្វើ​ឲ្យ​មាន​កើត​នូវ​អំពើ​ហិង្សា​នៅ​ពេល​នោះ​ផង​ដែរ ។​

នា​ឱកាស​នោះលោក នួន ពុទ្ធា​រ៉ា អភិ​បាល​ក្រុងក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា បញ្ហាការ​ប្តឹងផ្តល់​ចំពោះ​សំណង់​តូប​សាងសង់​លើ​ដី​ចំណី​ផ្លូវ​នេះ គឺ​កើតឡើង​ចាប់ពី​ឆ្នាំ​២០១៣​មក​ម្លេះ ហើយពី​អាណត្តិ អភិបាលខេត្ត​មួយ​ទៅ​អភិបាលខេត្ត​មួយ ក៏​ដូច​ពី​អាណត្តិ​អភិបាលក្រុង​មួយ ទៅ​អភិបាលក្រុង​មួយ នៅ​មិន​ទាន់​បាន​ធ្វើការ​ដោះស្រាយ​ចេញ​ឡើយ ។ ម្យ៉ាងទៀត​មុន​ការ​រុះរើ​ក៏​បាន​ធ្វើ​សេចក្តីជូនដំណឹង ដល់​ម្ចាស់​ដី​សំណង់​តូប​ទាំង​ពីរ​ឲ្យ​ធ្វើការ​រុះរើ​ព្រមទាំង​បាន​ធ្វើការ​ណែនាំ​ផង​ដែរ ។​

យោង​តាម​ចំណារ​របស់​សម្តេច​ប្រធានរដ្ឋសភា និង​សេចក្តី​ជូន ដំណឹង​របស់​ក្រសួងមហាផ្ទៃ ចំពោះ​ចំណាត់ការ​រុះរើ​តូប​អាណា​ធិ​ប​តេ​យ្យ​លើ​ចំណី​ផ្លូវ​រដ្ឋ និង សេចក្តីជូនដំណឹង​របស់ អាជ្ញាធរ​ខេត្ត ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ អាជ្ញាធរ​ក្រុង ដើម្បី​បញ្ចប់ទំនាស់ ក៏​ដូច​ជា​ការ​ទប់ស្កាត់​រាល​ការ​រំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​មក​បម្រើ​ផលប្រយោជន៍​ឯកជន ។​

ហើយ​ការ​អនុវត្ត​លើ​ជន​ដែល​មិន​ស្តាប់​តាម​ការ​ណែនាំ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ អាជ្ញាធរ​ខេត្ត​ឯកភាព​តាម​គោលការណ៍​ឲ្យ​សាលាក្រុង ចាត់​នូវ​វិធានការ​រុះរើ​តូប​របស់​លោក វ៉េ​ង ហ៊ា​ង ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ និង​ប៉ះពាល់​ដល់​ក្បាលដី​អ្នក​ដទៃ ទៅ​តាម​វិធានការ​ច្បាប់ លោក នួន ពុទ្ធា​រ៉ា បាន​បន្ត​ទៀត​ថា ការ​រុះរើ​តូប​នៅ​លើ​ចំណី​ផ្លូវ​នេះ​មិន​បាន​បម្រើ​ដល់​ផលប្រយោជន៍​បុគ្គល​ណា​ម្នាក់​ឡើង​គឺ​បម្រើ​ជា​សម្បត្តិ​សាធារណៈ​ហើយ​ក៏​មិន​បាន​តែ​រុះរើ​តូប​ចំនួន​ពីរ​នេះ​ទេ​គឺ​បន្ត​ធ្វើការ​រុះរើ​ជា​ជំហាន​ៗ ទៅ​តាម​សេចក្តីជូនដំណឹង​របស់​សាលាក្រុង ហើយ​ក៏​យើង​មិន​អាច​អភិវឌ្ឍន៍​បាន​ក្នុង​ពេល​តែ​មួយ​នោះ​ឡើយ ។​

លោក​បាន​បន្ត​ទៀត​ថា ថ្ងៃនេះ​អាជ្ញាធរ​ក្រុង​ត្រូវ​ធ្វើការ​អនុវត្ត​ឲ្យ​ខាង​តែ​បាន​ដើម្បី​បន្ត​អនុវត្ត ចំពោះ​តូប និង​លំនៅ​ដ្ឋា​ន​ណា​ដែល​បាន​សង់​បំពាន​រំលោភ​មក​លើ​ដី​សាធារណៈ ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់ និង សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ ទេសចរណ៍​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ត្រកាល ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត ។​

​ក្នុង​នោះ​លោក​អភិបាលក្រុង ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​គ្រប់​ស្រទាប់វណ្ណៈ​មុន​នឹង​ធ្វើការ​សាងសង់​សំណង់​អ្វីមួយ​គឺ​ត្រូវ​ធ្វើការ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ជៀសវាង​នូវ​រាល់​ការ​ខាតបង់​ទ្រព្យសម្បត្តិ​របស់​ខ្លួន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]