(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ល៉ិក វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យកាលបរិច្ឆេទគុណភាព សុវត្ថិភាពទំនិញនៅតាមម៉ាត និងម្ហូបអារហារមួយចំនួន ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន នៅក្នុងផ្សារ និងជុំវិញផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ល៉ិក វុត្ថា បានឲ្យដឹងថា ការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យនេះ បានធ្វើឡើងជាប្រចាំទៅតាមការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការពង្រឹង និងបង្កើននូវសកម្មភាព ចុះត្រួតពិនិត្យគុណភាពទំនិញ សុវត្ថិភាពម្ហូបអារហារ តាមទីផ្សារ ឲ្យដូចភ្លៀងរលឹម ដើម្បីធានាសុខុមាលភាព ជូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។

លោកបន្តថា ក្រោយការធ្វើតេស្តបឋម លើម្ហូបអាហារមួយចំនួន ក្នុងផ្សារខាងលើ មានដូចជា លតស្វិត បាញ់ឌុក ប្រហុក ត្រីងៀតក្រហម ត្រីងៀតសំយ៉ុង ស្បែកជ្រូករួចមក ជាលទ្ធផលបានវិភាគឃើញ និងធ្វើការដកហូតភ្លាមៗ លតស្វិត និងបាញ់ឌុក ចំនួន១០.៥គីឡូក្រាម ដើម្បីទុកយកទៅកម្ទេចចោល ដោយមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ ដែលធ្វើឲ្យស្វិតល្អ និងទុកបានយូរ បណ្តាលឲ្យប៉ះពាល់ដល់សុខភាព អ្នកទទួលទាន។

មន្ត្រីកាំកុងត្រូល ក៏បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា បពា្ឈប់ការប្រើប្រាស់សារធាតុបូរ៉ាក់ (ទឹកអន្សារ) ដាក់ក្នុងផលិផលបង្អែមលតស្វិត បាញ់ដុក ឬ បង្អែមផ្សេងទៀត ចាប់ពីពេលនេះតទៅ ព្រោះវាបណ្តាល ឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

លោក ល៉ិក វុត្ថា បានបញ្ជាក់ទៀតថា នៅពេលក្រោយ បើសិនអាជីវរករនៅបន្តប្រើប្រាស់ជាតិ borax លើបង្អែមទៀត នឹងចាត់វិធានការ ទៅតាមនីតិវិធី។ ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល ក៏បានត្រួតពិនិត្យនូវទំនិញដាក់លក់ តាមម៉ាតមួយចំនួនក្បែរផ្សារផងដែរ តែមិនមានទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទនោះឡើយ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]