(កំពត)៖ ជនល្មើសដែលបំផ្លាញភ្នំចំនួន៣ នៅស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានបង្ក្រាប ក្រោយពីមានប្រជាពលរដ្ឋ ព្រះសង្ឃ នៅក្នុងមូលដ្ឋាន ប្រតិកម្មខ្លាំងៗ ហើយបានរាយការណ៍មករដ្ឋបាលខេត្តថា ជាច្រើនឆ្នាំកន្លងមក មានឈ្មួញយកអាត្រាក់អ៊ិច មកជីកយកអាចម៍ដី និងរំលោភយកភ្នំធ្វើជាកម្មសិទ្ធិ ថែមទាំងកាយលប់ផ្លូវពីបូរាណ ដែលប្រជាពលរដ្ឋ ធ្វើដំណើរចុះឡើង ចេញចូលវត្ត និងមូលដ្ឋានភូមិ ឃុំ និងហ៊ុព័ទ្ធជារបងយកភ្នំទាំងមូលទៀតផង។

ក្រោយពីលោកអភិបាលខេត្ត ទទួលបានដំណឹងនេះភ្លាម នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក៏ចាត់តាំងឲ្យលោកអភិបាលរងខេត្ត ជឹង ផល្លា ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធពីខេត្ត ចុះសហការជាមួយនឹងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន និងអធិការនគរបាលស្រុក ដើម្បីចុះបង្ក្រាបឲ្យខាងតែបាននូវបទល្មើសដែលធ្វើអាជីកម្ម និងរំលោភយកភ្នំចំនួន៣ ដែលគ្មានច្បាប់ទម្លាប់ទាល់តែសោះ ហើយប្រព្រឹត្តសកម្មភាពល្មើស អស់រយៈពេល ប្រមាណ៣ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ដោយគ្មានអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធណាមួយចាប់អារម្មណ៍ឡើយ ដើម្បីយកជនល្មើសមកអនុវត្តតាមនីតិវិធី។

ព្រះសង្ឃ និងប្រជាពលរដ្ឋ បានឲ្យដឹងថា ភ្នំចំនួន៣ ដែលជនល្មើស ឈ្មោះ អ៊ុយ ជា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំសម្លាញ ស្រុកអង្គរជ័យ ខេត្តកំពត ធ្វើការឈូសឆាយបំផ្លាញ និងហ៊ុព័ទ្ធយកនោះ រួមមាន៖ ភ្នំបុណ្យ ភ្នំស្រមោច និងភ្នំពងមាន់។ ភ្នំទាំងនេះ ក៏ស្ថិតនៅក្នុងភូមិ ឃុំ ខាងលើនេះផងដែរ។

ភ្នំស្រមោច និងភ្នំពងមាន់នេះ វាលាតសន្ធឹងជាប់គ្នាជើងភ្នំ ហើយមានផ្លូវពីបូរាណ ស្ថិតនៅចំជ្រលងភ្នំ រវាងភ្នំទាំងពីនេះ តែត្រូវបាន ឈ្មោះ អ៊ុយ ជា យកអាត្រាក់អ៊ិច ជីកយកអាច៌ដីជើងភ្នំលក់ និងរំលោភយកដីភ្នំ ថែមទាំងជីកផ្តាច់ផ្លូវបូរាណ ដែលប្រជាពលរដ្ឋធ្លាប់ដើរទៅមកបិទ មិនឲ្យដើរបាន និងធ្វើរបងហ៊ុព័ទ្ធយកភ្នំ ពងមាន់ទាំងមូលតែម្តង។ រីឯភ្នំបុណ្យវិញ ស្ថិតជាប់ភ្នំស្រមោច ហើយភ្នំ២នេះ ត្រូវជនល្មើសខាងលើ ជីក ឈូសឆាយ យកអាចម៍ដីលក់ និងរំលោភយកដីដែលខ្លួនជីកហើយ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ក្នុងរូបភាពជាទ្រង់ទ្រាយធំ។

ការបំផ្លាញភ្នំទាំង៣ ពីសំណាក់ជនល្មើសខាងលើ រយៈពេលប្រមណ៣ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ដោយមានការបំផ្លាញផ្លូវសាធារណៈក្នុងភូមិ ឃុំ ជាច្រើនកន្លែង និងបំពុលបរិស្ថានទៀតផង។ ប្រជាពលរដ្ឋ តែងតែរិះគន់ និងរាយការណ៍ឲ្យអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាប។ ផ្ទុយមកវិញ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ រួមនឹងសមត្ថកិច្ច ហាក់ដូចជាបើកភ្លើងពណ៌ ឃុបឃិតគ្នា ធ្វើអំពើល្មើសខាងលើនោះ ហើយជនល្មើសតែងតែឆ្លៀតឱកាស កាន់តែធ្វើសកម្មភាពល្មើសបន្ថែមទៀត ដោយមិនខ្លាចរអែងច្បាប់បន្តិចឡើយ។

ទើបមកដល់អាណត្តិ លោកអភិបាលខេត្ត ជាវ តាយ នេះទេ ជាពិសេសនៅវេលាបង្ក្រាបនេះតែម្តង ដែលធ្វើឲ្យមានជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋសំណូមពរដល់អភិបាលខេត្ត ឲ្យចាត់ការជនល្មើសខាងលើ ទៅតាមផ្លូវច្បាប់។

តាមមន្ត្រីក្រុមការងារ មានភារកិច្ចចុះអនុវត្តបទល្មើសខាងលើ បានឲ្យដឹងថា ក្រោយពីក្រុមការងារ ដែលដឹកនាំដោយលោក ជឹង ផល្លា ចុះបង្ក្រាបរូបភាពបទល្មើសខាងលើ ដោយអនុវត្តទៅតាមនីតិវិធី ហើយជនល្មើស ឈ្មោះ អ៊ុយ ជា ត្រូវឃាត់សាកសួរ ហើយបានប្រគល់ឲ្យទៅរដ្ឋបាលព្រៃឈើ ជាអ្នកបំពេញនីតិវិធី។ រីឯវត្ថុតាងគ្រឿងចក្រ ត្រូវបានដកហូត រក្សាទុកបណ្តោះអាសន្នសិន។

មន្ត្រីរូបនេះបន្តថា ក្រុមការងារថ្នាក់ខេត្ត មានការសោកស្តាយខ្លាំងណាស់ ពីព្រោះអជ្ញាធរ និងសមត្ថកិច្ចថ្នាក់ស្រុក ដូចជាសោះអង្គើយ ក្នុងការសហការ ជាមួយមន្ត្រីថ្នាក់ខេត្ត ជាពិសេស លោកអភិបាលស្រុកអង្គរជ័យតែម្តង។ ចំពោះជនល្មើស ត្រូវបានឃាត់ខ្លួន នាំយកទៅប៉ុស្តិមូលដ្ឋាន ដើម្បីកម្លាំងអធិការដ្ឋាននគរបាលមកទទួលយកទៅសាកសួរ រហូតមកដល់ម៉ោង៦ល្ងាច ថ្ងៃដដែល នគរបាលរាយការណ៍មកវិញថា ជនល្មើសបានរត់គេចខ្លួនបាត់ហើយ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]