ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យ​កណ្តាល​ជា​មេ​តុងទីន​ម្នាក់​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ នេះ កំពុង​អង្គុយ​លក់​បន្លែ​ទាំង​កើតទុក្ខ​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ដោយ​ភ័យ​បារម្ភ​ខ្លាចក្រែង​កូនចៅ​ប្តឹង បន្ទាប់​ពី​ម្សិល​ម៉ិ​ញ​មាន​ចោរ​ស្រី​ម្នាក់​ចូល​ទៅ​លួច​លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ ខណៈ​នាង​ដើរ​ប្រមូល​លុយ​ពី​កូន​តុងទីន​រួចរាល់ ។​

​លុះ​យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​តូប​លក់​បន្លែ​ដោយ​ខ្លួន​ជាប់រវល់​ធ្វើ​បញ្ជី​ភ្លេចខ្លួន​នៅ​មុខ​តូប ស្រាប់តែ​ត្រូវ​បាន​ចោរ​ស្រី​វ័យ​ចំណាស់​ម្នាក់​ចូល​លួច​យក​កាបូប​អស់​លុយ​ជាង​១​ម៉ឺន​ដុល្លារ បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ភី ស៊ីនួន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​មេ​តុងទីន និង​លក់​បន្លែ​ក្នុង​ផ្សារ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដោយ​មាន​ជនសង្ស័យ​ពាក់អាវ​ពណ៌​ផ្កា​ម្នាក់ ភេទ​ស្រី អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ បាន​បន្សល់​ទុក​ភស្តុ​តាង​ឆត្រ​១​ដើម ដែល​ឆត្រ​នោះ​បាន​ទិញ​ពី​ផ្ទះ​យីហោ ចែ ហេង ហើយ​ក្នុង​ករណី​នេះ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ។​

​ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ដើរ​ប្រមូល​លុយ​ពី​កូន​តុងទីន​ជុំវិញ​ផ្សារ លុះ​ប្រមូល​រួច​ក៏​យក​លុយ​ទាំងនោះ​ទៅ​រក្សា​ទុក​ក្នុង​តូប​លក់​បន្លែ​របស់​ខ្លួន តែ​គាប់​ជួន​ពេល​នោះ នាង​កំពុង​តែ​លក់ដូរ​សុខ​ៗ ស្រាប់តែ​មាន​ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​មិន​ស្គាល់​មុខ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​តូប​ដើម្បី​សួរ​រក​ទិញ​ឆត្រ​មួយ​ដើម ហើយ​នាង​ក៏​ចង្អុលបង្ហាញ​ឱ្យ​ទិញ​នៅ​តូប​ផ្សេង ។​

​មួយសន្ទុះ​ក្រោយមក​ស្ត្រី​រូប​នោះ​ក៏​យក​ឆត្រ​មក​តថ្លៃ​ទិញ​បន្លែ​របស់​នាង​ដោយ​ចូល​ទៅ​ក្នុង​តូប ហើយ​ស្រប​ពេល​នោះ​នាង​កំពុង​ធ្វើ​បញ្ជី​តុងទីន​នៅ​មុខ​តូប​ក៏​ត្រូវ​បាន​ចោរ​ស្រី​នោះ​លួច​កាបូប​ទៅ​បាត់​ពេល​នាង​ចូល​ទៅ​មើល​ក៏​ស្រឡាំងកាំង​ស្រែក​ឆោ​រ​ឡោ​ផ្អើល​អស់អ្នក​ផ្សារ​តែ​ម្តង ។​

​ចំណែក​ស្ត្រី​ជា​ជនសង្ស័យ​បន្ទាប់​ពី​ទាញ​យក​បាន​កាបូប​លុយ​រួច​ហើយ​ក៏​គេចខ្លួន​បាត់​ស្រមោល ដោយ​ស្ត្រី​រង​គ្រោះ​បាន​បាត់​លុយ​ដុល្លារ​អស់​ចំនួន​១២០០$ និង​ប្រាក់​ខ្មែរ​ចំនួន​៤១០០០០០០​រៀល (​សែសិប​មួយ​លាន​រៀល​) ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]