ខេត្តក្រចេះ ៖ ឡធ្យូង​ធំ​ៗ​ចំនួន​១២​ឡ​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នៅ​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​ដុត​ធ្យូង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បាន​ប្រមូល​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​មាន​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ។ ទីតាំង​អាជីវកម្ម​មួយ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្នួល​ចុះ​ផ្អាក​សកម្មភាព​បន្ទាប់​ពី​រក​ឃើញ​ថា ការ​ធ្វើ អាជីវកម្ម​របស់​ក្រុមហ៊ុន​វៀតណាម​នេះ​មិន​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ។

ការ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឡធ្យូង​ខុសច្បាប់​ពី​ក្រុម​សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់​ពី​ឡធ្យូង​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​បាន​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់ទម្លាប់​មាន​រយៈ​ជា​ច្រើន​ខែ​មក​ហើយ ក្នុង​នោះ​ដែរ​ក៏​គេ​ដឹង​ថា មានកូន​ឈើ​តូច​ធំ​គ្រប់​ប្រភេទ មាន​ចំនួន​រាប់​ម៉ឺន​ម៉ែត្រគូប​ត្រូវ​បាន​កម្មករ​ប្រទេស​វៀតណាម​ប្រមូល​ដុត​កែ​ច្នៃ​ជា​ធ្យូង​នា​រយៈពេល​កន្លង​មកនេះ ។

សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ស្នួល​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ឡធ្យូង​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​បរិវេណ​ក្រុមហ៊ុន​ឡធ្យូង​ដ៏​ធំ​នេះ​មាន​ឡ​ចំនួន​១២​ឡ​បាន​នឹង​កំពុង​តែ​ធ្វើ​សកម្មភាព​ដុត​ធ្យូង ។ ក្រៅពី​នោះ ក៏​នៅ​មាន​ឈើ​រាប់​ម៉ឺន​កំណាត់​ផ្សេង​ទៀត​មាន​ឈើ​ស្រស់ និង​ឈើ​ចាស់​ត្រូវ​បាន​ក្រុម​កម្មក​វៀតណាម​ប្រមូល​កាត់​អារ​ដើម្បី​ដុត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ឈើ​ចំនួន​រាប់​ម៉ឺន​កំណាត់​ត្រូវ​បាន​ប្រមូល​ដុត​នៅ​ក្នុង​ឡ​ទាំង​ចំនួន​១២​ឡ ស្រប​ជាមួយ​នោះ​ក៏​មាន​ធ្យូង​ចំនួន​រាប់​ពាន់​បេ​ក៏​ត្រូវ​បាន​ប្រមូល​ដឹក​ចូល​ទៅ​វៀតណាម​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​ឡធ្យូង​ខុសច្បាប់​របស់​ក្រុមហ៊ុន​វៀតណាម​ក្នុងស្រុក​ជាប់​ព្រំដែន​នេះ​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល លោក ជា បញ្ញា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ការ​ចុះ​ពិនិត្យ​របស់​អាជ្ញាធរ​បាន​សម្រេច​ផ្អាក​មិន​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​ទៀត​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​ទៅ​ធ្វើ​ច្បាប់ទម្លាប់​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]