អាមេរិក៖ បុរសជនជាតិអាមេរិកម្នាក់នេះ បានផ្តល់មេរៀនជីវិតមួយទៅឲ្យកូនស្រីបង្កើតរបស់ខ្លួន បន្ទាប់ពីដឹងថានាងជាក្មេងក្បាលខូចម្នាក់ដែលចូលចិត្តដើរធ្វើបាបក្មេងដទៃនៅសាលារៀន។

យោងតាមសារព័ត៌មាន The Sun ដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៨ នេះបានឲ្យដឹងថា រឿងហេតុនេះកើតឡើងនៅក្នុងរដ្ឋអូហៃយ៉ូ ដែលបុរសជាឪពុកបានឲ្យកូនស្រីសំណព្វរបស់គាត់ ដើរទៅសាលាត្រាក់ៗម្នាក់ឯងចម្ងាយផ្លូវ ៨គីឡូដី ក្រោមសីតុណ្ហភាព ២អង្សាសេ។

កូនស្រីរបស់លោក Maxx

តាមសារព័ត៌មានដដែលបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ  Maxx Cox បានធ្វើរឿងមួយដើម្បីក្រើនរម្លឹកក៏ដូចជាផ្តល់ដំបូន្មានដល់ម្តាយឪពុកផ្សេងទៀតដែលចូលចិត្តកាន់ជើងកូនលើផ្លូវខុស។ ការស្រលាញ់របស់ឪពុកទៅកាន់កូនគឺតែងតែមាន ប៉ុន្តែបើកូនធ្វើខុសក៏ឪពុកម្តាយមិនគួរលើកទឹកចិត្តដែរ។

អំឡុងពេលដែលកូនស្រីគាត់ដើរទៅសាលា គាត់បានទាញទូរស័ព្ទថតយកសកម្មភាពនិងបរិយាយពីទង្វើដែលនាងបានធ្វើនៅសាលារៀន។

តាមប្រសាសន៍របស់លោក Maxx ដែលបាននិយាយរៀបរាប់ក្នុងវីដេអូនោះថា៖

"មកមើលកូនស្រីរបស់ខ្ញុំ។ នាងមានអាយុ១០ឆ្នាំ។ នេះជាលើកទីហើយ ដែលខាងសាលាបញ្ឈប់នាង មិនឲ្យជិះឡានក្រុងជាមួយសិស្សដទៃ ដោយសារនាងចូលចិត្តធ្វើបាបគេឯងពេក។ ខ្ញុំបញ្ជាក់ថា ការធ្វើបាបមនុស្សដទៃគឺគ្មានទេក្នុងគ្រួសាររបស់ខ្ញុំ។ ខ្ញុំមិនអាចទទួលយកទង្វើនេះបានឡើយ។ នៅថ្ងៃសុក្រនេះ ខ្ញុំបានទទួលសំបុត្រមួយពីខាងសាលា។ ក្នុងនោះគេសរសេរថា កូនស្រីរបស់ខ្ញុំត្រូវបានគេបញ្ឈប់លែងឲ្យជិះឡានក្រុងសាលាទៀតហើយ។ នាងប្រាប់ខ្ញុំថា ប៉ាត្រូវជូនខ្ញុំទៅសាលានៅសប្តាហ៍ក្រោយ។ លោក Maxx បន្តថាឥឡូវនេះអ្នកទាំងអស់គ្នាប្រហែលជាឃើញហើយ។ នាងត្រូវដើរទៅសាលារៀនដោយខ្លួនឯងក្នុងចំងាយ៥ម៉ាយ (៨គីឡូម៉ែត្រ) ក្រោមសីតុណ្ហភាពអាកាសធាតុ២អង្សាសេនេះ។ ប្រហែលជាឪពុកម្តាយជាច្រើននឹងមិនយល់ស្របនូវទង្វើដែលខ្ញុំធ្វើលើកូនស្រីខ្ញុំនេះទេ។ តែវាមិនអីទេសម្រាប់ខ្ញុំ។ ដោយសារខ្ញុំគិតថា ខ្ញុំបានធ្វើរឿងមួយដែលខ្ញុំគិតថាត្រឹមត្រូវ ដើម្បីផ្តល់មេរៀនជីវិតមួយទៅឲ្យកូនស្រីរបស់ខ្ញុំផ្ទាល់។ដូច្នេះហើយក្មេងៗណាដែលបានមើលវីដេអូនេះ ត្រូវចាំថាការធ្វើបាបអ្នកដទៃគឺជាទង្វើខុសឆ្គងមួយ។ ទង្វើនេះគឺមិនអាចទទួលយកបានឡើយ ទោះបីជានៅទីកន្លែងឫកាលៈទេសៈណាមួយក៏ដោយ។ អរគុណអ្នកទាំងអស់គ្នា, សំណាងល្អ"។ 

លោក Maxx និងកូនស្រី

គួរបញ្ជាក់ថាវីដេអូដែលលោក Maxx បានបង្ហោះក្នុងបណ្តាញសង្គមកន្លងទៅនេះបានទទួលការចាប់អារម្មណ៍ពីសំណាក់មនុស្សម្នាផ្សេងទៀតជាច្រើន។ ពួកគេបានសរសើរថាលោក Maxx គឺជា "ឪពុកដ៏ល្អម្នាក់"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]