ជាការពិតផ្លែចេកជាផ្លែឈើដ៏ល្បីមួយដែលងាយស្រួលហូប បានគ្រប់ពេលវេលា។ ជាពិសេសគេនិយមបរិភោគវានៅពេលព្រឹកព្រលឹមពោះទទេ ឬក្រោយពេលហាត់កីឡា ឬប្រើប្រាស់ថាមពលអស់ច្រើន ដោយសារវាសំបូរប្រូតេអ៊ីន ជំនួយដល់កម្លាំងនៃរាងកាយនេះឯង។  ប៉ុន្តែអ្នកដឹងទេ ផ្លែចេកក៏សំបូរសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតដែរ។

ខាងក្រោមនេះ ជាសារធាតុចិញ្ចឹមសំខាន់ទទួលបានពីផ្លែចេក និង អត្ថប្រយោជន៍របស់វា៖ 

១. សារធាតុប៉ូតាស្យូម

ផ្លែចេកជាប្រភពនៃសារធាតុប៉ូតាស្យូមដែលជាតម្រូវការរបស់ប្រព័ន្ធរបត់ឈាមជាចាំបាច់ ដោយសារឥទ្ធិពលរបស់វារក្សាសម្ពាធឈាមឲ្យនៅធម្មតា។ ការរក្សាសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតមួយធម្មតា ជាកត្តាសំខាន់ក្នុងការថែរក្សាសុខភាពសរសៃឈាម និងបេះដូង ហើយជាពិសេសកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមជាដើម។

ដូច្នេះទទួលទានផ្លែចេកជារៀងរាល់ព្រឹក ដើម្បីការពារលោកអ្នកពីជំងឺលើសឈាម។ 

រូបតំណាង

២. វីតាមីនC

ផ្លែចេកបើទោះបីជាពុំមានរសជាតិជូរ តែជាប្រភពនៃវីតាមីនC ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារកោសិកាពីការខូចខាតដោយសារសារធាតុពុលមួយចំនួន និងពពួករ៉ាឌីកាល់សេរីជាដើម។

អ្នកដឹងទេថានៅពេលយើងឈឺផ្តាសាយម្តងៗ វីតាមីនC បានចូលរួមចំណែកអន្តរាគមភ្លាមៗទប់ទល់នឹងឥទ្ធិពលរបស់ពួកវីរុស មុននឹងពពួកកោសិកាឈាមស (ភ្នាក់ងារប្រឆាំងនឹងមេរោគ) មានសកម្មភាព។

ក្រៅពីនេះ វីតាមីនC ក៏ជាភ្នាក់ងារចូលរួមចំណែកពង្រឹងសុខភាពបេះដូង ជួយឲ្យស្បែកហាប់ណែនល្អ និងជាពិសេសប្រឆាំងនឹងការវិវឌ្ឍន៍នៃកោសិកាមហារីក។

ដូច្នេះហូបផ្លែចេកយ៉ាងតិចណាស់ ២ផ្លែក្នុង១ថ្ងៃ នឹងជួយការពារលោកអ្នកពីការបង្កជំងឺសាមញ្ញដូចជា ផ្តាសាយជាដើម។

រូបតំណាង

៣. សារធាតុសរសៃ

ផ្លែចេក ជាប្រភពនៃសារធាតុសរសៃយ៉ាងច្រើន ដែលបានដើរតួនាទីយ៉ាងសំខាន់ជួយទៅដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ សារធាតុសរសៃនេះ ជាតម្រូវការដ៏សំខាន់សម្រាប់ប្រព័ន្ធរំលាយអាហារ ជាពិសេសពោះវៀនធំ។ វាជួយដល់ការសម្រូបនៃសារធាតុចិញ្ចឹមពីចំណីអាហារ សម្រួលដល់ការដឹកនាំ និងបញ្ចេញចោលកាកសំណល់តាមផ្លូវបញ្ចេញចោល។ អ្នកដឹងទេ  ផ្លែចេកប្រៀបដូចជាជាឱសថធម្មជាតិប្រឆាំងនឹងបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះ បរិភោគផ្លែចេកជារៀងរាល់ថ្ងៃ ដើម្បីសុខភាពនៃប្រព័ន្ធរំលាយអាហាររបស់លោកអ្នក។ 

រូបតំណាង

៤. វីតាមីនB6

ហូបផ្លែចេកមួយផ្លែ អាចផ្តល់បរិមាណនៃវីតាមីនB6 បានរហូត៣៣%នៃកម្រិតទទួលទានប្រចាំថ្ងៃទៅហើយ។

វីតាមីនB6 ជាវីតាមីនមួយដ៏សំខាន់ខ្លាំង សម្រាប់ការទ្រទ្រង់នៃសុខភាពខួរក្បាល ដោយវាបង្កើនការចងចាំ និងពង្រឹងសមត្ថភាពនៃការគិតពិចារណា តាមរយៈការការពារ និងបង្កើតថ្មីនូវកោសិកាណឺរ៉ូនបន្ថែមទៀតសម្រាប់ខួរក្បាល។

ដូច្នេះទទួលទានផ្លែចេកជារៀងរាល់ថ្ងៃ ដើម្បីសុខភាពនៃប្រព័ន្ធប្រសាទរបស់លោកអ្នក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]