ឥណ្ឌា៖ ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់ និងធ្លាប់បានទស្សនានៃវីដេអូឃ្លីបរបស់លោកយាយចំណាស់ជនជាតិឥណ្ឌាម្នាក់ ដែលល្បីល្បាញខាងធ្វើម្ហូបបែបស្រុកស្រែ (ឬប្រពៃណីបុរាណ-ឥណ្ឌា) នៅក្នុងយូធូប ខណៈកាលពីពេលថ្មីៗកន្លងទៅនេះ ជារឿងដ៏គួរឲ្យសោកសៅដែលលោកយាយបានទទួលមរណភាពនៅអាយុ ១០៧ឆ្នាំ។

លោកយាយ Mastanamma

លោកយាយ Mastanamma ជាអ្នកស្រុករស់នៅក្នុងតំបន់ភូមិដាច់ស្រយាល នាទីក្រុង Gudivada រដ្ឋ Andra Pradesh ប្រទេសឥណ្ឌា។ លោកយាយ Mastanamma គឺជា Youtuber ខាងចម្អិនម្ហូបម្នាក់ ដ៏មានឈ្មោះល្បីល្បាញ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងលើនៅយូធូប រហូតថែមទាំងត្រូវបានមហាជនជាច្រើន ចាត់ទុកលោកយាយថា ជា Youtuber ដែលមានវ័យចំណាស់ជាងគេបង្អស់លើពិភពលោកថែមទៀតផង។

ការស្លាប់របស់លោកយាយ Mastanamma ត្រូវបានរាយការណ៍កាលពីថ្ងៃអង្ការ កន្លងទៅនេះ ដោយគេហទំព័រ The News Minute ដោយរោគាពាធ ដែលនេះគឺជាដំណឹងទុក្ខសោក និងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារក៏ដូចជាបងប្អូនសាច់ញាតិទាំងអស់របស់លោកយាយ។

លោកយាយ Mastanamma

គួរឲ្យដឹងផងដែរថា រាល់វីដេអូសកម្មភាពធ្វើម្ហូបរបស់លោកយាយជើងចាស់ Mastanamma គឺសុទ្ធសឹងតែទទួលបានការគាំទ្រ និងចុចចូលមើលយ៉ាងច្រើនខ្ទង់ សែន លាន ដងឯណោះ។ ហើយនៅក្នុងនោះ ស្នាដៃធ្វើម្ហូបបែបស្រុកស្រែ ឬសាមញ្ញៗ (បែបប្រពៃណីឥណ្ឌា) ដែលទទួលបានការពេញចិត្តខ្លាំងបំផុតនោះ រួមមានដូចជា មាន់ដុតឪឡឹក ការីសាច់មាន់/ត្រី និងមាន់ដុតបំពង់ឫស្សី (Bamboo Chicken Byriani) ជាដើម។

វីដេអូទាំងអស់នោះត្រូវបានថត និងបង្ហោះចែកចាយដោយចៅប្រុសរបស់លោកយាយផ្ទាល់ គឺលោក Karre Laxman ដែលបានចាប់ដៃគ្នាជាមួយនឹងមិត្តភក្តិរបស់លោក គឺលោក Srinath Reddy បន្ទាប់ពីអ្នកទាំងពីរបានមើលឃើញថា លោកយាយ Mastanamma មានស្នាដៃក្នុងការធ្វើម្ហូបយ៉ាងទាក់ទាញ ទើបបំផុសគំនិតអ្នកទាំងពីរ ឲ្យថតជាវីដេអូសកម្មភាពរបស់លោកយាយ ដើម្បីជាការចែកចាយបន្តនូវវិធីធ្វើម្ហូបបែបប្លែកៗ និងងាយៗនោះតែម្តង។

ពួកគេបានចាប់ផ្តើមថត នាកំឡុងឆ្នាំ២០១៦ ដោយបានបង្កើត Channel Youtube មួយ ឈ្មោះថា «Country Foods» ដោយមានអ្នកចុចតាមដាន (Subscribers) ជាង១លាននាក់ ហើយចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់លោកយាយ Mastanamma ក៏ត្រូវបានគេស្គាល់ជាបន្តបន្ទាប់ និងល្បីល្បាញតែម្តង។

លោកយាយ Mastanamma

គួរឲ្យដឹងបន្ថែមថា Channel យូធូបមួយនេះ បានបញ្ឈប់ការបង្ហោះស្នាដៃធ្វើម្ហូបរបស់លោកយាយ Mastanamma បើគិតទៅរយៈពេល៦ខែមកហើយ ដោយសារតែ សុខភាពរបស់គាត់ទ្រុឌទ្រោមខ្លាំង ពុំអាចបន្តធ្វើទៀតបាន រហូតដល់គាត់ទទួលមរណភាពនេះ។ ប៉ុន្តែនៅក្នុងនោះ ក៏មានវីដេអូសកម្មភាពធ្វើម្ហូប របស់ស្រ្តីផ្សេងទៀត ដែលលោក Laxman និងលោក Reddy បានថតបង្ហោះចែកចាយផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

លោកយាយ Mastanamma
លោកយាយ Mastanamma
លោកយាយ Mastanamma
លោកយាយ Mastanamma
លោកយាយ Mastanamma
លោកយាយ Mastanamma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]