រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​ជំនាញ​ដើរ​គាស់​លួច​កញ្ចក់​រថយន្ត​សេរី​ទំនើប​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ធាក់​ម៉ូតូ​ផ្តួល និង​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​គាស់​កញ្ចក់​រថយន្ត​សេរី​ទំនើប​ម៉ាក​តូ​យ៉ូ​តា​អាល់​ហ្វា​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​គេច​មិន​រួច ។

ហេតុការណ៍​ដេញចាប់​ជនសង្ស័យ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បុរី​លឹ​ម ឈាង​ហាក់ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ឈ្មោះ ជិន វិសុទ្ធ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ចល័ត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ សូរ ហ៊ី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​លឹ​ម ឈាង​ហាក់ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1T- 3696 ជិះ​ឆ្វែល​ប្រហែលជា​២​ជុំ ស្រាប់តែ​ឈប់​ម៉ូតូ ហើយ​ធ្វើ​សកម្មភាព​គាស់​កញ្ចក់​រថយន្ត​សេរី​ទំនើប​ខាងលើ​ដែល​ចត​នៅ​ច​ញ្ចើ​ម​ផ្លូវ ក្នុង​បុរី​បាន​សម្រេច តែ​ត្រូវ​បាន​សន្តិសុខ​យាម នៅ​គោលដៅ​នោះ​ឃើញ​ទាន់​ក៏​ស្រែក​ចោរ​ៗ ត្រូវ​ម្ចាស់​រថយន្ត និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ធាក់​ម៉ូតូ​ផ្តួល​ចាប់​បាន នៅ​ក្នុងភូមិ​គង្គារ​ផុស ក្នុង​សង្កាត់​ទួល​សង្កែ​២ ហើយ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន ។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​កញ្ចក់​នោះ​ត្រឡប់​មក​វិញ និង​រក​ឃើញ​មួយគូ​ទៀត ។ ជនសង្ស័យ​ត្រូវ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប​ញ្ជួ​ន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]