អាហារសំបូរដោយបន្លែ តែងនាំអត្ថប្រយោជន៍ដល់សុខភាពក្រៃលែង។ មិនថាបន្លែណាឡើយ សុទ្ធសឹងតែមានសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលខ្លះដូចៗគ្នា រីឯ ខ្លះវិញមានសារធាតុពិសេសផ្សេងៗពីគ្នា។ ជាក់ស្តែង ខ្ទឹមបារាំង ជាប្រភេទបន្លែមើម សំបូរសារធាតុចិញ្ចឹមយ៉ាងសំបូរបែប ដែលជាតម្រូវការយ៉ាងចាំបាច់ចំពោះរាងកាយ។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់មួយចំនួនធំៗ ទទួលបានពីការបរិភោគខ្ទឹមបារាំង៖

១. ខ្ទឹមបារាំងជាប្រភពនៃវីតាមីន C

ពេលយើងឈឺផ្តាសាយម្តងៗ វីតាមីនC បានចូលរួមចំណែកអន្តរាគមភ្លាមៗទប់ទល់នឹងឥទ្ធិពលរបស់ពួកវីរុស មុននឹងពពួកកោសិកាឈាមស (ភ្នាក់ងារប្រឆាំងនឹងមេរោគ) មានសកម្មភាព។

នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយចំនួន បានបង្ហាញថា វីតាមីនC បានជួយកាត់បន្ថយឥទ្ធិពលមេរោគ ហើយកាត់បន្ថយរយៈពេលបង្ករោគ ទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម ជាពិសេសជំងឺផ្តាសាយនេះឯង។

ការបរិភោគរបបអាហារដែលសំបូរវីតាមីនC ជួយពង្រឹងប្រព័ន្ធការពាររាងកាយយើង ទប់ទល់នឹងពពួកមេរោគទាំងឡាយ ដែលធ្វើឲ្យហានិភ័យនៃការបង្កជំងឺក៏មានការធ្លាក់ចុះដែរ។

ផលិតផលថែរក្សាសម្ជស្សភាគច្រើន សុទ្ធតែមានរួមបញ្ចូលវីតាមីនC។ នេះក៏ដោយសារវីតាមីនដ៏សំខាន់មួយនេះ បានជួយជំរុញដល់ការផលិតសារធាតុកូឡាសែននៃស្បែក ដែលធ្វើឲ្យស្បែកហាប់ណែន និងមានម៉ត់រលោង។

ដូចគ្នាផងដែរ វីតាមីនC ក៏បានចូលរួមចំណែកកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍នៃកោសិកាមហារីក តាមរយៈការលុបបំបាត់ និងប្រឆាំងពពួលម៉ូលេគុលសេរី ដែលអាចប៉ះពាល់ដល់លក្ខណៈធម្មតារបស់កោសិកា។ 

រូបតំណាង

២. ខ្ទឹមបារាំងជាប្រភពនៃអាស៊ីតហ្វូលិច ឬ វីតាមីន B9

វីតាមីន B9 ទទួលបានពីខ្ទឹមបារាំង បានចូលរួមចំណែកយ៉ាងសកម្មផលិតកោសិកាឈាម (ផ្លាកែត) ដែលដើរតួនាទីយ៉ាងសំខាន់ធ្វើឲ្យគ្រាប់ឈាមក្រហមកក នៅពេលមានរបួសរហែកចេញឈាម និងនៅពេលឈាមមានសភាពរាវខ្លាំងពេក។

អត្ថប្រយោជន៍នេះបង្ការបញ្ហាជាច្រើនទាក់ទងនឹងការហូរឈាម អាចជាការហូរឈាមទាំងក្នុងនិងក្រៅរាងកាយ។

រូបតំណាង

៣. ខ្ទឹមបារាំងជាប្រភពនៃវិតាមីន B6

វីតាមីនB6 ទទួលបានពីការទទួលទានខ្ទឹមបារាំង ត្រូវបានគេរកឃើញថា សារធាតុនេះបានជួយពង្រឹងដល់ដំណើរនៃខួរក្បាល បង្កើនសមត្ថភាពនៃការចងចាំ ការគិតពិចារណា និងការពារខួរក្បាលពីការខូចខាតនៃកោសិកាណឺរ៉ូនទៀតផង។

រូបតំណាង

៤. ខ្ទឹមបារាំងក៏សំបូរសារធាតុរ៉ែ

ប៉ូតាស្យូមជាសារធាតុរ៉ែដ៏សំខាន់ខ្លាំង ក្នុងការរក្សាលំនឹងនៃសម្ពាធឈាមក្នុងរាងកាយឲ្យនៅធម្មតា។

នៅពេលកំហាប់សូដ្យូម ឬអំបិលក្នុងឈាមយើងកើនឡើងលើសធម្មតា ដូចជាតាមរយៈបរិភោគអាហារប្រៃច្រើនពេក ឬក៏អាហារសំបូរជាតិអំបិលនោះ វាអាចបណ្តាលឲ្យសម្ពាធឈាមយើងកើនឡើង ចង្វាក់បេះដូងដើរញាប់។ ជាលទ្ធផល វា បង្កហានិភ័យនៃជំងឺលើសឈាម ដែលអាចប៉ះពាល់ដល់សុខភាពរបស់លោកអ្នក។

ដូច្នេះសារធាតុប៉ូតាស្យូម ទទួលបានពីខ្ទឹមបារាំង ជាភ្នាក់ងារដ៏ចម្បងរក្សាលំនឹងនៃសារធាតុសូដ្យូមទាំងក្នុងកោសិកា និងក្នុងចរន្តឈាម៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]