ប៉េងប៉ោះជាប្រភេទបន្លែដែលគេពេញនិយមទូទាំងពិភពលោក ដោយសាររសជាតិដ៏ជូរឆ្ងាញ់អាចបង្កើនឱជារសនៃម្ហូប និងអាចប្រើប្រាស់ស្ទើរគ្រប់មុខម្ហូប រាប់តាំងពីសម្ល ឆា និងជាទឹកជ្រលក់ទៀតផង។

អ្នកដឹងទេថាប៉េងប៉ោះក៏សំបូរដោយសារធាតុចិញ្ចឹមយ៉ាងច្រើនសំបូរបែប រាប់តាំងពីវីតាមីនច្រើនប្រភេទ សារធាតុរ៉ែ សារធាតុសរសៃ និងសារធាតុប្រឆាំងជាតិពុលជាដើម។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់ៗទទួលបានពីការបរិភោគប៉េងប៉ោះ៖

១. ប៉េងប៉ោះជាប្រភពនៃសារធាតុរ៉ែសំខាន់ៗ

សារធាតុរ៉ែសំខាន់ពីរប្រភេទទទួលបានពីផ្លែប៉េងប៉ោះបានដើរតួនាទីយ៉ាងសំខាន់ពង្រឹងសុខភាពឆ្អឹងឲ្យកាន់តែរឹងមាំ។ សារធាតុម៉ាញេស្យូមបានចូលរួមចំណែកយ៉ាងសកម្មផលិតអរម៉ូនពិសេសម្យ៉ាង (កាល់ស៊ីតូនីន) ហើយអរម៉ូននេះជាភ្នាក់ងារដ៏ចាំបាច់បំផុតក្នុងការចាប់យកសារធាតុកាល់ស្យូមបញ្ចូលក្នុងឆ្អឹងដើម្បីឲ្យឆ្អឹងរឹងមាំ។ ចំណែកឯទី២វិញ ប៉េងប៉ោះសំបូរប៉ូតាស្យូមដែលការពារពីការខូចខាតនៃកោសិកាឆ្អឹងដោយសារប្រតិកម្មគីមីក្នុងខ្លួន ហើយវាបង្ការការបាត់បង់សារធាតុកាល់ស្យូមនៅពេលយើងចាស់ទៅ។

២. ប៉េងប៉ោះក៏ជាប្រភពនៃវីតាមីនCដ៏ច្រើន

វីតាមីនC ជាប្រភេទវីតាមីនដែលមានសារៈសំខាន់ជាចាំបាច់សម្រាប់ការការពារកោសិកាពីការខូចខាត។ វារក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរ ការពារពីជំងឺខ្វះជាតិដែក បន្ថយសម្ពាធឈាមមកនៅធម្មតា ការពារយើងពីជំងឺលើសឈាម ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងល្អប្រឆាំងជំងឺផ្សេងៗ ការពារពីការបាត់បង់ការចងចាំនិងសតិស្មារតី  ជាពិសេសល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញដោយការពារប្រឆាំងនឹងជំងឺអញ្ចាញធ្មេញ។

៣. ប៉េងប៉ោះសំបូរសារធាតុសរសៃ

ប៉េងប៉ោះសំបូរសារធាតុសរសៃដ៏ច្រើន ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់រក្សាលំនឹង និងដំណើរការធម្មតានៃពោះវៀន។  សារធាតុអង់ស៊ីមទទួលបានពីប៉េងប៉ោះ ដើរតួនាទីយ៉ាងសំខាន់បំបែកប្រូតេអ៊ីនដែលទទួលបានពីចំណីអាហារ (ភាគច្រើនសាច់) ឲ្យម៉ត់ល្អ ងាយស្រួយដល់ពោះវៀនធ្វើការស្រូបយកសារធាតុចិញ្ចឹមទាំងនោះ បានល្អនិងងាយស្រួល។  កត្តានេះជាជំនួយដល់ការរំលាយអាហារ និងពង្រឹងសុខភាពពោះវៀនយើង។

លោកអ្នកដឹងទេថា សារធាតុសរសៃនេះក៏ជាឱសថធម្មជាតិបំបាត់អាការទល់លាមកយ៉ាងមានប្រសិទ្ធភាពផងដែរ។

៤. ប៉េងប៉ោះជាប្រភពនៃសារធាតុប្រឆាំងនឹងជាតិពុល

ប៉េងប៉ោះមានផ្ទុកសារធាតុប្រឆាំងនឹងជាតិពុលពិសេសមួយប្រភេទ ដែលគេបានរកឃើញថាវាចូលរួមចំណែកប្រឆាំងនឹងការរីកលូតលាស់នៃកោសិកាមហារីក តាមរយៈការទប់ទល់នឹងប្រតិកម្មអុកស៊ីតកម្មដែលកោសិកាយើងរងឥទ្ធិពលនេះរាល់វិនាទី ដែលជាដើមហេតុធ្វើឲ្យកោសិកាមានការលូតលាស់ខុសប្រក្រតីនិងបង្កជាកោសិកាមហារីកនេះឯង។ ដូច្នេះហូបប៉េងប៉ោះឲ្យបានជាប់ជាប្រចាំ អាចការពារលោកអ្នកពីការវិវឌ្ឍន៍នៃជំងឺមហារីកពោះវៀនធំ ក្រពេញប្រូស្តាត និងជំងឺមហារីកសួត។

ដូចគ្នានេះដែរសារធាតុប្រឆាំងនឹងជាតិពុលដែលមានផ្ទុកក្នុងផ្លែប៉េងប៉ោះ មានមេកានិចពិសេសមួយទៀតដែលមានតួនាទីប្រឆាំងបញ្ហាឈាមកកក្នុងសរសៃឈាមដែលច្រើនបណ្តាលមកពីស្ទះដោយសារដុំកករផ្តុំតាមសរសៃឈាម។

អ្នកដឹងទេថា ការស្ទះសរសៃឈាមជាពិសេសនៅខួរក្បាលមានសរសៃឈាមតូចៗល្អិតឆ្មារ អាចបណ្តាលឲ្យអ្នកបាត់បង់ស្មារតីភ្លាមៗ ហើយវាអាចប៉ះពាល់ទៅដល់ដំណើរការធម្មតានៃប្រព័ន្ធប្រសាទនិងសរីរាង្គផ្សេងៗទៀត។

ប៉ុន្តែការហូបផ្លែប៉េងប៉ោះឲ្យបានញឹកញាប់ អាចបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។

៥. ប៉េងប៉ោះក៏ជាប្រភពនៃវីតាមីន B និង E

វីតាមីនប្រភេទB និង E គេបានរកឃើញថា ពពួកវីតាមីនទាំងនេះដើរតួនាទីយ៉ាងសំខាន់ពង្រឹងសុខភាពខួរក្បាល ជួយកាត់បន្ថយការខូចខាតកោសិកាខួរក្បាល ហើយបង្កើននៅការចងចាំ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]