ខេត្តកណ្ដាល ៖ អាថ៌កំបាំងនៅពីក្រោយថៅកែដអរិយក្សត្រ​ស្លាប់ក្នុងថ្លុកឈាម ដោយ​គ្រាប់​កាំ​ភ្លើងខ្លីម៉ាក​K៥៩ គឺ​នៅមិន​ទាន់មានប្រភពណាមួយច្បាស់លាស់ បញ្ជាក់អំពីមូលហេតុ​នៃការស្លាប់របស់ជន​រង​គ្រោះ​នោះ​ឡើយទេ នៅព្រឹកថ្ងៃទី​០៥ ធ្នូ នេះ គ្រាន់តែសមត្ថ​កិច្ចបានសន្និដ្ឋានជំហាន​ដំបូងថា ជាអំពើអត្តឃាត ដោយ​វិបត្ត ។

យោងតាមសេចក្តីរាយការណ៍របស់សមត្ថ​កិច្ចបានឱ្យ​ដឹងថា កាលពីវេលាម៉ោង០៥ និង១៥នាទីថ្ងៃទី០៤ ធ្នូ ២០១៨ វេលាម៉ោង០៥ និង១៥នាទីល្ងាច នៅត្រង់​ចំណុចក្នុងបន្ទប់ផ្ទះ (ទីស្នាក់ការ) ជនរង​គ្រោះ​នៅ​កំពង់​ទូកដ​​ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល មានករណីធ្វើ​អត្តឃាតកម្មមួយកើតឡើង ដែល​ជនរងគ្រោះត្រូវបានគេស្គាល់ គឺ​ឧក​ញ៉ា វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ឆ្នាំ ជាអនុប្រធាន​នាយក​ដ្ឋាន​អន្តោប្រវេសន៍ មានឋានន្ទរស័ក្តជាឧត្តមសេនីយ៍ត្រី និង​ជាម្ចាស់ភាគហ៊ុនកំពង់​ចម្លងទូកដ​អរិយក្សត្រ-​ភ្នំពេញ មានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ។

វត្ថុតាងចាប់យក​នៅកន្លងកើតហេតុ គឺ​មាន​អាវុធខ្លី១ដេីមម៉ាកK៥៩ លេខ ៣១១៧, បង់៣​គ្រាប់, ១៧ គ្រាប់, សំបកគ្រាប់១, ក្បាលគ្រាប់១ ។ សេចក្តីរាយការណ៍បន្តថា នៅវេលាម៉ោងខាងលើ ឈ្មោះវ៉េង ដារិទ្ធ ជាតំណាងឱ្យ​ឈ្មោះ វ៉ាន់ រ៉ាម៉ុន ដែលជាអ្នកមើលការខុសត្រូវកំពង់ចម្លងទូកដភ្នំពេញ-អរិយក្សត្រ បានដើរ​ចូលទៅក្នុងផ្ទះរបស់លោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេងចាក់សាឡាង ។

ពេលដើរចូលទ្វាររបងផ្ទះលោកឧកញ៉ាបិទ និងខ្ទាស់គន្លឹះពី​ខាងក្នុងជាប់ ឃើញដូច្នោះ ឈ្មោះ វ៉េង ដារិទ្ធ ក៏បានផ្លោះរបង ដើម្បីចូលរៀបចំទុយោប្រេង ហើយឈ្មោះ វ៉េង ដារិទ្ធ​ក៏បានទៅគោះទ្វារ​បន្ទប់​លោក​ឧកញ៉ា វ៉ាន់ រ៉ាម៉ុន តែមិនមានឮសំឡេង​ឆ្លើយទេ​ ទើបច្រានទ្វារចូលទៅស្រាប់តែឃើញលោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែកក្រាលពូក និង​មាន​ហូរឈាមពេញលេីឥដ្ឋការ៉ូ ក្នុងបន្ទប់របស់ជនរងគ្រោះ ។

បន្ទាប់ពីឃើញហេតុការណ៍ដូច្នេះ ឈ្មោះ វ៉េង ដារិទ្ធ បានរាយការណ៍ទៅ​សមត្ថកិច្ច ទើបមាន​ការ​ភ្ញាក់ផ្អើល​មនុស្សកុះករទៅចោមរោមមើលកន្លែងកើតហេតុ បន្ទាប់មកបានមានកម្លាំង សមត្តកិច្ចមូលដ្ឋាន សហការ ជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត ដែលហៅថា (គណៈកម្មការចុះពិនិត្យ សាកសព) ចុះពិនិត្យ​កន្លែង​កើតហេតុ ។

ក្រោយពេលពិនិត្យចប់សព្វគ្រប់ គណៈកម្មការបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះធ្វេីអត្តឃាតសម្លាប់ខ្លួន (បាញ់ខ្លួនឯង) ដោយប្រើបាស់អាវុធខ្លី K៥៩ របស់ខ្លួនឯង បាញ់ចំនួន០១គ្រាប់ ចំណុចលើសៀតផ្កាខាង

ស្ដាំ ធ្លាយមកសៀតផ្កា ខាងឆ្វេង ។ សពស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអីបង្អែក ក្នុងសភាពពាក់​ស្បែកជើង និងស្រោមជើង មូលហេតុមានវិបត្តិ ។

បន្ធាប់ពីគណៈកម្មការធ្វើកោសលវិច្ច័យពិនិត្យ​សាក​សពចប់សព្វគ្រប់ រហូតដល់ម៉ោងជា១០យប់ សាក​សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទាក់ទងរថយន្តមន្ទីរពេទបង្អែកអរិយក្សត្រ​ដឹកយកទៅ​តម្កល់នៅ​គេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

អ្វីដែលបានធ្វើមជ្ឈ​ដ្នាននៅមានភាពមន្ទិលសង្ស័យនោះត្រង់ថា ១-ឈ្មោះ វ៉េង ដារិទ្ធ ចូល​គោះ​ទ្វារបន្ទប់​មិន​ឮ​ឆ្លើយ រុញទៅឃើញជនរងគ្រោះស្លាប់ ដោយគ្រាប់កាំភ្លើងក្នុងថ្លុកឈាម ​។ ២-សង្ស័យគ្រាប់បៀម​ជាប់ក្បាល​ជនរងគ្រោះ ៣-ផ្ទះជនរងគ្រោះមានបំពាក់កាមេរ៉ាសុវត្ថិ​ភាពគ្រប់កន្លែង ដូច្នោះ​នោះ​ជា​សញ្ញា​​មួយ​​កំណត់ មិនពិបាកធ្វើឱ្យ​សមត្តកិច្ចបើកការសើុបអង្កេត​ទេ ។

ហើយការសន្និដ្ឋានជាអំពើអត្តឃាត​ដោយវិបត្ត ក៏នៅមិនទាន់គ្រប់គ្រាន់ពីដើមចមនៅវិបត្ត​ិ​រហូតដល់​ជន​រង​គ្រោះខ្លះថា ងារ​ជា​ឧកញ៉ា និងមានឋានន្ទរស័​ក្តិថ្នាក់ឧត្តមសេនីយ៍នគរបាលជាតិមួយរូប ជាមនុស្ស​មានកិតិ្តយស មានចំណេះដឹងខ្ពង់ខ្ពស់ តើអាថ៌កំបាំង(វិបត្ត)នោះ ដល់កម្រិតណា គួរ​តែមានការស្រាយ​បំភ្លឺឱ្យ​បានច្បាស់បន្តិច ទើបអស់ការសង្ស័យ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]