ថៃ៖ ចោរស្ទើរភ្លើងម្នាក់ព្យាយាមលួចខ្សែកមាសរត់គេច តែបានចាញ់អន្ទាក់ម្ចាស់ហាងយ៉ាងចាស់ដៃ។

យោងតាមខ្សែវីដេអូរបស់កាមេរ៉ាសុវត្ថិភាពក្នុងហាងលក់មាសមួយកន្លែងបានបង្ហាញថា ម្ចាស់ហាងដឹងមុននូវគោលបំណងរបស់លោកចោរស្ទើរភ្លើងម្នាក់នេះ ដែលមានគម្រោងយកខ្សែកមាសបម្រុងលួចរត់ចេញទៅក្រៅ។ គាត់បានបញ្ជាទ្វារឲ្យបិទសោរពីក្នុងហាងរួចជាស្រេច មុនពេលចោរធ្វើសកម្មភាព។

ចោរកំពុងបន្លំពាក់ខ្សែកមាស

យោងតាមសារព័ត៌មាន Dailymail ដែលបានចេញផ្សាយក្នុងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នេះបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះកើតឡើងក្នុងខេត្តចុនបុរី ប្រទេសថៃ។ បុរសឈ្មោះ Suphachai Panthong អាយុ២៧ឆ្នាំ  ជាចោរស្ទើរភ្លើងដែលបានធ្វើសកម្មភាពបន្លំភ្នែកម្ចាស់ហាង ប្រុងលួចខ្សែកមាសរត់។

គួរបញ្ជាក់ថា ខ្សែកមាសដែលចោរ Panthong បម្រុងយកទៅនេះមានតម្លៃប្រមាណ ៦៣៦ដុល្លារអាមេរិក។ 

ចំណែកឯលោក Jarae Nitikarun អាយុ៤១ឆ្នាំ ជាម្ចាស់ហាងលក់មាសខាងលើ។​ មុនពេលកើតហេតុ ម្ចាស់ហាងដ៏ឈ្លាសវៃម្នាក់នេះ បានបង្ការទុកជាមុន ដោយលោកបានបញ្ជាបិទទ្វារសុវត្ថិភាពក្នុងហាងបាត់ទៅហើយ។  

ពេលដែលចោរ មិនអាចបើកទ្វារចេញទៅក្រៅបាន។ លោក Nitikarun ដែលជាម្ចាស់ហាង បានសម្លុតឲ្យចោរស្ទើរភ្លើងយកខ្សែកប្រគល់ឲ្យគាត់វិញ។

យោងតាមសម្តីរបស់ចោរប្រុសម្នាក់នេះបានឲ្យដឹងថា “ខ្ញុំដាក់ម៉ូតូនៅក្រៅ។ ហើយខ្ញុំក៏ដើរចូលមកក្នុងហាង។ ខ្ញុំក៏មិនមានអាវុធអ្វីដើម្បីយកមកគំរាមកំហែងម្ចាស់ហាងដែរ។ ខ្ញុំគ្រាន់តែចង់បានប្រាក់បន្ថែមខ្លះ ព្រោះខ្ញុំទើបតែបាត់បង់ការងារ"។

ឥឡូវនេះ ចោរស្ទើរភ្លើងត្រូវបានសមត្ថកិច្ចថៃចាប់យកទៅឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់៕

មានវីដេអូនៅខាងក្រោម៖

ពេលចោរធ្វើសកម្មភាព
ពេលបើកទ្វារហាងមិនចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]