កំពង់ចាម៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបន្តចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តចំនួន ៥ ប្រចាំឆ្នាំ ២០១៨ របស់គណៈកម្មការមូលបត្រកម្ពុជានាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៨ នៅសណ្ឋាគារ LBN Asian Hotel ខេត្តកំពង់ចាម ដែលជាគោលដៅទីពីរក្នុងចំណោមខេត្តទាំងប្រាំ បន្ទាប់ពីគោលដៅទីមួយនៅខេត្តព្រះសីហនុត្រូវបានបញ្ចប់កាលពីសប្ដាហ៍មុន។ ភ្ជាប់ជាមួយនឹងប្រធានបទ «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា» សិក្ខាសាលាតាមបណ្ដាខេត្តនេះ មានគោលបំណងផ្សព្វផ្សាយ និងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា កសាងទំនុកចិត្តរបស់វិនិយោគិន និងផ្ដល់ឱ្យវិនិយោគិននូវជំនាញ និងយុទ្ធសាស្រ្ដចាំបាច់សម្រាប់ការវិនិយោគមួយនេះ។

សិក្ខាសាលានៅខេត្តកំពង់ចាម

ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺជាគោលដៅបន្ទាប់ ដែលខេត្តទាំងអស់នេះ ត្រូវបានចាត់ទុកជាខេត្តសក្ដានុពលខ្ពស់ ដោយសារតែចំនួនប្រជាជន ប្រវត្តិវិនិយោគ និងកម្រិតជីវភាពរបស់ប្រជាជន។

អញ្ជើញចូលរួមជាគណៈធិបតីក្នុងសិក្ខាសាលានៅខេត្តកំពង់ចាម ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា និងការសម្រួលដល់ការរីកលូតលាស់នៃទីផ្សារស្របច្បាប់។ ឯកឧត្តមក៏បានលើកទឺកចិត្តដល់ក្រុមហ៊ុនឈ្មួញជើងសាក្នុងការផ្សព្វផ្សាយជាសាធារណៈនូវគោលនយោបាយការពារវិនិយោគិន ក៏ដូចជាវិធីសាស្រ្តការពារហានិភ័យផងដែរ។

លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ ការរីកចម្រើននៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក្របខ័ណ្ឌបទប្បញ្ញាតិ បញ្ហាប្រឈម និងផែនការរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការអភិវឌ្ឍវិស័យឧបករណ៍និស្សន្ទបន្ថែមទៀត។

តាមរយៈការចូលរួមរបស់ក្រុមហ៊ុននៅក្នុងគ្រប់ព្រឹត្តិការណ៍ទាំងអស់នៃគណៈកម្មការមូលបត្រកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនបទដ្ឋាននៃទីផ្សារហិរញ្ញវត្ថុកម្ពុជាឱ្យស្របនឹងបទដ្ឋានអន្តរជាតិក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញនូវឧទាហរណ៍ជាក់ស្ដែងមួយនៃភាពមានវិជ្ជាជីវៈពិតប្រាកដ ហើយបានជម្រុញឱ្យក្រុមហ៊ុនឧបករណ៍និស្សន្ទផ្សេងៗទៀតធ្វើការប្រកួតប្រជែងប្រកបដោយភាពវិជ្ជមាន។

សិក្ខាសាលានៅខេត្តកំពង់ចាម

ក្នុងនាមជាវាគ្មិនកិត្តិយសលោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានក្ដីសោមនស្សរីករាយក្នុងការចូលរួមក្នុងសិក្ខាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ ២០១៨ ជាមួយគណៈកម្មការមូលបត្រកម្ពុជា ហើយបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការយល់ដឹងលើការជួញដូរឧបករណ៍ហិរញ្ញវត្ថុឱ្យទូលំទូលាយ គឺជាការងារចម្បងមួយរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។

នៅដើមឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងពិព័រណ៍អន្តរជាតិមួយនៅប្រទេសសាយប្រឺស ហើយក្រុមហ៊ុន ក៏បានចូលរួមក្នុងពិព័រណ៍អន្តរជាតិដ៏ធំ “2018 London Summit” នៅប្រទេសអង់គ្លេស ក្នុងខែវិច្ឆិកានេះផងដែរ។ នៅទីនោះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាក្រុមហ៊ុនតែមួយគត់ ដែលមកពីប្រទេសកម្ពុជា និងតំបន់អាស៊ី ហើយបានបង្ហាញពីវប្បធម៌ និងឱកាសវិនិយោគជាច្រើនសម្រាប់វិនិយោគិនបរទេសប្រកបដោយមោទកភាព។

លោក Lawrence បានបន្ថែមថា៖

«ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា កំពុងបន្តឆ្ពោះទៅរកសក្តានុពលពេញលេញរបស់វា។ ក្រុមហ៊ុនឈ្មួញជើងសាមកពីបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសជប៉ុន ប្រទេសចិន និងប្រទេសវៀតណាមបានចូលរួមជាមួយពួកយើង ហើយក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បាននាំយកទីផ្សារឧបករណ៍និស្សន្ទកម្ពុជាទៅលើឆាកអន្តរជាតិ»។

លទ្ធផលនៃសិក្ខាសាលានៅខេត្តកំពង់ចាម គឺល្អគួរឱ្យកត់សម្គាល់។ អ្នកចូលរួមជាង ១៨០ នាក់ បានបង្ហាញពីចំណាប់អារម្មណ៍ពិតៗរបស់ពួកគេទៅលើការវិនិយោគលើឧបករណ៍និស្សន្ទ ដែលជាសញ្ញានៃអនាគតភ្លឺស្វាងរបស់វិស័យឧបករណ៍និស្សន្ទនៅកម្ពុជា៕

សិក្ខាសាលានៅខេត្តកំពង់ចាម
សិក្ខាសាលានៅខេត្តកំពង់ចាម
សិក្ខាសាលានៅខេត្តកំពង់ចាម
សិក្ខាសាលានៅខេត្តកំពង់ចាម
សិក្ខាសាលានៅខេត្តកំពង់ចាម
សិក្ខាសាលានៅខេត្តកំពង់ចាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]