ឥណ្ឌា៖ ស្រ្តីវ័យចំណាស់ជនជាតិឥណ្ឌាម្នាក់ កើតមានជំងឺកម្រម្យ៉ាង រហូតបង្ខំចិត្តចុះត្រាំខ្លួនក្នុងទឹកបឹងរៀងរាល់ថ្ងៃ តាំងពីព្រលឹមទល់ព្រលប់ ខណៈបើគិតមកទល់ពេលនេះ អស់រយៈពេលជាង ២០ឆ្នាំ។

តាមការរាយការណ៍ពីសារព័ត៌មាន Oddity ស្រ្តីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Pataruni Gosh មានអាយុ ៦៥ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងភូមិមួយ ក្នុងរដ្ឋ West Bengal ប្រទេសឥណ្ឌា។

អ្នកស្រី Pataruni តែងក្រោកពីព្រលឹម ពោលគឺតាំងពីមុនថ្ងៃរះ និងដើរទៅកាន់ទឹកបឹងមួយកន្លែងឆ្ងាយពីផ្ទះ ដើម្បីត្រាំខ្លួនត្រឹម.ក លុះថ្ងៃលិចទើបត្រលប់មកផ្ទះវិញ។ អ្នកស្រី Pataruni ធ្វើសកម្មភាពបែបនេះ និងជាងរៀងរាល់ថ្ងៃ តាំងពីកំឡុងឆ្នាំ១៩៩៨ មកម៉្លេះ បើគិតមកទល់ពេលនេះ រយៈពេល២ទសវត្សរ៍ (២០ឆ្នាំ) ហើយ។

ជុំវិញនឹងរឿងរ៉ាវដ៏ចម្លែកនេះ តាមប្រភពបានឲ្យដឹងថា នេះក៏ព្រោះតែអ្នកស្រី Pataruni កើតមានជំងឺកម្រម្យ៉ាង ដែលលក្ខខណ្ឌអាក្រក់នៃជំងឺនោះ បានបង្កឲ្យស្បែករបស់អ្នកស្រីរងការរលាក ក្តៅក្រហាយ ដំបៅ និងឈឺចុកចាប់។

ប្រភពដដែលបន្តថា អ្នកស្រី Pataruni ចំណាយពេលធ្វើទម្លាប់បែបនេះ យ៉ាងហោចណាស់ ១២ ទៅ ១៤ម៉ោង ក្នុងមួយថ្ងៃ។ ដោយសារតែ រស់នៅក្នុងតំបន់ដាច់ស្រយាល និងស្ថានភាពគ្រួសារក្រីក្រ ទើបធ្វើឲ្យអ្នកស្រី Pataruni ពុំមានលទ្ធភាពទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។

ជីវិតរស់នៅដ៏កំសត់របស់អ្នកស្រី Pataruni គឺបានត្រឹមតែងើបពីគេង ទៅត្រាំទឹក នឹងត្រលប់មកផ្ទះវិញគេងទៀតតែប៉ុណ្ណោះ ព្រោះតែស្បែករបស់គាត់ពុំអាចត្រូវនឹងកម្ដៅថ្ងៃបានឡើយ។

បើនិយាយពីរឿងហូបចុកវិញ ជារៀងរាល់ថ្ងៃ អ្នកស្រី Pataruni ហូបបាយតែបន្តិចបន្តួច និងបន្លែខ្លះៗតែប៉ុណ្ណោះ ព្រោះតែស្ថានភាពជំងឺធ្វើឲ្យគាត់បាត់បង់ចំណង់អាហារ។ ហើយរាល់ការហូបចុកនោះ អ្នកស្រី Pataruni តែងត្រូវបានគ្រួសាររបស់គាត់យកមកឲ្យ ហើយគាត់ហូបវាទាំងត្រាំខ្លួននៅក្នុងទឹកនោះតែម្តង។

ជាការពិតណាស់ ថ្វីបើអ្នកស្រី Pataruni ត្រាំខ្លួនក្នុងទឹកបែបនេះរាល់ថ្ងៃមែន ប៉ុន្តែគាត់ក៏មិនអាចទ្រាំបានយូរដែរ ប្រសិនបើគ្មានអ្នកនៅក្បែរគាត់នោះ។ ពោលគឺ សមាជិកគ្រួសារគាត់ និងអ្នកភូមិផ្សេងទៀត ពួកគេក៏តែងតែមកមើលអ្នកស្រីជាទៀងទាត់ដូចគ្នា ដើម្បីបានកំដរនិយាយលេងជាមួយនឹងគាត់ និងធានាឲ្យបានថាគាត់ពុំមានបញ្ហាអ្វីកើតឡើង (ដូចជាខ្យល់គជាដើម) ។

ក្រុមគ្រួសាររបស់អ្នកស្រី Pataruni ក៏បានសម្ដែងទុក្ខក្រៀមក្រំ និងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ព្រោះតែពួកគេមិនដឹងថា ត្រូវធ្វើយ៉ាងណាដើម្បីអាចជួយអ្នកស្រី Pataruni ដូចរាល់ថ្ងៃនេះ។

គួរឲ្យដឹងផងដែរថា អ្នកភូមិជាច្រើនក៏បានសម្ដែងការព្រួយបារម្ភដូចគ្នា ហើយពួកគេក៏មានជំនឿបែបអរូបីថា នៅថ្ងៃណាមួយអ្នកស្រី Pataruni អាចនឹងត្រូវក្លាយទៅជាវិញ្ញាណនៅទីនោះក៏ថាបាន (ឬខ្មោចទឹក) ព្រោះតែគាត់ចំណាយពេលរាប់ម៉ោងនៅក្នុងទឹក និងអស់ពេលជាច្រើនឆ្នាំទៀត។

តែទោះយ៉ាងណាក្តី ក្រុមគ្រួសាររបស់អ្នកស្រី Pataruni វិញ ក៏សង្ឃឹមដែរថា នៅថ្ងៃណាមួយពួកគេនឹងអាចមានលទ្ធភាព នាំអ្នកស្រីទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]