ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឱ្យ​ដឹងថា កុមារាអាយុ​៣ឆ្នាំ​ដែលបាត់ខ្លួន ហើយម្ដាយ​ដើរ​ស្វែង​រក​គ្រប់​ទី​កន្លែង​ទាំងយំបោកខ្លួន​ផង​នោះ​ ត្រូវបានគេប្រទះឃើញក្លាយជាសាកសព​អណ្ដែតទឹក​យ៉ាង​អាណោច​អធ័ម​បំផុត​នៅក្នុងស្ទឹងសង្កែ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី០៥ ធ្នូ ​ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេ​សង្ស័យជាបឋម​ថា អាច​ស្លាប់ដោយសារលង់ទឹក ។

កុមារានោះ ​ឈ្មោះដេត រ៉ាឌីន អាយុ០៣ឆ្នាំ ។ កុមារានេះ បានបាត់ខ្លួនកាលពីវេលាម៉ោង​៩ និង៣០នាទីព្រឹក​ថ្ងៃទី០៤ ធ្នូ ។ នេះបើតាមការអះអាងរបស់អ្នកស្រីឡុង ចន្ថា អាយុ៣៩ឆ្នាំ ជាម្ដាយកុមាររងគ្រោះ ដែល​បាន​ដាក់ពាក្យបណ្ដឹងទៅកាន់អធិការនគរបាលក្រុងបាត់ដំបង ។

អ្នកស្រី ឡុង ចន្ថា រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ និងមានមុខរបរកែសម្ផស្ស​នៅក្នុងផ្សារណាត់ ក្នុងក្រុងបាត់ដំបង ។ គាត់បានប្រាប់សមត្ថកិច្ចថា ពេលគាត់កំពុង​ធ្វើក្រចកឱ្យភ្ញៀវប្រហែល១០នាទី​ប៉ុណ្ណោះ ស្រាប់តែបាត់កូនប្រុសពីតូប ហើយគាត់បានស្វែងរករហូត តែរកមិនឃើញ លុះនៅព្រឹកថ្ងៃទី៥ ធ្នូ ស្រាប់តែប្រទះឃើញក្លាយជាសាកសពអណ្ដែតទឹកយ៉ាងខ្លោចផ្សារក្រៃលែង ។ 

បើតាមសាក្សីបាននិយាយថា គេបានឮក្មេងៗនៅម្ដុំផ្សារណាត់និយាយថា ពេលដែលបាត់ពីក្នុងតូបម្ដាយ កុមារានេះ គេឃើញដើរទៅចុះហែលទឹកស្ទឹងសង្កែ​ជាមួយក្មេងៗ​ប៉ុន្មាន​នាក់​ទៀត​ដែរ នៅខាងកើត​ផ្សារ​ណាត់នោះ តែពួកក្មេងៗទាំងនោះមិនបានដឹងថា កុមារាដេត រ៉ាឌីន លង់ទឹកទេ ពួកគេស្មានថា កុមារា​នោះ​ឡើងគោកវិញហើយ។

នៅក្នុងបណ្ដាញសង្គមនានា គេបានផ្សព្វផ្យាយអំពីសកម្មភាពអ្នកស្រី ឡុង ចន្ថា ជិះម៉ូតូស្វែងរកកូនប្រុស​ជាទីស្រលាញ់ទាំងទឹកភ្នែក ស្រែកអំពាវនាវសុំឱ្យ​មហាជនជួយរកកូន ។ ប៉ុន្តែគួរឲ្យអាសូរពន់​ពេក​ណាស់ ពេល​រកឃើញកូនប្រុសវិញ​ បែរជាត្រូវបាត់បង់កូនជាទីស្រលាញ់ជារៀងរហូត…ពិតជារន្ធត់មែន ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]