ឥណ្ឌូនេស៊ី៖ ពស់ថ្លាន់ដ៏ធំសម្បើមមួយក្បាលត្រូវបានអ្នកស្រុកចាប់បាន នៅក្នុងព្រៃមួយកន្លែង ក្នុងតំបន់ Padang Pariaman ខេត្ត West Sumatra (លើកោះស៊ូម៉ាត្រា) ប្រទេសឥណ្ឌូនេស៊ី ក្រោយវាចង់ធ្វើស៊ីទៅលើបុរសជាអ្នកនេសាទម្នាក់។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ មានក្រុមបុរសជាអ្នកនេសាទ ៦នាក់ បានដើររកត្រីនៅក្នុងតំបន់ព្រៃខាងលើនេះ។ ក្រោយមកក៏ស្រាប់តែម្នាក់ ក្នុងចំណោមពួកគេ បានដើរជាន់ពីលើពស់ថ្លាន់ដ៏ធំនេះ ព្រោះតែគាត់ស្មានតែវាជាគល់ឧស ទើបក្រោយមកបានដឹងថា វាគឺជាពស់ថ្លាន់ដែលនៅរស់ជីវិត។

ភ្លាមៗនោះ ពស់ថ្លាន់ដ៏ធំនេះ ក៏ស្រាប់តែរើបម្រាសរមូលខ្លួន រឹតក.ជើងបុរសដែលជាអ្នកនេសាទនោះតែម្តង។ ក្រោយឃើញហេតុការណ៍ដូចនេះ ក្រុមអ្នកនេសាទដែលមកជាមួយគ្នាប៉ុន្មាននាក់ខាងលើនេះ ក៏បាននាំគ្នាស្ទុះស្ទាចាប់ពស់ថ្លាន់នោះចេញ ដើម្បីជួយបុរសរងគ្រោះ ដោយចំណាយពេលអស់ជាច្រើននាទីផងដែរ។

ក្រុមអ្នកនេសាទខាងលើនិយាយថា ពួកគេគ្រាន់តែមកដើររកត្រីប៉ុណ្ណោះ ប៉ុន្តែស្រាប់តែប៉ះចំរង្វាន់ធំ ពស់ថ្លាន់នេះតែម្តង ហើយវាក៏ធ្វើឲ្យពួកគេភិតភ័យមិនស្ទើរនោះដែរ។ ដោយសារតែ សាសនាហាមឃាត់ ទើបពួកគេមិនយកវាទៅធ្វើម្ហូប និងបរិភោគសាច់ពស់នោះឡើយ ដោយគ្រាន់តែចាប់វាយកទៅទុកតែប៉ុណ្ណោះ។

ពស់ថ្លាន់យក្សដែលចាប់បាននោះ ត្រូវបានគេដឹងថា វាមានទម្ងន់រហូតដល់ទៅ ១០០គីឡូក្រាមឯណោះ ជាមួយនឹងប្រវែង ២៧ហ្វីត (ឬប្រហែលជាង ៨ម៉ែត្រ)។

រូបភាពក្នុងថ្ងៃកើតហេតុ

គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុក្រុមអ្នកនេសាទខាងលើនេះ ក៏បានចាប់យកពស់ថ្លាន់យក្សនេះទៅដាក់ទុកក្នុងទ្រុងដែក ដោយរក្សាវាទុកបានអស់ជាច្រើនថ្ងៃមកហើយ។ ខណៈទើបតែកាលពីថ្មីៗនេះ ក្រុមមន្រ្តីសត្វព្រៃក្នុងតំបន់ ក៏បាននាំយកវាទៅព្រលែងចូលក្នុងព្រៃជ្រៅវិញ ឆ្ងាយពីផ្ទះសំបែងប្រជាពលរដ្ឋ។

គួរឲ្យដឹងបន្ថែមទៀតថា ពស់ថ្លាន់អម្បូរ Python Reticulatus នេះ ក៏ត្រូវបានគេដឹងថា វាអាចធំលូតលាស់បានរហូតដល់ទៅ ៣០ហ្វីត (ឬប្រហែលជាង ៩ម៉ែត្រ) ជាមួយនឹងទម្ងន់អាចដល់ខ្ទង់ ១៦០គីឡូក្រាម ឬលើសនេះ។ វាក៏ត្រូវបានគេចាត់ទុកថា ជាពស់ថ្លាន់ដែលមានប្រវែង វែងជាងគេបង្អស់លើពិភពលោកផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]