ភ្នំពេញ៖ គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ និងលោក​ ខេមរៈ សិរីមន្ត ត្រូវគេប្រដូចជាខ្លាឈ្មោលលើភ្នំហង្សមាសតែមួយ ដែលមិនត្រឹមតែមានអ្នកយល់ថាតារាទាំងពីរឈរនៅលើមាគ៌ាប្រកួតប្រជែងគ្នាទាំងសិល្បៈ និងជីវិតឯកជននោះទេ សូម្បីតែអ្នកគាំទ្ររបស់តារាទាំងពីរក៏កាច់កុងគ្នា ដើម្បីលើកស្ទួយតារាដែលខ្លួនពេញចិត្តម្ខាងៗ មិនសូវចុះសម្រុងនឹងគ្នាផងដែរ។ យ៉ាងណាមិញអ្នកទាំងពីរបែរជាធ្វើឱ្យម្នាក់ៗភ្ញាក់ផ្អើល បន្ទាប់ពីមានដំណឹងថាតារាទាំងពីរបានចំណាយទុនច្រើនលានដុល្លារបើកជំនួញរួមគ្នា ដែលនេះគឺជាដំណឹងបិទបញ្ចប់ចំពោះការយល់ថានៅខាងក្រៅឆាកអ្នកទាំងពីរមិនសូវចុះសម្រុងនឹងគ្នា។

ព្រាប សុវត្ថិ និង​ ខេមរៈ សិរីមន្ត

យោងតាមការបង្ហោះលើផេកបុរីឡេងណាវ៉ាត់ត្រាបានអះអាងថាលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ក្រោយពីទទួលបានជោគជ័យក្នុងគម្រោងដីធ្លីពុះលក់រៀងខ្លួន អ្នកទាំងពីរបានសម្រេចចិត្តបោះទុនរួមគ្នាតែមួយ ជាមួយក្រុមហ៊ុនឡេងណាវ៉ាត់ត្រាតែម្ដង ដោយគម្រោងថ្មីនេះគឺធំជាងគម្រោងមុនៗទ្វេរដង ហើយសម្រាប់ដើមទុនក៏មិនតិចជាង ២០ លានដុល្លារ។ ការបង្ហោះបញ្ជាក់ថាអ្នកទាំងពីរ មិនត្រឹមតែបើកគម្រោងថ្មីពុះលក់ដីឡូតិ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាយទុនសង់វីឡាដាក់លក់ ដែលនេះគឺជាគម្រោងមហាសេដ្ឋី ដែលមិនធ្លាប់មានសម្រាប់តារាចម្រៀងនៅក្នុងពិភពសិល្បៈ។

លោក ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថាលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ពិតជាចំណាយទុនបើកគម្រោងរកស៊ីចូលគ្នាពិតមែន ដោយគម្រោងថ្មីនេះ គឺមិនមានរវាងលោក និងលោក ព្រាប សុវត្ថិ ឬរវាងលោក និងលោក ខេមរៈ សិរីមន្ត ដាច់គ្នាដូចមុននោះទេ ប៉ុន្តែគឺជាគម្រោងបោះទុនរួមគ្នាទាំំង ៣ បញ្ចូលគ្នាតែម្ដង ដើម្បីឱ្យបានដើមទុនច្រើន ហើយឈានទៅសង់វីឡាដាក់លក់នោះផង។

លោកថាគម្រោងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត រួមគ្នានោះ ស្ថិតនៅម្ដុំព្រៃទទឹងលើផ្លូវជាតិលេខ ៣ ក្បែរៗគម្រោងចាស់ ប៉ុន្តែជាគម្រោងសង់វីឡា និងពុះឡូតិ៍រួមគ្នា ដោយគ្រាន់តែដើមទុនគឺយ៉ាងហោចក៏ ២០ លានដុល្លារ ដោយមិនទាន់បញ្ចូលការចំណាយលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងចំណាយបន្ទាប់បន្សំដែលមើលមិនឃើញនោះផង។ អ្វីដែលសំខាន់គឺគម្រោងធំនេះ មានដីរហូតដល់ជាង ៥០ ហិកតា ហើយប្រើទុនខ្ពស់ ដែលលោកបានហៅការចូលហ៊ុនរបស់លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ជាមួយនឹងលោករួមគ្នាជាបីហ៊ុននាពេលនេះថា ជាការជួយដំណើរការបើកជំនួញដីធ្លីរបស់លោកដើរលឿន។

ព្រាប សុវត្ថិ ឡេង ណាវ៉ាត់ត្រា និងខេមរៈ សិរីមន្ត

នៅមិនទាន់ដឹងថាលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បោះទុនក្នុងម្នាក់ប៉ុន្មានលានដុល្លារនោះទេ ប៉ុន្តែអ្វីដែលលោក ឡេង ណាវ៉ាត់ត្រា បានទម្លាយគឺបញ្ជាក់យ៉ាងច្បាស់ថា កំពូលតារាចម្រៀងទាំងពីរមិនបានកាច់កុងគ្នាដូចអ្វីដែលមានការយល់ច្រលំនោះទេ។ ផ្ទុយទៅវិញ បើទោះជាមើលមួយភ្លែត គឺអ្នកទាំងពីរប្រកួតប្រជែងគ្នាដណ្ដើមប្រជាប្រិយភាព និងទីផ្សារសិល្បៈ តែសម្រាប់ទំនាក់ទំនងខាងក្រៅសិល្បៈ គឺអ្នកទាំងពីរជាដៃគូជំនួញយល់ចិត្តគ្នា ទើបឈានដល់ការបោះទុនម្នាក់ៗមិនតិចជាងលានដុល្លារ ជាមួយនឹងលោក ឡេង ណាវ៉ាត់ត្រា បើកគម្រោងពុះឡូតិ៍រួមគ្នា និងមានសង់វីឡាលក់ផង ដែលនេះគឺជាជំនួញមិនធម្មតា៕ 

ព្រាប សុវត្ថិ ឡេង ណាវ៉ាត់ត្រា និងខេមរៈ សិរីមន្ត
គម្រោងពុះដីឡូតិ៍លក់របស់អ្នកទាំងបី
គម្រោងពុះដីឡូតិ៍លក់របស់អ្នកទាំងបី
គម្រោងពុះដីឡូតិ៍លក់របស់អ្នកទាំងបី
គម្រោងពុះដីឡូតិ៍លក់របស់អ្នកទាំងបី
គម្រោងពុះដីឡូតិ៍លក់របស់អ្នកទាំងបី
គម្រោងសង់វីឡាលក់រួមគ្នា
គម្រោងសង់វីឡាលក់រួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ