អាមេរិក៖ អ្នកវិទ្យាសាស្ត្រគ្រោងចម្លងតាមឥទ្ធិពលនៃបន្ទុះភ្នំភ្លើងដ៏ធំមួយ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងនៃកម្តៅផែនដី ដែលជាផ្នែកមួយនៃការពិសោធន៍ដោយត្រូវចំណាយប្រាក់ខ្ទង់ ៣លានដុល្លារ ហើយមួយផ្នែកនៃថវិកាសរុប ត្រូវបានផ្តល់ដោយមូលនិធិរបស់មហាសេដ្ឋី Microsoft គឺលោក Bill Gates ។

មហាសេដ្ឋី Bill Gates

ក្រុមការងារមួយមកពីសាកលវិទ្យាល័យ Harvard នឹងបាចសាចរូបធាតុដី-សតូចៗ ចូលក្នុងបរិយាកាសផែនដីនៅកម្ពស់ ១២ ម៉ៃល៍ ដើម្បីចាំងផ្លាតកាំរស្មីព្រះអាទិត្យមួយចំនួនត្រឡប់ទៅលំហអាកាសវិញ។ គេសង្ឃឹមថាការធ្វើបែបនេះនឹងផ្តល់លទ្ធផលស្រដៀងទៅនឹងបន្ទុះភ្នំភ្លើងយក្សពីណាធូបូ ក្នុងប្រទេសហ្វ៊ីលីពីន (Sulphur Dioxide) កាលពីឆ្នាំ ១៩៩១ ដោយបំភាយឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត ២០ លានតោន ហើយធ្វើឱ្យភពផែនដីទាំងមូលចុះកម្តៅបាន ០.៥ អង្សារសេ ក្នុងរយៈពេល ១៨ ខែ។

គួរបញ្ជាក់ថា គោលដៅសំខាន់គឺដើម្បីកាត់បន្ថយផលប៉ះពាល់អាក្រក់បំផុត ដែលបណ្តាលមកពីបម្រែបម្រួលបរិយាកាស ដោយសង្ឃឹមថាអាចសង្គ្រោះផ្កាថ្មប៉ប្រះទឹក និងការរលាយនៃផ្ទាំងទឹកកកតំបន់ប៉ូល ដោយបង្ហោះបាឡុងមួយគ្រឿងដែលអាចបញ្ជាបាន ទៅតំបន់និរតីនៃសហរដ្ឋអាមេរិកឱ្យបានមុនខែកក្កដាឆ្នាំក្រោយ។ បន្ទាប់មក បាឡុងនោះនឹងបញ្ចេញកូនយន្តហោះតូចៗដែលផ្ទុកកាល់ស្យូមកាបូណាត (កម្ទេចដីស.ល្អិតៗ) ក្នុងកម្ពស់ដូចរៀបរាប់ខាដើម។ ពេលនោះអ្នកវិទ្យាសាស្ត្រនឹងវាស់ស្ទង់ ថាតើវាជះឥទ្ធិលចំពោះពន្លឺព្រះអាទិត្យបានកម្រិតណា។  

បន្ទុះភ្នំភ្លើងពីណាធូបូ

ទោះយ៉ាងណា ក្រុមអ្នករិះគន់បានលើកឡើងថា ការបាចរូបធាតុក្នុងវិធីនេះអាចធ្វើឱ្យខូចស្រទាប់អូហ្សូន និងរារាំងលំនាំភ្លៀង ដែលអាចបង្កគ្រោះរាំងស្ងួតក្នុងតំបន់មួយចំនួន។ មិនត្រឹមប៉ុណ្ណោះវាថែមទាំងបង្វែរការចាប់អារម្មណ៍ពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទៀតផង។ នេះបើយោងតាមសារព័ត៌មាន The Times ៕

កាល់ស្យូមកាបូណាត
ផ្កាថ្មប៉ប្រះទឹក
ផ្ទាំងទឹកកកតំបន់ប៉ូល

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]