ចិន៖ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនមានការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងកាលពីពេលថ្មីៗនេះមានក្រុមហ៊ុនយក្សមួយនៅចិនគ្រោងផ្តល់សេវា WiFi ដោយឥតគិតថ្លៃដល់ពិភពលោកទាំងមូល តាមរយៈការបាញ់ផ្កាយរណបចំនួន ២៧២ គ្រឿងចូលទៅក្នុងលំហអាកាស។ នេះពិតជាដំណឹងល្អមែន!

រូបតំណាង

ផែនការដ៏អស្ចារ្យមួយនេះត្រូវបានដាក់បង្ហាញដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធើណេត LinkSure Network កាលពីថ្ងៃអង្គារទី ២៧ ខែវិច្ឆិកា កន្លងទៅនេះ។ យោងតាមសារព័ត៌មាន China Daily បានឲ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃនេះ មានមោទនភាពក្នុងការបង្កើតគម្រោងមួយនេះឡើង។

នាយកប្រតិបត្តិក្រុមហ៊ុនលោកវ៉ាង ជីងយីង (Wang Jingying) បានថ្លែងថា ទឹកប្រាក់ជាង ៣ ពាន់លានយ័ន (ប្រហែល ៤៣៨,៤១៧,០០០ ដុល្លារ) នឹងត្រូវបានវិនិយោគក្នុងផែនការមួយនេះ ហើយផ្កាយរណបទីមួយគឺ LinkSure-1 នឹងត្រូវបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបជូក្វា នៅខេត្តហ្គាន់ស៊ូនៅឆ្នាំក្រោយ។

រូបតំណាង

លើសពីនេះទៀត ក្រុមហ៊ុននេះនឹងបាញ់ផ្កាយរណបចំនួន ១០ គ្រឿងបន្ថែមទៀតនៅក្នុងឆ្នាំ ២០២០ ហើយគម្រោងនេះនឹងទទួលបានជោគជ័យពេញលេញនៅក្នុងឆ្នាំ ២០២៦ នៅពេលដែលផ្កាយរណបទាំង ២៧២ គ្រឿង ត្រូវបានបាញ់បង្ហោះចូលទៅក្នុងលំហអាកាស។ 

លោកវ៉ាងបានរៀបរាប់បន្ថែមទៀតថា៖

«នៅពេលដែលផ្កាយរណបទាំងនេះ ត្រូវបានបាញ់បង្ហោះទៅក្នុងលំហអាកាសបានជោគជ័យ មនុស្សនៅជុំវិញពិភពលោកទាំងអស់ អាចប្រើប្រាស់សេវាអ៊ីនធើណេតរបស់យើងបានដោយឥតគិតថ្លៃ។» 

ចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន LinkSure Network

គិតត្រឹមឆ្នាំ ២០១៧ មនុស្សជាង ៣.៩ ពាន់លាននាក់ជុំវិញពិភពលោក នៅមិនទាន់បានភ្ជាប់អ៊ីនធើណេត ហើយសង្ឃឹមថាគម្រោងដ៏មានមហិច្ឆតាមួយនេះនឹងអាចតភ្ជាប់មនុស្សគ្រប់គ្នា និងបង្កើតពិភពលោកដែលគ្មានដែនកំណត់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]