រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​វង្វេង​ផ្ទះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​យក​ទៅ​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​​៣ ខែធ្នូ ឆ្នាំ​២០១៨​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​នៅ​ម្តុំ​វត្ត​ទឹកថ្លា​បាន​វង្វេង​រក​ផ្ទះ​មិនឃើញ លុះ​ពេល​សួរនាំ ក្មេង​ប្រុស​ខាងលើ​គឺ​មិន​បាន​ចាំ​ផ្លូវ​ទៅ​ផ្ទះ និង​ឈ្មោះ​ឪពុក​ម្តាយ​របស់​ខ្លួន​នោះ​ទេ គឺ​គ្រាន់តែ​ចាំ​ថា ខ្លួន​ឈ្មោះ​ហេង មាន​អាយុ​៣​ឆ្នាំ​តែ​ប៉ុណ្ណោះ ទើប​ប្រជាពលរដ្ឋ​នាំ​ក្មេង​ប្រុសម្នាក់​​នោះ​ទៅ​ប្រគល់​ឲ្យ​កម្លាំង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹក​ដើម្បី​ឲ្យ​ជួយ​មើលថែ​និង​ស្វែងរក​អាណាព្យាបាល​របស់​ក្មេង​។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​សូម​ឲ្យ​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ដើម្បី​ឲ្យ​ឪពុក​ម្តាយ​ជ្រាប​ជា​ដំណឹង និង​មក​ទទួលយក​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ក្រោយមក​ក៏​មាន​បុរស​ម្នាក់​បាន​មក​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​អះអាង​ថា​ខ្លួន​ជា​ឪពុក​ក្មេង​ប្រុស​ខាងលើ ដែល​បាន​បាត់​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​កើតហេតុ ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ធ្វើការ​ហើយ​បាន​ដេក​លក់​នៅ​ក្នុងផ្ទះ​មួយភាំង លុះ​ភ្ញាក់​ឡើង​ស្រាប់តែ​បាត់​កូន​តែ​ម្តង​។

បើ​តាម​សម្តី​បុរស​​ខាងលើ​ឈ្មោះ សាក មិថុនា អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ​តារាអ៊ែ​រ​ផត ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​វត្ត​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវជា​ឪពុក​ក្មេង​ប្រុស​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​រូប​គាត់​គឺ​រស់នៅ​តែ​ម្នាក់ឯង ព្រោះ​គាត់​និង​ប្រពន្ធ​ដែល​ជា​ម្តាយ​ក្មេង​ប្រុស​ខាងលើ​មានរឿង​រកាំរកូស ហើយ​បាន​លែងលះ​ចែកផ្លូវ​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​បាន​ប្រគល់​កូនប្រុស​ឲ្យ​ទៅ​រស់នៅ​ខាង​ប្រពន្ធ នៅ​ឯ​ម្តុំ​ភូមិ​ឬ​ស្សី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ តាំងពី​ពេល​នោះ​រហូតមក​។

លុះ​កាលពី​ម្សិលមិញ​មុន​ថ្ងៃ​កើតហេតុ ដោយ​គាត់​នឹក​ក្មេង​ប្រុស​ខាងលើ​ដែល​ត្រូវជា​កូន​ខ្លាំង​ពេក ក៏​បាន​ទៅ​យក​មក​លេង​នៅ​ឯ​ផ្ទះ​របស់​គាត់​ម្តង រហូត​ដល់​ល្ងាច​ថ្ងៃ​កើតហេតុ ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ​ក៏​ទុក​អោយ​កូន​លេង​តែ​ម្នាក់ឯង រួច​គាត់​ក៏​ភ្លេចខ្លួន​ដេក​លក់​អស់​មួយ​ផាំង លុះ​ពេល​ភ្ញាក់​ឡើង​ក៏​បាត់​កូនប្រុស​របស់​គាត់​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ក៏​បាន​ធ្វើ​កិច្ចសន្យា​ប្រគល់​ក្មេង​ប្រុស​ខាងលើ​ទៅ​អោយ​បុរស​ជា​ឪពុក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]