ខេត្ដកណ្ដាលៈ ឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរដ៏គួរ ឱ្យរន្ធត់មួយបានកើតឡើងបណ្ដាលឱ្យមនុស្សពីរនាក់ រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែតជាបន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត ដោយសារស្ថានភាពផ្លូវកោងម៉ូតូបើកលឿនពេក ជ្រុលទៅបុកជាមួយរថយន្តយ៉ាងពេញទំហឹងកាលពី វេលាម៉ោង ១៣ និង១០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ស្ថិត នៅតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុង ភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។

ប្រភពព័ត៌មានពីនគរបាលចរាចរស្រុកស្អាង បានឱ្យដឹងថា នៅមុនពេកកើតហេតុលោក ម៉ន ចាន់ថន ភេទ ប្រុស អាយុ ២៣ឆ្នាំ ជាកសិករជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១១ គ្មាន ស្លាកលេខ ឌុបលោក ជុន គ្រី អាយុ ៥២ឆ្នាំ ក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ ដែល ផ្លូវមានស្ថានភាពកោងខ្លាំងនោះ ជនរងគ្រោះបានជិះម៉ូតូជ្រុលទៅបុកនឹងរថយន្តម៉ាកហ៊ីយ៉ានដាយ ប្រភេទតួរីស១២កៅអី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ញ.៤០៧០.ភព២ ដែលធ្វើដំណើរបញ្រ្ចាសទិស គ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូ ផ្លោងទៅដោយម៉ូតូ មនុស្សខ្ទាតទៅដោយមនុស្ស ហើយរងរបួស ទាំងពីរនាក់យ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមផងដែរ។

សមត្ថកិច្ចបានឲ្យដឹងផងដែរថា លោក ម៉ន ចាន់ថន ដែលជាអ្នកបើកបរម៉ូតូ រស់នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល រីឯលោក ជុន គ្រី ដែលជាអ្នករួមដំណើរនោះ រស់នៅភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបន្តថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ បណ្តាលអ្នកដំណើរនៅក្នុងរថយន្តតួរីសម្នាក់ រង របួសផងដែរ ព្រោះកញ្ចក់រថយន្តខ្ទាតត្រូវ។ រីឯបុរសជាអ្នកបើកបររថយន្តក្រោយពេលកើតហេតុ បាន គេចខ្លួនបាត់។

តែទោះជាយ៉ាងណាទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្អាង រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕

ដោយៈ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]